ជាតិ
លោក ហោ ណាំហុង ជា​ព្រះរាជតំណាង​ព្រះមហាក្សត្រ​ចូលរួម​បុណ្យជាតិ​កូរ៉េខាងជើង​នៅ​ព្យុងយ៉ាង
08, Sep 2018 , 2:42 pm        
រូបភាព
លោក ហោ ណាំហុង នាស​ន្និសី​ទ​សារព័ត៌មាន​មួយ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិភ្នំ​ពេញ​កាល​ពីឆ្នាំ​២០១១ (រូបភាព AFP)
លោក ហោ ណាំហុង នាស​ន្និសី​ទ​សារព័ត៌មាន​មួយ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិភ្នំ​ពេញ​កាល​ពីឆ្នាំ​២០១១ (រូបភាព AFP)
ដោយ: ថ្មីៗ
​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហោ ណាំហុង នឹងចូលរួម​ពិធីបុណ្យ​ខួប​ទី​៧០​ឆ្នាំ ថ្ងៃ​បង្កើត​កូរ៉េខាងជើង នៅ​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃទី​៩ ខែកញ្ញា​។ លោក ហោ ណាំហុង គឺជា​តំណាង​របស់​ព្រះមហាក្សត្រ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ទ្រង់​មិនអាច​យាង​ដោយផ្ទាល់​បាន​តាម​ការអញ្ជើញ​រប​ស់​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែកញ្ញា​។

 
 
​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៧ ខែកញ្ញា បាន​ចាកចេញ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង ដើម្បី​ចូលរួម​ខួប​ទី​៧០​ឆ្នាំ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (​កូរ៉េខាងជើង​) ដែល​នឹង​ង​រៀបចំ​នៅ​ថ្ងៃទី​៩ ខែកញ្ញា​។ មេដឹកនាំ​ពិភពលោក​ជាច្រើន ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ដែល​នឹង​រៀបចំឡើង​យ៉ាង​អធិកអធម​បំផុត​។​
 
​លោក គីម យ៉ុង​ណា​ម ដែលជា​ប្រមុខរដ្ឋ និង​ជា​ប្រធានសភា​កូរ៉េខាងជើង ក៏បាន​យាង​អញ្ជើញ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហ​មុន ព្រះមហាក្សត្រ​កម្ពុជា​ដែរ​។ ប៉ុន្តែ​ព្រះអង្គ​មិនអាច​យាង​ទៅបាន ទើប​ចាត់តាំង​លោក ហោ ណាំហុង ជា​ព្រះរាជតំណាង​ព្រះមហាក្សត្រ​។  
 
​សូមបញ្ជាក់ថា ទិវា​កំណើត​កូរ៉េខាងជើង គឺជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​មួយ​ក្នុងចំណោម​ពិធី​សំខាន់ៗ​របស់​កូរ៉េខាងជើង​។ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​១៩៤៨ លោក គីម អ៊ី​ល​ស៊ុ​ង បានប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ បន្ទាប់ពី​ការរំដោះ​ឧបទ្វីប​កូរ៉េ​ចេញពី​ការគ្រប់គ្រង​របស់​ទាហាន​ជប៉ុន​នៅ​ឆ្នាំ​១៩៤៥ ៕ 

Tag:
 កម្ពុជា​
  កូរ៉េខាងជើង​
  ហោ ណាំហុង
© រក្សាសិទ្ធិដោយ thmeythmey.com