ជាតិ
​​​ន​យោ​បាយ​ជាតិ​
អធិការបតី​អាល្លឺម៉ង់​សាទរ​សម្តេច ហើយ​ត្រៀម​ជួយ​កម្ពុជា​ពង្រឹង​ប្រជាធិបតេយ្យ និង​កិច្ចសន្ទនា​នយោបាយ​
08, Sep 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្គែ​ល បាន​ផ្ញើ​សារ​អបអរសាទរ​សម្តេច ហ៊ុន សែន ក្នុងឱកាស​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​សភា​នីតិកាល​ទី​ប្រាំមួយ​នៅ​ថ្ងៃទី ៦ ខែកញ្ញា​ឆ្នាំ ២០១៨​។ លោកស្រី​ក៏​សន្យា​ជួយ​កម្ពុជា​ពង្រឹង​ប្រជាធិបតេយ្យ និង​ធានា​កិច្ចសន្ទនា​នយោបាយ​ដោយ​បើកចំហ​ដែរ​។​


«​ខ្ញុំ​សូម​ជូនពរ​សម្តេច​ឲ្យ​ទទួលបាន​ជោគជ័យ​គ្រប់ប្រការ​ក្នុង​អាណត្តិ​ថ្មី​»​។ នេះ​ជាស​ម្តី​របស់​លោកស្រី មឺ​ហ្គែ​ល ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​អាល្លឺម៉ង់​ចុះផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​។​
 
​អធិការបតី​អាល្លឺម៉ង់​រូបនេះ​បាន​គូសបញ្ជាក់​ផងដែរ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​និង​ប្រទេស ក៏ដូចជា​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​អាល្លឺម៉ង់​ដែលមាន​កន្លងមក​ដែរ​ដែល​ផ្អែកលើ​ស្មារតី​នៃ​សន្ធិសញ្ញា​ក្រុងប៉ារីស​ឆ្នាំ ១៩៩១​។ 
 
«​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ​ឈរលើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឆ្នាំ ១៩៩១ ដែល​ធានា​ពី​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​គោលការណ៍​ប្រជាធិបតេយ្យ ព្រមទាំង​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី មឺ​ហ្គែ​ល​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។ 
 
​បន្ថែម​ពីលើ​ការ​ជូនពរ​នាយករដ្ឋមន្ត្រី​កម្ពុជា​ឲ្យ​ជោគជ័យ​ក្នុង​អាណត្តិ​ដឹកនាំ​ថ្មី ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា អាល្លឺម៉ង់​ត្រៀមខ្លួន​ដើម្បី​ជួយ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​ការសន្ទនា​នយោបាយ​នៅ​កម្ពុជា​ដែល​បើកចំហ​ដែរ​។ 
 
​លោកស្រី​និយាយ​បែបនេះ​៖ «​ចំពោះ​កិច្ច​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ការចូលរួម​តាមរយៈ​កិច្ចសន្ទនា​នយោបាយ​ដោយ​បើកចំហ​នៅ​កម្ពុជា សម្តេច​អាច​ពឹង​ផ្អែកលើ​អាល្លឺម៉ង់​បាន​»​។​
 
 សូមបញ្ជាក់ថា  រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​ប្រាំមួយ ត្រូវបាន​សភា​បោះឆ្នោត​គាំទ្រ​ជា​ផ្លូវការ​កាលពី​ថ្ងៃ ៦ ខែកញ្ញា​កន្លងទៅ​។ រដ្ឋាភិបាល​អាណត្តិ​ទី​ប្រាំមួយ​ដែលមាន​សម្តេច ហ៊ុន សែន​ជា​ប្រមុខ​នេះ គឺមាន​សមាជិក​ជា​រដ្ឋមន្ត្រី​ទាំង​២៨​រូប ដែល​ធ្លាប់​កាន់​ការងារ​ក្រសួង​នីមួយៗ​ក្នុង​អាណត្តិ​ទី​ប្រាំ​៕

Tag:
 អាល្លឺម៉ង់​
  សម្តេច ហ៊ុន សែន​
  អែន​ជេ​ឡា មឺ​ហ្គែ​ល​
 ​ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com