ជាតិ
Op-Ed របស់​ActionAid៖​ស្ត្រី​និយាយ​ចេញមក​ថា​៖ #​ខ្ញុំ​ដែរ​
09, Sep 2018 , 1:06 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ចុង​ឆ្នាំទៅ ក្នុង​រយៈពេល​ត្រឹមតែ​ជិត​មួយ​សប្តាហ៍ ស្ត្រី​នៅលើ​ពិភពលោក​ប្រហែល​១២​លាន​នាក់ បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​អំពើហិង្សា​ផ្លូវភេទ និង​ការ​បៀតបៀន​លើ​បណ្តាញ​សង្គម តាមរយៈ​សារ #​ខ្ញុំ​ដែរ​។ គោលដៅ​ចម្បង​នៃ​ចលនា​សង្គម​ដ៏​ផុសផុល​មួយ​នេះ គឺ​ដើម្បី​បង្ហាញថា “​ចំណុច​សំខាន់​នៃ​បញ្ហា​គឺ​ការនិយាយ​ចេញមក​”​។ វា​ក៏​សបញ្ជាក់​ឲ្យ​ឃើញថា អំពើហិង្សា​ផ្លូវភេទ មិនបាន​រើសអើង​ថា កើតឡើង​តែ​ក្នុងឋានៈ​សង្គម ឬ​ប្រទេស​ណាមួយ​នោះទេ ហើយ​វា​ក៏​មិនមែន​កើតឡើង​ដោយសារតែ​ការ​ស្លៀកពាក់​របស់​ស្ត្រី  កង្វះ​ភាព​នឹងធឹង ឬ​ភាពប្រាកដប្រជា ចំពោះ​ការសម្រេចចិត្ត​ក្នុង​ដើរចេញ ឬក៏​នៅតែ​បន្ត​ក្នុង​ទំនាក់ទំនង​ដៃគូ​នោះទេ​។ វា​កើតឡើង​ដោយសារ​ការចាក់​ឬ​ស​យ៉ាងជ្រៅ នៃ​អំណាច​ដែល​បុរស​ភាគច្រើន​យល់​ចំពោះ​រាងកាយ​របស់​ស្ត្រី វា​មិនមែន​ដោយសារតែ​បុរស​មិនល្អ​ដូចដែល​យើង​ឃើញ​ក្នុង​សារព័ត៌មាន​នោះទេ​។ ខណៈពេលដែល​ចលនា​នេះ នៅតែ​បន្ត​ក្នុង​រយៈពេល​៩​ខែ​មកនេះ បើ​ប្រៀបធៀប​មក ប្រទេស​កម្ពុជា​វិញ​ការចូលរួម និង​ការយល់ដឹង​ពី​ចលនា​នេះ​នៅមានកម្រិត​នៅឡើយ​។​

 
​ហេតុអ្វី​បានជា​ដូច្នេះ​? ចម្លើយ​អាច​ដោយសារ​ថា Twitter មិនមែនជា​កម្មវិធី​ដែល​ពេញនិយម ក្នុងចំណោម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​នៅក្នុង​បណ្តា​ប្រទេស​ដទៃទៀត​ដែល​ការប្រើប្រាស់ Twitter មាន​ចំនួន​តិច ចលនា #​ខ្ញុំ​ដែរ មានការ​ពេញនិយម​នៅលើ Facebook និង Google​។ កត្តា​មួយទៀត​អាច​ដោយសារតែ​ការយល់ឃើញថា ការនិយាយ​ចោទប្រកាន់ ឬ​បញ្ចេញ​ឈ្មោះ ឬ​បំបាក់មុខ​នរណាម្នាក់​ជា​សាធារណៈ អាច​បង្ក​ជា​បញ្ហា​អោយ​មានការ​ប្តឹងផ្តល់ ជាប់ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍ ហើយ​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅតាម​បណ្តាញ​សង្គម ក៏​មិន​ត្រូវបាន​ធានា​ផង​នោះ​។​
 
​ក្រៅពី​ការបកស្រាយ​ខាងលើ វា​ក៏​អាចមាន​ការបកស្រាយ​ផ្សេងទៀត ដោយ​មើល​លើ​ឬ​សគល់​នៃ​បញ្ហា ដែល​បាន​ចាក់​យ៉ាងជ្រៅ​ផងដែរ​។ ចម្ងល់​ដែល​សម​ហេតុផល​នោះ​គឺ វប្បធម៌​ស្ងៀមស្ងាត់ និង​វប្បធម៌​ស្តីបន្ទោស​ចំពោះ​អំពើហិង្សា ផ្លូវភេទ និង​ការ​បៀតបៀន ដែល​អាចជា​ហេតុផល​ចម្បង ធ្វើ​ឲ្យ​ចលនា​នេះ ខ្វះ​ភាព​ទាក់ទាញ និង​ការចូលរួម​ពី​សំណាក់​ស្ត្រី​នៅ​កម្ពុជា​។ ការសិក្សា​មួយ​នៅ​ឆ្នាំ​២០១៦ យើង​បាន​សួរ​អ្នកចូលរួម​ផ្តល់​ចម្លើយ ថា​តើ​ពួកគេ​គិតថា​វា​ជា​កំហុស​របស់​ស្ត្រី ដែល​ដើរលេង​នៅ​ពេលយប់​ដែរឬទេ ប្រសិនបើ​ពួកគេ ទទួលរង​នូវ​អំពើ​រំលោភបំពាន​? វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដែល​ជាង​៧០​ភាគរយ នៃ​អ្នកចូលរួម​ឆ្លើយ​យល់ស្រប ដោយ​ពួកគេ​គិតថា​ស្ត្រី​ម្នាក់​នោះ រួមចំណែក​ខុស ហើយ​គួរតែ​ត្រូវបាន​គេ​បន្ទោស​។ 
 
​ស្រដៀង​គ្នា​នេះដែរ ថ្មីៗ​នេះ​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​នៅតាម​បណ្តាញ​សង្គម ចំពោះ​ទំនាក់ទំនង​រវាង​ស្ត្រី​ម្នាក់ និង​ព្រះសង្ឃ​មួយអង្គ​។ ស្ត្រី​ម្នាក់​នោះបាន​និយាយថា​ខ្លួន​ត្រូវបាន​ព្រះសង្ឃ​រំលោភ ក្នុងពេល​ដែលមាន​ទំនាក់ទំនង​ស្និទ្ធស្នាល​។ ការចោទប្រកាន់​នេះ បានទទួល​រង​នូវ​ការមិន​ជឿជាក់ ការព្រងើយកន្តើយ និង​ការមិន​យកចិត្តទុកដាក់​ពី​សង្គម​ភាគច្រើន​។ ពួកយើង​ហាក់ដូចជា​ឆាប់​តែ​ការពារ​បុរស ដែល​ត្រូវបាន​គេ​ចោទប្រកាន់ កាលដែល​យើង​គួរតែ​រង់ចាំ “​ស្តាប់​ការពិត​” ហើយ​ការដែល​យើង​ឆាប់​សង្ស័យ ឬ​បន្ទោស​ជនរងគ្រោះ គឺជា​ទង្វើ​ដែល​មិន​ត្រឹមត្រូវ​ទាល់តែសោះ​។​
 
​តាម​របាយការណ៍​សិ្ថ​តិ ស្តីពី​ការរំលោភ ៩៧% នៃ​ការរាយការណ៍​គឺជា​រឿង​ពិត​។ តួលេខ​នេះ គឺ​ប្រហាក់ប្រហែល នឹង​តួលេខ​រាយការណ៍​ពីបទ​ឧក្រិដ្ឋ​ផ្សេងៗ ដូចជា​ការ​ឆក់​,​ប្លន់​ជាដើម​។ ដូច្នេះ​ហេតុអ្វី​បានជា​គ្រប់​ពេលដែល​ស្ត្រី​និយាយ​ចេញមក ពីបទ​ពិសោធន៍​រង​នូវ​អំពើហិង្សា​ផ្លូវភេទ យើង​បែរជា​ឆ្លើយតប​ទៅ​ពួកគេ​វិញ បែប​ជឿ​ខ្លះ​មិន​ជឿ​ខ្លះ ហើយ​គិតថា​ស្ត្រី​កុហក ឬក៏​ជា​រឿង យល់ច្រឡំ​? វប្បធម៌​នៃ​ការសង្ស័យ ក៏ដូចជា​វប្បធម៌​បន្តុះបង្អាប់​ជនរងគ្រោះ ជា​រនាំង​ឧបសគ្គ​ចំពោះ​ចលនា #​ខ្ញុំ​ដែរ ហើយ​វា​ធ្វើ​ឲ្យ​ខូចប្រយោជន៍​សម្រាប់​ស្ត្រី​គ្រប់រូប​។​
 
​នេះ​គឺជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ក្រុម​ស្ត្រី ដែលជា​ជនរងគ្រោះ​ដោយសារ​អំពើហិង្សា និង​ការ​បៀតបៀន បាន​រួមគ្នា​បង្កើតជា​វីដេអូ​មួយ ដើម្បី​និយាយ​ចេញមក ហើយ​និយាយ​ពាក្យ​ថា “​ខ្ញុំ​ដែរ​” សម្រាប់​ជូន​ដល់​ស្ត្រី​គ្រប់រូប ដែល​មិនទាន់​អាច​និយាយ​ចេញមក​បាន​។ ចលនា​នេះ មិនមែនជា​កម្មសិទ្ធិរ​បស់​ក្រុម ឬ​អង្គការ​ណាមួយ​នោះទេ ប៉ុន្តែ​វារ​បស់​ស្ត្រី​គ្រប់រូប ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ព្រមទាំង​កុមារ និង​បុរស​គ្រប់រូប​ដែល​រងគ្រោះ​ពីរដង​ផ្ទួនគ្នា​។ ទីមួយ​គឺ​ការឈឺ​ចាប់ពី​ការរំលោភ​សិទ្ធិ​លើ​រាងកាយ និង​ជម្រើស​របស់​ពួកគេ​។ បន្ទាប់មកទៀត​រង​នូវ​ការឈឺចាប់​ម្តងទៀត តាមរយៈ​វប្បធម៌ ស្ងៀមស្ងាត់​និង​ការស្តីបន្ទោស​។​
 
​យើង​ដឹងថា នេះ​មិនមែនជា​បញ្ហា​របស់​ប្រទេស​កម្ពុជា​តែមួយ​នោះទេ ហើយ​ចំណុច​សំខាន់​នៃ​ចលនា #​ខ្ញុំ​ដែរ គឺ​ចង់​បង្ហាញថា នេះ​ជា​បញ្ហា​រួម​របស់​គ្រប់​បណ្តា​ប្រទេស​នានា នៅ​គ្រប់​ឧបទ្វីប​។ ប៉ុន្តែ​យើង​ក៏ សង្ឃឹមថានឹង​មានឱកាស ក៏ដូចជា​សេរីភាព​សម្រាប់​ស្ត្រី​ខ្មែរ អាច​ចែករំលែក​រឿង​របស់​ពួកគេ ដោយ​គ្មាន​ការភ័យខ្លាច​ការ​បន្តុះបង្អាប់ ឬ​ការដាក់ទោស​។ ពួកយើង​សង្ឃឹមថា ប្រតិកម្ម​ពី​សាធារណជន នៅពេលដែល​ពួកគេ​ឮ​ពាក្យ​ថា #​ខ្ញុំ​ដែរ មិន​ថា​តាមរយៈ​សមាជិកគ្រួសារ អ្នកធ្វើការងារ​ជាមួយ មិត្តភក្តិ ឬ​ពី​ស្ត្រី​ដែល​មិន​ស្គាល់​នៅលើ​បណ្តាញ​សង្គម នឹងមាន​ការផ្លាស់ប្តូរ ដោយ​ស្តែងចេញ​ជាការ​អាណិត យល់ចិត្ត និង​គាំទ្រ ជាជាង​ការសង្ស័យ និង​ស្តីបន្ទោស​។ ពេលនោះ​ហើយ ដែល​យើង​អាច​ផ្លាស់ប្តូរ​សង្គម​របស់​យើង​បាន ហើយ​ក្មេងជំនាន់ក្រោយ នឹងមិន​និយាយ​ពាក្យ​ថា “​ខ្ញុំ​ដែរ​”​។​
______________________
​យុទ្ធនាការ​សុវត្ថិភាព​ទីក្រុង​សម្រាប់​ស្ត្រី ធ្វើឡើង​ដើម្បី​បញ្ឈប់​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​ផ្លូវភេទ និង​ការ​បៀតបៀន​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ទាំងអស់គ្នា​អាច​មើល​វីដេអូ #​ខ្ញុំ​ដែរ នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​យើង​។​
 
____________________
Research notes:
•​ ​According to Google trends, India was the 29th trending Google site for #metoo, but only 1% of their population is on Twitter. https://trends.google.com/trends/explore?q=%23metoo 
•​ ​Source for the 12 million posts statistic
•​ ​3% statistic is from the UK but is used broadly: https://fullfact.org/crime/allegations-rape/

© រក្សាសិទ្ធិដោយ thmeythmey.com