អន្តរជាតិ
ជប៉ុន​ប្រើ​នាវាមុជទឹក​ជា​លើកដំបូង​ក្នុង​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ផ្គើន​ចិន
18, Sep 2018 , 10:39 am        
រូបភាព
ដោយ:
នាវាមុជទឹក​មួយគ្រឿង​ត្រូវបាន​រដ្ឋាភិបាល​ជប៉ុន ប្រើប្រាស់​ជា​លើកដំបូង​ក្នុង​សមយុទ្ធ​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​សប្តាហ៍​មុន​។  សមយុទ្ធ​នេះ​ធ្វើឡើង ស្របពេល​ដែល​ចិន​បន្ត​សាងសង់​មូលដ្ឋាន​យោធា​លើ​កោះ​សិប្បនិម្មិត​ក្នុង​តំបន់​នោះ​។​

 
​ក្រសួងការពារជាតិ​ជប៉ុន នៅ​ថ្ងៃទី​១៧ កញ្ញា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា ខ្លួន​បាន​បញ្ជូន​នាវាមុជទឹក​មួយគ្រឿង​ឈ្មោះថា Kuroshio របស់​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន (MSDF) ទៅ​ចូលរួម​នៅក្នុង​សមយុទ្ធ​ប្រឆាំងនឹង​នាវាមុជទឹក​មួយ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៣ កញ្ញា​។​
 
​នាវាមុជទឹក​នេះ បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ដ៏​កម្រ​នេះ ជាមួយ​នាវា​យោធា ៣​គ្រឿង​ផ្សេងទៀត ក្នុងនោះ​ក៏មាន​នាវា​ដឹក​ឧទ្ធម្ភាគចក្រ Kaga ផងដែរ ។ នាវា​យោធា​ទាំង​៣​នេះដែរ កំពុងស្ថិត​ក្នុង​បេសកកម្ម​រយៈពេល​វែង​មួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
 
សមយុទ្ធ​ដែល​ក្នុងនោះ​រួមបញ្ចូល​ទាំង​វិញ្ញាសា​ពង្រឹងសមត្ថភាព​នាវាមុជទឹក​ដើម្បី​បើក​គេច​ពី​ប្រព័ន្ធ​រ៉ា​ដា​ផង ត្រូវបាន​ធ្វើឡើង​ឆ្ងាយ​ពី​មូលដ្ឋាន​យោធា​របស់​ចិន ដែល​បាន​សាងសង់ឡើង​នៅលើ​កោះ​សិប្ប​និមិត្ត  ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ យោងតាម​ការចុះផ្សាយរ​បស់​កាសែត Japan Times ។​
 
​សកម្មភាព​យោធា​ថ្មី​របស់​ជប៉ុន​អាចជា​គោលដៅ​ត្រួតពិនិត្យ​លើ​ឥទ្ធិពល​របស់​ចិន នៅក្នុង​ដែនសមុទ្រ​ជម្លោះ​ដ៏​ស្មុគស្មាញ​នេះ​។  ប៉ុន្តែ​វា​អាច​បង្ក​ជា​កំហឹង​ទៅដល់​ទីក្រុង​ប៉េកាំង ដ្បិតថា​នាវាមុជទឹក គឺ​តំណាង​ឲ្យ​ការគំរាមកំហែង​ដ៏​ខ្លាំងក្លា​មួយ​ដល់​ការដឹកជញ្ជូន​ទំនិញ​តាម​នាវា ច្រើនជាង​នាវា​ផ្សេងៗ​ដែល​បើក​លើ​ផ្ទៃសមុទ្រ​។ 
 
​ជាមួយគ្នានេះ នាវាមុជទឹក Kuroshio នៅ​ថ្ងៃទី​១៧ កញ្ញា បាន​ចូល​សំចត​នៅឯ​កំពង់ផែ​យុទ្ធសាស្ត្រ​មួយ​ក្នុង​ទីក្រុង Cam Ranh ប្រទេស​វៀតណាម ដែលជា​ចំណុចប្រសព្វ​សំខាន់​មួយ​រវាង​ប្រជុំ​កោះ Paracel និង Spratly ។ កំពង់ផែ​នេះដែរ ជាទី​តាំង​ដ៏​សំខាន់​មួយ​សម្រាប់​វៀតណាម ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន ក្នុងការ​ទាមទារ​កាន់​កាប់​ដែន​អធិបតេយ្យភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ គេ​មើលឃើញថា ការចូល​សំចត​ជា​លើកដំបូង​របស់​នាវាមុជទឹក​ជប៉ុន​នេះ គឺ​ដើម្បី​បង្ហាញ​ប្រាប់​ចិន​ត្រង់ៗ​ថា ជប៉ុន និង​វៀតណាម កំពុង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ក្នុង​វិស័យ​ការពារជាតិ​។ 
 
​គួរ​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​របស់​ជប៉ុន​កាលពី​សប្ដាហ៍​មុននេះ គឺធ្វើឡើង​ក្រោយពី​នាវា​ពិឃាដ​របស់​កងទ័ពជើងទឹក​ភូមិន្ទ​អង់គ្លេស​មួយគ្រឿង កាលពី​ខែ​មុន​បានធ្វើ​ដំណើរ​នៅក្បែរ​ប្រជុំ​កោះ ដែល​ក្រុង​ប៉េកាំង បាន​អះអាងថា​ជា​ដែន​អធិបតេយ្យភាព​របស់ខ្លួន​។ ការធ្វើ​នាវាចរណ៍​នេះដែរ ក្រុង​ឡុង​ដ៏ បាន​អះអាងថា ខ្លួន​បាន​អនុវត្ត​សិទ្ធិ «​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​» ដែល​បានចែង​នៅក្នុង​ច្បាប់​អន្តរជាតិ​។ 
 
​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​នេះ រដ្ឋាភិបាល​ចិន បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​នាវាចម្បាំង ដើម្បី​ទៅ​ស្វាគមន៍​នាវា​អង់គ្លេស​ផងដែរ​៕
 

Tag:
 ជប៉ុន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com