អន្តរជាតិ
ក្រុង​ប៉េកាំង ប្រាប់​តៃវ៉ាន់​ឲ្យ​បញ្ឈប់​សកម្មភាព​ចារកម្ម ខណៈ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ដុនដាប​
18, Sep 2018 , 7:19 pm        
រូបភាព
ដោយ:
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី ១៦ កញ្ញា បាន​ចោទប្រកាន់​ភ្នាក់ងារ​ចារកម្ម​របស់​កោះ​តៃវ៉ាន់​ថា បាន​ព្យាយាម​លួច​ព័ត៌មាន​សម្ងាត់​របស់ខ្លួន ក្នុង​គោលបំណង​បំផ្លាញ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ចិន​ដើម្បី​ផលប្រយោជន៍​នយោបាយ​។ ជាមួយគ្នានេះ រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​ចិន បាន​ព្រមាន​ក្រុង​តៃប៉ិ​ថា កំពុង​បំផ្លាញ​ទំនាក់ទំនង​រវាង​ភាគី​ទាំង​២ ដែលមាន​ភាព​តានតឹង​ស្រាប់​ផង​នោះ​។

 
​អ្នកនាំពាក្យ​មួយរូប​របស់​រដ្ឋាភិបាល​ចិន នៅ​ថ្ងៃ​១៦ កញ្ញា បាន​ទទូច​តៃវ៉ាន់​ឲ្យ​បញ្ឈប់​សកម្មភាព​ចារកម្ម​របស់ខ្លួន​ជាបន្ទាន់​។ 
 
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Xinhua លោក An Fengshan អ្នកនាំពាក្យ​ការិយាល័យ​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់ បាន​និយាយ​បែបនេះ​ថា​៖ «​អាជ្ញាធរ​តៃវ៉ាន់ ត្រូវតែ​បញ្ចៀស​រាល់​សកម្មភាព​ចារកម្ម​របស់​ខ្លូន ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ភាគី​ចិន និង​តៃវ៉ាន់ ដែល​កំពុងមាន​ភាព​តានតឹង និង​ស្មុគស្មាញ​ស្រាប់​ផង​នោះ​»​។​
 
​កាលពី​ថ្ងៃទី ១៥ កញ្ញា ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ចាក់ផ្សាយ​កម្មវិធី​មួយ​របស់ខ្លួន​ដែល​បង្ហាញ​ព័ត៌មាន​លម្អិត ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ទៅលើ​និស្សិត​ចិន ដែល​កំពុង​សិក្សា​នៅក្នុង​កោះ​តៃវ៉ាន់​។ និស្សិត​ចិន​ទាំងនោះ ត្រូវបាន​បទ​យកការណ៍​នេះ​បង្ហាញថា ពួកគេ ត្រូវបាន​គេ​លួងលោម​ដោយ​ប្រើប្រាស់​ទឹកប្រាក់ ទំនាក់ទំនង​ស្នេហា និង​មិត្តភាព ជា​ថ្នូរ​នឹង​ដោះដូរ​ព័ត៌មាន​សម្ងាត់​នយោបាយ​។  
 
​ជុំវិញ​ការចោទប្រកាន់​របស់​ទូ​រទស្ស​ន៍​រដ្ឋ​ចិន CCTV  នេះ ​រដ្ឋាភិបាល​តៃវ៉ាន់ បាន​ចេញមុខ​បកស្រាយ​ថា ការលើកឡើង​របស់​ក្រុង​ប៉េកាំង​នេះ ជា​រឿងប្រឌិត​សុទ្ធសាធ​។ ជាមួយគ្នានេះ ក្រុង​តៃប៉ិ បាន​ប្រាប់​ទៅកាន់​រដ្ឋាភិបាល​ចិន​ទៀតថា កុំ​ប្រើប្រាស់​និស្សិត​ចិន​ដែល​កំពុង​សិក្សា​នៅ​តៃវ៉ាន់ ជា​ឧបករណ៍​នយោបាយ​ឲ្យ​សោះ​។ យោងតាម​ការចុះផ្សាយរ​បស់​ទស្សនាវដ្ដី​ហុងកុង The South China Sea Morning​។ 
 
​គួរ​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ការចោទប្រកាន់​បែបនេះ វា​មិនមែនជា​រឿង​ចម្លែក​អ្វី​នោះទេ ដ្បិតថា ចិន និង​តៃវ៉ាន់ ជារឿយៗ ចោទប្រកាន់​គ្នា​ទៅវិញទៅមក ទាក់ទង​នឹង​សកម្មភាព​ចារកម្ម​។ តួយ៉ាង​ក្នុង​ឆ្នាំ​២០១៧ និស្សិត​ចិន​មួយរូប​ដែល​បាន​សិក្សា​នៅ​កោះ​តៃវ៉ាន់ ត្រូវបាន​តុលាការក្រុង​តៃប៉ិ​ចាប់​ដាក់ពន្ធនាគារ​ពីបទ​ប្រមូល​ព័ត៌មាន​សំខាន់ៗ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ ដោយ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​ក្នុង​សាលា និង​ក្នុង​ជួរ​រដ្ឋាភិបាល​តៃវ៉ាន់​ផ្ទាល់​តែម្តង​។ លើសពីនេះ​ពួកគេ ក៏បាន​ព្យាយាម​បង្កើត​បណ្ដាញចារកម្ម​ក្នុងប្រទេស​តៃវ៉ាន់​ថែម​ទៀតផង​។ 
 
​បើ​ពិ​តទៅ​តៃវ៉ាន់ បានសម្រេច​អនុញ្ញាត​ឲ្យ​និស្សិត​ចិន​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​របស់ខ្លួន ចាប់តាំងពី​ឆ្នាំ ២០០៩​មកម្ល៉េះ​៕ 
 

Tag:
 ចិន​
  តៃវ៉ាន់​
  ចារកម្ម​
  លោក An Fengshan
© រក្សាសិទ្ធិដោយ thmeythmey.com