ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ សម្ពោធឲ្យប្រើសាកល្បងកម្មវិធី App ផ្ដល់ចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋ រូបភាពពីហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនVisa បានសហការគ្នាដាក់ឲ្យប្រើប្រាស់សាកល្បងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមទូរសព្ទចល័ត។ កិច្ចសហការនេះត្រូវបានចុះអនុស្សារណ:យោគយល់គ្នា (MOU) នៅថ្ងៃទី១៨ខែកញ្ញា។
ធនាគារជាតិនៃកម្ពុជា (NBC) បានផ្ដួចផ្ដើមកម្មវិធីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា ចាប់ពីឆ្នាំ២០១៥ ដោយបានបង្កើតយុទ្ធនាការមួយហៅថា«តោះ! និយាយពីលុយ»។ ហើយឥឡូវនេះ NBC បានឈានដល់ការសម្ពោធដាក់ឲ្យប្រើប្រាស់សាកល្បងកម្មវិធីលើទូរសព្ទដៃ ដែលផ្ទុកចំណេះដឹងហិរញ្ញវត្ថុជាច្រើន។
កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរសព្ទចល័តនេះមានឈ្មោះថា NBC-Edu ដែលគេអាចទាញយកបានតាមរយៈ Google Play និង App Store ។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិ មានប្រសាសន៍ថា កម្មវិធីផ្ដល់ចំណេះដឹងហិរញ្ញវត្ថុតាម App នេះ នឹងក្លាយជាឧបករណ៍ថ្មីមួយទៀតដើម្បីបញ្ជ្រាបចំណេះដឹងអំពីវិស័យនេះដល់ប្រជាពលរដ្ឋ។ លោកស្រីថ្លែងដូច្នេះថា៖«ខ្ញុំរំពឹងថា កម្មវិធីនេះនឹងក្លាយជាប្រភពមួយដ៏សំខាន់ នៅពេលពលរដ្ឋគិតដល់ការស្វែងយល់ចំណេះដឹងហិរញ្ញវត្ថុ ខណៈដែលប្រជាជនប្រមាណ៧លាននាក់កំពុងប្រើប្រាស់អ៊ីនធឺណិតយ៉ាងសកម្មនៅកម្ពុជា»។
ក្រៅពីកម្មវិធីទូរសព្ទ ក្រុមហ៊ុនវីសាក៏បន្តចែកចាយសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុចំនួន ៨០០០ក្បាលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com