អន្តរជាតិ
ចិន​ព្រមាន​ប្រឆាំងនឹង​គម្រោង​លក់​អាវុធ​របស់​អាម​រិ​ក​ទៅ​ឲ្យ​តៃវ៉ាន់​
26, Sep 2018 , 8:39 pm        
រូបភាព
ដោយ:
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៥​កញ្ញា បានទាមទារ​ឲ្យ​វ៉ាស៊ីនតោន​លុបចោល​គម្រោង​លក់​សម្ភារៈ​យោធា​ទៅ​ឲ្យ​តៃវ៉ាន់ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​៣៣០​លាន​ដុល្លារ ។ ខ្លួន​ក៏បាន​ព្រមាន​ពី​ការធ្លាក់ចុះ​កាន់​ធ្ងន់ធ្ងរ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​មិន​ព្រម​ធ្វើតាម​ការស្នើសុំ​ទេនោះ​។

 
​ថ្លែង​នៅមុខ​ក្រុម​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​និយាយថា​៖ «​យើង​ទទូច​ភាគី​អាមេរិក​ឲ្យ​លុបចោល​ភ្លាមៗ​នូវ​គម្រោង​លក់​អាវុធ និង​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​តៃវ៉ាន់​ដើម្បី​ជៀសវាង ការបំផ្លិចបំផ្លាញ​ដល់​ទំនាក់ទំនង​ចិន​-​អាមេរិក​, ស្ថិរភាព​និង​សន្តិភាព​ក្នុង​តំបន់ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក និង​ចិន​ក្នុង​វិស័យ​សំខាន់ៗ​ផងដែរ​»​។ 
 
​ទន្ទឹមនឹងនេះ​ក្រសួង​ការពារ​ចិន ក៏​បានចេញ​សេចក្ដីប្រកាស​មួយ​ផងដែរ ដោយបាន​លើកឡើងថា សំណើ​លក់​អាវុធ​នេះ​បាន​ជ្រៀតជ្រែក​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​គំរាមកំហែង​ដល់​អធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខរ​បស់​ក្រុង​ប៉េកាំង​ទៀតផង​។ 
 
​គួរ​បញ្ជាក់ដែរថា កិច្ចព្រមព្រៀង​លក់​អាវុធ​នេះ​បានធ្វើ​ឡើង មិន​ដល់​មួយ​សប្ដាហ៍​ផង​ក្រោយ​ក្រសួងការបរទេស​អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​យោធា​ចិន ដែល​បាន​ទិញ​យន្តហោះ​ចម្បាំង និង​មី​ស៊ី​លពី​រុស្ស៊ី​។ ការដាក់ទណ្ឌកម្ម​នេះ​គឺ​ប្រៀបដូចជា ការចាក់​សាំង​បន្ថែម​ទៅលើ​ភ្លើងសង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ឆាបឆេះ ដោយសារ​ការ​វាយបក​ទៅ​មកពី​សំណាក់​ប្រមុខ​ដឹកនាំ​ចិន​និង​អាមេរិក ជុំវិញ​ការដំឡើង​ពន្ធ​នាំចូល​៕
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  តៃវ៉ាន់​
  លោក Geng Shuang
© រក្សាសិទ្ធិដោយ thmeythmey.com