អន្តរជាតិ
ត្រាំ ប្រាប់​មហាសន្និបាត UN៖ អាមេរិក​ជ្រើស​ឯករាជ្យ និង​សហប្រតិបត្តិ​ការជំនួស​ការគ្រប់គ្រង ឬ​ក្តោប​កា្ត​ប់​ពិភពលោក​
26, Sep 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ពន្យល់​ប្រាប់​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃ ២៥ ខែកញ្ញា​ថា អាមេរិក​ឲ្យ​តម្លៃ​លើ​ជំនឿ ទំនៀមទម្លាប់​ខុសប្លែកៗ​គ្នា​របស់​ប្រជាជាតិ​នីមួយៗ ហើយ​អាមេរិក​មិន​បង្គាប់បញ្ជា​ឲ្យ​ប្រទេស​ដទៃ​ធ្វើ​អ្វី​តាម​ខ្លួន​ឡើយ​។ អ្វីដែល​អាមេរិក​ចង់បាន​នោះ​គឺ ការគោរព​សិទ្ធិ​អធិបតេយ្យ ឯករាជ្យ និង​សហការគ្នា​ដើម្បី​ប្រយោជន៍​រួម​។


 
​ក្នុង​សុន្ទរកថា​ជាង​៣០​នាទី ប្រមុខរដ្ឋ​អាមេរិក​បានបញ្ជាក់​ឡើង​វិញ​ថា នៅពេលដែល​ប្រជាជាតិ​នីមួយៗ​អាច​ការពារ​ប្រយោជន៍​ប្រជាជន​ខ្លួន និង​គោរព​សិទ្ធិ​អធិបតេយ្យ​របស់​គ្នា​ទៅវិញទៅមក​នោះ សន្តិសុខ ស្ថិរភាព សន្តិភាព និង​វិបុលភាព​នឹង​កើតឡើង​ជាក់​ជាមិនខាន​។ 
 
​មេដឹកនាំ​រូបនេះ​ទទួល​ស្គា​ក់ថា ប្រជាជាតិ​ទាំងអស់​នៅលើ​ពិភពលោក​មាន​ជំនឿ ប្រវត្តិសាស្ត្រ វប្បធម៌ និង​ទំនៀមទម្លាប់​ដែល​មានគុណ​តម្លៃ​ផ្សេងគ្នា​។ ដូច្នេះហើយ ការសហការ​គ្នា​ផ្អែកលើ​គោលការណ៍​ស្មើភាព​គ្នា និង​គោរព​សិទ្ធិ​អធិបតេយ្យ​ជា​គន្លឹះ ហើយ​អាមេរិក​មិន​ជ្រើសរើស​ឡើយ​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​សាកល​, ការគ្រប់គ្រង ឬ​ក្តោប​ក្តាប់​ពិភពលោក​នោះ​។  
 
​លោក ត្រាំ សង្កត់ធ្ងន់​ដែរ​ថា ជា​មហាអំណាច​ពិភពលោក អាមេរិក​មិន​ដើរ​បង្គាប់បញ្ជា ឬ​បង្រៀន​គេឯង​ពី​របៀប​រស់នៅ របៀប​ធ្វើការ ឬ​របៀប​គោរព​ឡើយ​។ ប៉ុន្តែ​អ្វីដែល​អាមេរិក​ចង់បាន​ពី​ប្រទេស​ទាំងអស់​ជា​ដៃគូ និង​ជា​មិត្ត​នោះ​គឺ ការគោរព​និង​ឲ្យ​តម្លៃ​ដល់​អធិបតេយ្យ​អាមេរិក​ប៉ុណ្ណោះ​។ 
 
 «​ខ្ញុំ​ឲ្យ​តម្លៃ​លើ​សិទ្ធិ​របស់​ប្រជាជាតិ​នីមួយៗ​ក្នុង​សាលប្រជុំ​នេះ​ក្នុង​ការការពារ​ទំនៀមទម្លាប់​, ជំនឿ និង​ប្រពៃណី​ខ្លួន​។ អាមេរិក​មិន​ទៅប្រាប់​អ្នក​ពី​របៀប​នៃ​ការរស់នៅ ធ្វើការ​ឬ​គោរព​ប្រណិប័តន៍​អ្វី​ឡើយ​។ យើង​សុំ​មកវិញ ត្រឹមតែ​អ្នក​គោរព​អធិបតេយ្យ​របស់​យើង​ប៉ុណ្ណោះ​»​។​
 
​លើ​ពី​ទាត់ចោល​អភិបាលកិច្ច​ពិភពលោក និង​គោលការណ៍​សាកល លោក ត្រាំ ក៏បាន​លើកឡើង​ជាថ្មីទៀត​ដែរ​ថា គោលនយោបាយ​ការបរទេស​អាមេរិក គឺ​ដើរ​តាម​គោល​គំនិត «​ប្រាកដនិយម​ជាគោលការណ៍​» (Principled Realism) ដែល​ផ្អែកលើ​លទ្ធផល និង​ស្ថានភាព​ជាក់ស្តែង មិនមែន​ផ្អែកលើ​ទ្រឹស្តី​ឬ​មនោគមន៍​វិ​ជា្ជ​ឡើយ​។  
 
​វា​មានការ​បកស្រាយ​ច្រើន​ជុំវិញ អ្វីដែល​លោក ត្រាំ  លើកឡើង​នេះ​។ ប៉ុន្តែ​មេដឹកនាំ​រូបនេះ​ទំនងជា​មានន័យថា អាមេរិក​នឹងមិន​បង្រៀន​គេឯង ឬ​បង្ខំ​ឲ្យ​គេឯង​ធ្វើតាម​ខ្លួន​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ​។ អ្វីដែល​សំខាន់ គឺ​ប្រយោជន៍​ប្រជាជាតិ​នីមួយ​ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ ហើយ​វា​អាចជា​ប្រយោជន៍​សេដ្ឋកិច្ច សន្តិសុខ និង​នយោបាយ​។  
 
​គេ​នៅ​ចាំបាន​នៅក្នុង​ការ​ពេល​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ចុងឆ្នាំ ២០១៦ លោក ត្រាំ បានបញ្ជាក់​ច្បាស់​ថា បើសិនជា​លោក​ក្លាយជា​ប្រធានាធិបតី លោក​នឹង​បញ្ចប់​ការអនុវត្ត​គោលនយោបាយ​កសាង​ប្រជាជាតិ (Nation Building) និង​យុទ្ធសាស្ត្រ​ប្តូរ​របប​នៅ​បរទេស​(Regime Change)​។ 
 
​ក្រោយ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏បាន​សម្រេច​ដក​ចំណុច​ពាក់ព័ន្ធ​នឹង​ការលើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ចេញពី​គោលការណ៍​នៃ​បេសកម្ម​ការងារ​របស់ខ្លួន​ថែម​ទៀតផង​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  UNGA
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com