អន្តរជាតិ
លោក អា​បេ ចង់​ជួប​លោក គីម ជុង​អ៊ុន ទល់មុខ ដើម្បី​ដោះស្រាយ​សំណុំរឿង​ចាប់ជំរិត​ជនជាតិ​ជប៉ុន​
27, Sep 2018 , 8:39 am        
រូបភាព
ដោយ:
​ថ្លែង​នា​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​២៥ កញ្ញា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បានបង្ហាញ​ឆន្ទៈ​ជួប​មុខ​គ្នា​ផ្ទាល់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។ ការបង្ហាញ​ឆន្ទៈ​របស់​មេដឹកនាំ​រូបនេះ​គឺ​មិនមែន​ផ្តោតលើ​បញ្ហា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ជុំវិញ​បញ្ហា​ការចាប់​ពង្រាត់​ប្រជាជន​ជប៉ុន​ពី​សំណាក់​ភ្នាក់ងារ​ចារកម្ម​កូរ៉េខាងជើង​កាលពី​ចន្លោះ​ទសវត្ស​រ៏​ទី​៨០ និង​៩០​។

 
«​ដើម្បី​ដោះស្រាយ​បញ្ហា​ការចាប់​ពង្រាត់​ជប៉ុន​នេះ ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទម្លាយ​មន្ទិល​នៃ​ការ​ពុំ​ទុកចិត្ត​គ្នា​ជាមួយ​កូរ៉េខាងជើង ហើយ​បង្កើត​ការចាប់ផ្ដើម​ថ្មី​មួយ ជាពិសេស​នោះ​គឺ​ជួប​មុខ​គ្នា​ផ្ទាល់​ជាមួយនឹង​លោក គីម​ជុង​អ៊ុន​តែម្តង​។ ប៉ុន្តែ​ប្រសិនបើ​យើង​បាន​ជួបគ្នា​មែន​នោះ ខ្ញុំ​ជឿជាក់ថា​យើង​អាច​នឹង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ីន​ហ្សូ អា​បេ នៅឯ​មហាសន្និបាត UN នៅឯ​បុរី​ញូវយ៉ក​។ 
 
​យោងតាម​កាសែត Japan Times  ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ចេ​អ៊ី​ន បាន​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន អំឡុង​ជំនួប​នៅ​ថ្ងៃទី​២៥ កញ្ញា​ថា លោក គីម ជុង​អ៊ុន​ក៏​ត្រៀមខ្លួន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ជប៉ុន​នៅពេល​វេលា​សមប្រកប​ណាមួយ ដើម្បី​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ 
 
​គួររម្លឹកថា ភ្នាក់ងារ​ចារកម្ម​កូរ៉េខាងជើង​បាន​ចាប់​ពង្រាត់​ប្រជាជន​ជប៉ុន​ជាច្រើន​នាក់ កាលពី​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​១៩៨០ ។ ការចាប់​ពង្រាត់​នេះ​គឺ​ដើម្បី​បង្ខំ​ឲ្យ​ប្រជាជន​ជប៉ុន​ទាំងនោះ បង្រៀន​ភាសា​និង​វប្បធម៌​ជប៉ុន ដល់​ភ្នាក់ងារ​ចារកម្ម​កូរ៉េខាងជើង​។ 
 
​ក្នុង​ឆ្នាំ​២០០២ និង​២០០៤ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Junichiro Koizumi បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ព្យុងយ៉ាង​ដើម្បី ស្វែងរក​ទំនាក់ទំនង​ថ្មី​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​កាល​ជំនាន់​នោះ លោក គីម ជុងអ៊ីល ។ យ៉ាងណាមិញ​កូរ៉េខាងជើង​បានបញ្ជាក់​ប្រាប់​ជប៉ុន​ថា ជនរងគ្រោះ​ដែល​ត្រូវបាន​ចាប់​ពង្រាត់​ទាំងនោះ បាន​បាត់​បង់ជីវិត​អស់ហើយ​៕
 

Tag:
 ជប៉ុន​
  កូរ៉េខាងជើង​
  ស៊ីន​ហ្សូ អា​បេ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com