អន្តរជាតិ
ចិន​សង្ឃឹមថា អង់គ្លេស​នឹង​គោរព​អធិបតេយ្យភាព​ខ្លួន​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
27, Sep 2018 , 3:57 pm        
រូបភាព
ដោយ:
​ប្រមុខ​ការទូត​ចិន​ប្រាប់​ទៅកាន់​សម​ភាគី​អង់គ្លេស​នៅ​ថ្ងៃ ២៤ ខែកញ្ញា​ថា ចិន​សង្ឃឹមថា​ចក្រភព​អង់គ្លេស​អាច​រក្សា​ជំហរ​ដោយ​មិន​លម្អៀង​ទៅ​ភាគី​ខាង​ណា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ចិន​ក៏​ចង់ឃើញ​អ​ងើ​គ្លេ​ស​ព្រមទាំង​គោរព​អធិបតេយភាព  និង​បូរណភាព​ទឹកដី​ខ្លួន​ដោយស្មោះ​ស្ម័គ្រ​ក្នុង​ដែន​ជម្លោះ​ដែរ​។​

 
​ក្រុង​ប៉េកាំង​បានបង្ហាញ​ការខឹង​សម្បា​ខ្លាំង បន្ទាប់ពី​នាវាចម្បាំង​អង់គ្លេស​មួយគ្រឿង​កាលពី​ខែសីហា ធ្វើដំណើរ​ក្បែរ ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ចាត់ទុកជា​ដែនដី​របស់ខ្លួន​នោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  រដ្ឋាភិបាល​កុម្មុយនីស្ត​នេះ​បានចាត់ទុក​សកម្មភាព​របស់​អង់គ្លេស​ថា «​ជា​សកម្មភាព​បង្ករឿង​» ហើយ​ក៏បាន​ព្រមាន​ថា ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​អាច​នឹង​ប្រេះស្រាំ ក្រោយពី​ហេតុការណ៍​នេះ​ផងដែរ​។​
 
​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi)  នៅ​ថ្ងៃទី​២៤ កញ្ញា បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Jeremy Hunt នៅ​ដោយឡែក​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក​។ យោងតាម​ក្រសួងការបរទេស​ចិន នា​ជំនួប​នៅ​ថ្ងៃទី​២៥ កញ្ញា​នេះ​ជាមួយ​លោក Hunt  លោក វ៉ាង បានបង្ហាញ​ពី​ជំហរ​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ចិន​នៅលើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​
 
«​ក្រុង​ប៉េកាំង​សង្ឃឹមថា ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​គោលជំហរ​របស់ខ្លួន​យ៉ាងពិត​ប្រាកដ ដោយ​មិន​ប្រកាន់យក​ភាគី​ណាមួយ​ឡើយ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​អង់គ្លេស គួរតែ​គោរព​បូរណភាព និង​អធិបតេយ្យភាព​របស់​ចិន​ដោយ​ស្មោះត្រង់ ព្រមទាំង​មិន​ធ្វើ​សកម្មភាព​នានា​ដែល​ប៉ះពាល់​ដល់ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នោះទេ​»​។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក Wang  ក្នុង​សេចក្ដីប្រកាស​ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួងការបរទេស​ចិន ។​
 
​គួរ​រម្លឹក​ផងដែរ​ថា ចិន និង​ចក្រភព​អង់គ្លេស​កាលពី​ខែ​មុន បាន​យល់ព្រម​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម​ជាមួយគ្នា​បន្ថែមទៀត នៅក្រោយពេល​អង់គ្លេស​ចា​ក​ចេញពី​សហភាព​អឹ​រ៉ុ​ប​។ យ៉ាងណាមិញ​សេចក្តីប្រកាស​របស់​ចិន​ជុំវិញ​ជំនួប​រវាង​លោក Wang និង​លោក Hunt​មិនបាន​លើកឡើង​ពី​ការ​លែងលះគ្នា​របស់​អង់គ្លេស​ជាមួយ​សភាព​អឺរ៉ុប (Brixit) ឬ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នោះឡើយ​៕
 

Tag:
 ចិន​
  ចក្រភព​អង់គ្លេស​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com