អន្តរជាតិ
កាណាដា​ដកហូត​សញ្ជាតិ​កិត្តិយស​របស់លោក​ស្រី ស៊ូ​ជី ជុំវិញ​វិ​ប​តិ្ត​រ៉ូ​ហ៊ីង​យ៉ា​
28, Sep 2018 , 9:36 am        
រូបភាព
ដោយ:
​រដ្ឋសភា​កាណាដា​នៅ​ថ្ងៃទី​២៧​កញ្ញា បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដើម្បី​ដកហូត​សញ្ជាតិ​កិត្តិយស​របស់​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុងសាន ស៊ូ​ជី (Aung San Suu Kyi ) ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ បច្ចុប្បន្ន​លោកស្រី អ៊ុងសាន ស៊ូ​ជី គឺជា​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​។​

 
​រដ្ឋាភិបាល​ក្រុង​អ៊ូ​តា​វ៉ា (Ottawa) កាលពី​ឆ្នាំ​២០០៧ បានផ្ដល់​សញ្ជាតិ​កិត្តិយស​កាណាដា​ដ៏​កម្រ​ដល់​លោកស្រី ស៊ូ​ជី​។ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់លោក​ស្រី​បាន​បាត់បង់ ដោយសារ​ការព្រងើយកន្តើយ​របស់លោក​ស្រី ពាក់ព័ន្ធ​នឹង​ការនិយាយ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​យោធា ប្រឆាំងនឹង​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​។ សម្រាប់​សកម្មភាព​រប​ស់​យោធា​មី​យ៉ាន់​ម៉ា​នេះ កាណាដា​កាលពី​សប្ដាហ៍​មុន បានប្រកាសថា​ជា «​អំពើ​ប្រល័យពូជសាសន៍​»​។ 
 
យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ក្រ​សូង​ការបរទេស​កាណាដា លោក Adam Austen បាន​និយាយថា​៖ «​ក្នុង​ឆ្នាំ​២០០៧ សភា​កាណាដា បានផ្ដល់​សញ្ជាតិ​កិត្តិយស​កាណាដា​ទៅ​ឲ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ តែ​ថ្ងៃនេះ​សភា​បានអនុម័ត​ជា​ឯកច្ឆន្ទ​សម្រេច​ដកហូត​សញ្ជាតិ​នេះ​ពី​លោកស្រី​វិញ​»​។ 
 
​ទន្ទឹមនឹងនេះ លោក Austen បានលើកឡើង​ទៀតថា ការព្រងើយកន្តើយ​រប​ស់លោក​ស្រី​ ស៊ូជី ក្នុងការ​ប្រកាស​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជា​សាធារណៈ​នោះ ជាហេតុ​ផល​ដែល​ធ្វើ​ឲ្យ​កាណាដា​សម្រេច​ដកហូត​សញ្ជាតិ​កិត្តិយស​ពី​លោកស្រី​។ យ៉ាងណាមិញ​លោក​បន្តថា​៖ «​យើង​នឹង​បន្ត​ជួយ​គាំទ្រ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដោយ​ការផ្ដល់​ជំនួយ​មនុស្សធម៌ និង​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មេទ័ព​មី​យ៉ាន់​ម៉ា ព្រមទាំង​ទាមទារ​ឲ្យ​ពួកគេ​ទាំងនោះ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​ទៀតផង​»​។ 
 
​បើ​ពិ​តទៅ យុទ្ធនាការ​យោធា​ដ៏​ឃោរឃៅ​មួយ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​បានចាប់ផ្ដើម​កាលពី​ឆ្នាំ​២០១៧ បាន​បង្ខំ​ឲ្យ​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧០​ម៉ឺន​នាក់ ចាក​ចេញពី​ប្រទេស​នេះ​ចូលទៅ​កាន់​បង់​ក្លា​ដេ​ស​។ នៅ​ទីនោះ​ពួកគេ​កំពុង​សម្ងំ​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន ហើយ​ភ័យខ្លាច​នឹង​វិលត្រឡប់​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ ទោះបី​ជាមាន​កិច្ចព្រមព្រៀង​មាតុភូមិនិវត្តន៍​ក៏ដោយ​ក្តី​។ យោធា​ទាំងនោះ​ត្រូវបាន​អន្តរជាតិ​ចោទប្រកាន់ ពីបទ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​, រំលោភបំពាន​ផ្លូវភេទ និង​ដុត​ផ្ទះ​ជាដើម​។ 
 
​ប៉ុន្តែ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា បានចេញ​មុខ​ច្រានចោល​ការចោទប្រកាន់​ស្ទើរតែ​ទាំងស្រុង ដោយបាន​អះអាងថា ពួកគេ​បានធ្វើ​តាមច្បាប់​ប៉ុណ្ណោះ​ដើម្បី​កម្ទេច​សំបុក​ក្រុម​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​។ យ៉ាងណាមិញ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២៧ កញ្ញា បាន​បង្កើត​ការពិភាក្សា ​ដើម្បី​រៀបចំ​ចោទប្រកាន់​ជា​ផ្លូវ​លើ​អគ្គបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា និង​មេទ័ព​ជាន់ខ្ពស់​ចំនួន​៥​រូប​ផ្សេងទៀត ជុំវិញ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​៕
 

Tag:
 កាណាដា មី​យ៉ាន​ម៉ា​
  លោកស្រី អង់​ស៊ាន ស៊ូ​ជី​
© រក្សាសិទ្ធិដោយ thmeythmey.com