កីឡាជាតិ
ជាតិ
អតីតខ្សែការពារជម្រើសជាតិ សាន ណារិទ្ធ ហៅ Owen មានជំងឺរលាកសួតធ្ងន់ធ្ងរ
× សាន ណារិទ្ធ អាយុ ៣១ឆ្នាំ អតីតខ្សែការពារជម្រើសជាតិកម្ពុជា កំពុងសម្រាកព្យាបាលនៅក្នុងផ្ទះរបស់ខ្លួន ដោយសារតែជំងឺរលាកសួតធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់ អូម ថាវរៈ ដែលជាអតីតមិត្តរួមក្រុមទាំងក្នុងក្លិបអាជីព និងក្រុមជម្រើសជាតិ។
«ដំបូងឡើយ គាត់មិនបានដឹងពីស្ថានភាពជំងឺរបស់ខ្លួននោះទេ ដោយគាត់គិតថា ជាបញ្ហាក្រពះធម្មតា ហើយចេះតែផ្សំថ្នាំលេប។ ប៉ុន្តែរយៈពេលចុងក្រោយនេះ គាត់មានអាការៈល្ហិតល្ហៃ ហើយម្តាយនាំទៅពិនិត្យនៅមន្ទីរពេទ្យ ទើបដឹងថា សួតគាត់រងការរលាកយ៉ាងធ្ងន់ធ្ងរ។ នេះជាការរៀបរាប់របស់ អូម ថាវរៈ។
ថាវរៈ ដែលធ្លាប់ធ្វើជាខ្សែការពាររួមជាមួយ សាន ណារិទ្ធ នៅក្រុមជម្រើសជាតិ និងក្លិបអាជីពមួយចំនួន ដូចជាខេមរាកីឡា ភ្នំពេញក្រោន និងណាហ្គាវើល ផងដែរ នោះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការសម្រេចទៅព្យាបាលជំងឺនៅផ្ទះ គឺដោយសារតែក្រុមគ្រួសារត្រូវការកាត់បន្ថយការចំណាយ ព្រោះនៅមន្ទីរពេទ្យ ត្រូវចំណាយយ៉ាងហោចណាស់ពី៣០០ ទៅ៤០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
ប្រកបអាជីពតាំងពីឆ្នាំ២០០៧មក សាន ណារិទ្ធ ដែលមានឈ្មោះក្រៅថា Owen ធ្លាប់លេងឲ្យក្លិបជាច្រើនក្នុងនោះរួមមាន ខេមរាកីឡា ព្រះខ័នរាជ ភ្នំពេញក្រោន ណាហ្គាវើល Albirex Niigata Phnom Penh, អាស៊ីអឺរ៉ុបយូណាយធីត វេស្ទើនភ្នំពេញ រួមទាំងក្លិបពិស្ណុការ។
បើតាម អូម ថាវរៈ នារយៈពេលចុងក្រោយនេះ ណារិទ្ធ ធ្វើជាគ្រូបង្វឹករបស់ក្រុមយុវជនរាជធានី។ ណារិទ្ធ ក៏ជាខ្សែការពារដ៏ឆ្នើមនៅក្នុងក្រុមជម្រើសជាតិចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ផងដែរ៕
Tag:
សាន ណារិទ្ធ
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com