អន្តរជាតិ
យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប៉ា​ពូ​អាស៊ី​ធ្លាក់ចូល​សមុទ្រ តែ​ពុំមាន​អ្នកស្លាប់​
28, Sep 2018 , 11:48 am        
រូបភាព
ដោយ:
​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Niugini បាន​ធ្លាក់​ចូលក្នុង​សមុទ្រ នៅ​ថ្ងៃទី​២៨ កញ្ញា ក្រោយពី​រអិល​ចេញពី​ផ្លូវ​ចុះចត​នៅលើ​កោះដាច់​ស្រយាល​មីក្រូ​ណេ​ស៊ី​។

 
 
​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ (Papua New Guinea) នេះ បាន​ត្រៀម​ចុះចត​នៅឯ​អាកាសយានដ្ឋាន Weno  ប៉ុន្តែ​ជា​អកុសល​បាន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ក្នុង​រដ្ឋ​Chuuk  នៃ​រដ្ឋ​សហព័ន្ធ​មីក្រូ​ណេ​ស៊ី (Micronesia)​។  នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក Pacific Daily ។ 
 
​សារព័ត៌មាន​ដដែល​នេះ បាន​ស្រង់​សម្ដី​មន្ត្រី​អាកាសចរណ៍​លោក Jimmy  Emilio ថា អ្នកដំណើរ​ចំនួន​៣៦​នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ​ចំនួន​១១​ទៀត​មាន​សុវត្ថិភាព​ទាំងអស់ និង​ពុំមាន​របួស​អ្វី​នោះទេ​។ យ៉ាងណាមិញ​ពួកគេ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ទទួល​ការពិនិត្យ​។ លោក Emilio បាន​បញ្ជាក់ថា មូលហេតុ​នៃ​ហេតុការណ៍​នេះ​ពុំទាន់​មានការ​បកស្រាយ​ច្បាស់​នៅឡើយ​ទេ​។ «​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​លើ​រឿងនេះ ហើយ​យើង​នឹង​ទទួល​ព័ត៌មាន​ឆាប់ៗ​នេះ​»​។ 
 
​គណៈកម្មការ​ទទួលបន្ទុក​ស៊ើបអង្កេត​ឧបទ្ទវហេតុ​របស់​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ បាន​ត្រៀម​បញ្ជូន​ក្រុម​របស់ខ្លួន​ទៅកាន់​ទីកន្លែង​កើតហេតុ​។ យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន ABC របស់​អូស្ត្រាលី​៕ 
 

Tag:
 ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​
  លោក Jimmy Emilio
© រក្សាសិទ្ធិដោយ thmeythmey.com