អន្តរជាតិ
ក្រុង​ប៉េកាំង​ថា បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​មិនគួរ​ពង្រីក​ឲ្យ​ក្លាយជា «​បញ្ហា​អន្តរជាតិ​» ឡើយ​
28, Sep 2018 , 9:59 pm        
រូបភាព
ដោយ:
​ប្រមុខ​ការទូត​ចិន បាន​និយាយ​នៅ​ថ្ងៃទី​២៧ កញ្ញា​ថា វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​មិនគួរ​ស្មុគស្មាញ ឬ​ពង្រីក​ឲ្យ​ក្លាយជា «​បញ្ហា​អន្តរជាតិ​» ឡើយ​។ ការលើកឡើង​របស់លោក​គឺធ្វើឡើង ស្រប​ពេលដែល​អង្គការ​សហប្រជាជាតិ​ត្រៀម​ប្រមែប្រមូល​ភស្តុតាង ដើម្បី​ប្រឆាំងនឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​មី​យ៉ាន់​ម៉ា​។

 
​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN នៅ​ថ្ងៃទី​២៧ កញ្ញា បាន​បោះឆ្នោត​បង្កើត​ភ្នាក់ងារ​មួយ ដែលមាន​តួនាទី​ស្វែ​ករក​ចម្លើយ​ទាក់ទង​នឹង​អំពើ​ប្រល័យពូជសាសន៍​នៅ​ភាគ​ខាងលិច​រដ្ឋ​រ៉ា​ក់​ឃី​ន (Rakhine)​។ ចិន និង​ហ្វីលីពីន បាន​បោះឆ្នោត​ប្រឆាំងនឹង​ការបង្កើត​នេះ ខណៈ​ជាង​១០០​ប្រទេស​ផ្សេងទៀត​បាន​គាំទ្រ​។ 
 
​និយាយ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដេ​ស លោក Abul Hasan Mahmood Ali និង​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោក  Kyaw Tint Swe  ក្នុង​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃទី​២៧ កញ្ញា រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ង់ យី (Wang Yi) បាន​និយាយថា បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​គឺ​ពិតជា​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​មួយ​។  
 
«​បញ្ហា​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន (Rakhine) ជា​បញ្ហា​ប្រវត្តិសាស្ត្រ​រវាង​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដេ​ស​ប៉ុណ្ណោះ​។ ចិន​មិន​យល់ស្រប​ឲ្យ​ពង្រីក​ឲ្យ​ក្លាយជា​បញ្ហា​អន្តរជាតិ​នោះឡើយ​»​។ នេះ​ការបញ្ជាក់​របស់លោក វ៉ង់ យី យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការ​ទេស​ចិន​នៅ​ថ្ងៃទី​២៨ កញ្ញា​។​
 
​ទន្ទឹមនឹងនេះ លោក វ៉ង់​បន្តថា ក្រុង​ប៉េកាំង​សង្ឃឹមថា មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដេ​ស​អាច​ស្វែងរក​ដំណោះស្រាយ​ដោយ​ការ​ពិភាក្សាបាន ហើយ​ចិន​នឹង​ជួយផ្ដល់​វេទិកា​មួយ​សម្រាប់​កិច្ចពិភាក្សា​នេះ​។ «​សហគមន៍​អន្តរជាតិ​រួមមាន​អង្គការសហប្រជាជាតិ ក៏​អាច​ចូលរួម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​បញ្ហា​នេះ​ផងដែរ​»​។ 
 
​គួរ​បញ្ជាក់ដែរថា កាលពី​ឆ្នាំ​២០១៧ ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧​ពាន់​នាក់ ត្រូវបាន​កង​យោធា​មី​យ៉ាន់​ម៉ា​បង្ខំ​ឲ្យ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ទៅកាន់​បង់​ក្លា​ដេ​ស​។ ក្នុង​យុទ្ធនាការ​ដ៏​ឃោរឃៅ​នេះ គឺ​រួមមាន​ដូចជា ការសម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​, ការរំលោភ និង​ដ​ត់​ផ្ទះសម្បែង​ជាដើម​។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ត្រូវបាន​អន្តរជាតិ​ថ្កោលទោស​ជាខ្លាំង​ជុំវិញ​បញ្ហា​នេះ​។ អង្គារ​សហប្រជាជាតិ​បាន​ហៅ​សកម្មភាព​នេះ​ជា​«​អំពើ​ប្រល័យពូជសាសន៍​» តែ​មី​យ៉ាន់​ម៉ា​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​ដោយបាន​ហៅ​រឿងនេះ​ថា «​ការកម្ទេច​ក្រុម​ឧទ្ទាម​»៕
 

Tag:
 ចិន​
  មី​យ៉ាន់​ម៉ា​
  វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com