សុខភាព
អន្តរជាតិ
​រៀងរាល់​ម៉ោង​នៅ​ថៃ មាន​មនុស្ស​៦​នាក់​ប៉ុនប៉ង​ធ្វើអត្តឃាត ដោយសារ​វិបត្តិ​ផ្លូវចិត្ត​
30, Sep 2018 , 10:19 pm        
រូបភាព
នាង Kanyakorn Supakarnkacharoen ហៅ Kae Lederer ដែលជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញ បានលោត​សម្លាប់ខ្លួនពីលើអាគារនៅក្រុងបាងកក
នាង Kanyakorn Supakarnkacharoen ហៅ Kae Lederer ដែលជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញ បានលោត​សម្លាប់ខ្លួនពីលើអាគារនៅក្រុងបាងកក
ដោយ: ធីតា
 ​ថៃ​កំពុងមាន​កង្វល់​យ៉ាងខ្លាំង​ទាក់ទង​នឹង​វិបត្តិ​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ខ្លួន​ដែល​បណ្តាល​ឲ្យ​មាន​ករណី​អត្តឃាត​ជា​បន្តបន្ទាប់​។ អគ្គនាយក​សុខភាព​ផ្លូវចិត្ត​ថៃ បានបញ្ជាក់​ឲ្យ​ដឹងថា រៀងរាល់​ម៉ោង មាន​មនុស្ស​ប្រមាណ​៦​នាក់ ប៉ុនប៉ង​ធ្វើអត្តឃាត​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Khaosod English​។​

 
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ បុរស​ម្នាក់​បានសម្លាប់​ខ្លួន​ក្នុង​រថយន្ត​នាទី​ក្រុង​បាងកក បន្ទាប់មក តារា​បង្ហាញ​ម៉ូត​ដ៏​ល្បីឈ្មោះ ម្នាក់​បាន​លោត​ពីលើ​អាគារ​សម្លាប់ខ្លួន​ដូចគ្នា​។ នេះ​ជា​គ្រាន់តែ​ជា​ឧទាហរណ៍​ជាក់ស្តែង​ទាក់ទង​នឹង​ករណី​ដែល​កើត​នៅក្នុង​ក្រុង​បាងកក ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ទូទាំងប្រទេស​ថៃ​ទាំងមូល ករណី​អត្តឃាត កំពុង​ក្លាយជា​ក្តីកង្វល់​ដ៏​ធំ​ក្នុងសង្គម​។​
 
​លោក Setthayus Apisatthapitak អាយុ​៣៨​ឆ្នាំ ដែល​បាន​ដុត​កំដៅ​ខ្លួន​ក្នុង​រថយន្ត​នោះ ត្រូវបាន​ក្រុមគ្រួសារ​រាយការណ៍​ថា គាត់​មាន​វិបត្តិ​ផ្លូវ​ចិត្តជា​យូរ​មកហើយ ពីព្រោះ​ការបរាជ័យ​ក្នុង​មុខ​ជំនួញ ហើយ​លង់ខ្លួន​ក្នុង​បំណុល​។​
 
​ចំណែក​ករណី​អត្តឃាត​របស់​តារា​បង្ហាញ​ម៉ូត Kanyakorn Supakarnkacharoen ហៅ Kae Lederer ដែល​លោត​សម្លាប់ខ្លួន​ពីលើ​អាគារ​នោះ​វិញ ត្រូវបាន​មិត្តភក្តិ​ម្នាក់​អះអាង​ប្រាប់​សមត្ថកិច្ច​ផងដែរ​ថា នារី​វ័យក្មេង​រូបនេះ មាន​វិបត្តិ​ផ្លូវចិត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​
 
​លោក Boonreung Traireungworarat អគ្គនាយក​ទទួលបន្ទុក​សុខភាព​ផ្លូវចិត្ត​របស់​ថៃ បានបញ្ជាក់​ប្រាប់ Khaosod English ថា មនុស្ស​៦​នាក់​ប៉ុនប៉ង​ធ្វើអត្តឃាត​ជា​រៀងរាល់​ម៉ោង​នៅ​ប្រទេស​ថៃ ពោល​គឺមាន​ប្រមាណ​៥៣០០០​នាក់ ជា​រៀងរាល់ឆ្នាំ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកជំនាញ​រូបនេះ បាន​បញ្ជាក់ថា ការព្យាយាម​ភាគច្រើន​មិនបាន​ជោគជ័យ​នោះឡើយ​។ កាលពី​ឆ្នាំ​២០១៧ មាន​មនុស្ស​៣៩៣៤​នាក់ បានធ្វើ​អត្តឃាត ដោយ​ចំនួន​នេះ មានការ​ថយចុះ​តិចតួច​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ដែលមាន​៤១៣១​នាក់​។ ករណី​ទាំងនេះ បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​រដ្ឋ​ប្រចាំឆ្នាំ​ខាតបង់​ជាង​៤០០​លាន​បាត (​ជាង​១២​លាន​ដុល្លារ​អាមេរិក​)​។​
 
«​របៀប​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ថៃ​នាពេល​បច្ចុប្បន្ននេះ ពិតជា​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំងណាស់ ជាពិសេស​អ្នករស់នៅ​តំបន់​ទីក្រុង​។ ពួកគេ​រស់នៅ​បែប​ប្រញាប់ប្រញាល់ ពួកគេ​ព្យាយាម​សម្រប​ខ្លួន​ទៅនឹង​ស្ថានភាព​ដែល​មិនដែល​ធ្លាប់​ជួប ហើយ​ពួកគេ​មិន​ដែលមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ពិចារណា​អ្វី​នោះឡើយ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក Boonreung ដោយ​បញ្ជាក់ថា ការធ្វើ​អ្វីដែល​មិនបាន​គិតទុក​ច្បាស់លាស់ តែងតែ​នាំ​ឲ្យ​មានការ​ខកចិត្ត​
 
​កាលពី​ឆ្នាំមុន នៅ​ថៃ មាន​រហូតដល់​ក្មេង​អាយុ​ក្រោម​១០​ឆ្នាំ ក៏បាន​ធ្វើអត្តឃាត​ផងដែរ​។ មនុស្ស​អាយុ​ចន្លោះ​ពី​៣០​ទៅ​៥៩​ឆ្នាំ​ភាគច្រើន សម្លាប់ខ្លួន ដោយសារតែ​បញ្ហា​គ្រឿងញៀន ជាតិ​ស្រវឹង និង​វិបត្តិ​ផ្លូវចិត្ត​។ ចំពោះ​អ្នកមាន​អាយុ​ចន្លោះ​ពី​៦០​ទៅ​៦៤​ឆ្នាំ ភាគច្រើន មាន​អារម្មណ៍​ស្រងេះស្រងោច ដោយសារតែ​គ្រួសារ​មិនសូវ​អើពើ​។​
​នៅ​ឆ្នាំ​២០១៦ នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​ថៃ (MHD) បានលើកឡើង​ក្នុង​របាយការណ៍​ថា ថៃ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​បី បន្ទាប់ពី​ជប៉ុន និង​ស៊ុយអែត លើ​ករណី​អត្តឃាត​ច្រើនជាងគេ ដោយ​៧០​ភាគរយ​ដោយ​ចងក ២០​ភាគរយ​ដោយ​ការបំពុល និង​១០​ភាគរយ​ដោយ​ការបាញ់សម្លាប់​ខ្លួនឯង​៕
 

Tag:
 វិបត្តិ​ផ្លូវចិត្ត​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com