អន្តរជាតិ
អ្នកស្លាប់​កើន​លើស ៨០០​នាក់ គេ​ចោទសួរ​ពី​សមត្ថភាព​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ​
01, Oct 2018 , 1:13 pm        
រូបភាព
អាជ្ញាធរចាប់ផ្តើមកប់សាកសពជនរងគ្រោះដោយសារគ្រោះមហន្តរាយរញ្ជួយដីនៅក្រុង Palu (AFP)
អាជ្ញាធរចាប់ផ្តើមកប់សាកសពជនរងគ្រោះដោយសារគ្រោះមហន្តរាយរញ្ជួយដីនៅក្រុង Palu (AFP)
​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​នៅ​ក្រុង Palu កោះ Sulawesi បាន​កើនឡើង​លើស ៨០០​នាក់ ហើយ​គេ​ព្យាករណ៍​ថា ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ ក្រុង​សង្គ្រោះ​កំពុង​បន្ត​ដុតដៃដុតជើង​ជួយ​រុករក​និង​ជួយសង្គ្រោះ​អ្នក​ដែល​ជាប់​នៅក្នុង​បំណែក​អាគារ​បែកបាក់ ខណៈដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​សម្រេច​ដង្ហោយ​រក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​គាំទ្រ​ប្រតិបត្តិ​ការសង្គ្រោះ ដោយសារ​គ្រោះមហន្តរាយ​នេះ​ធ្ងន់ធ្ងរ​ពេក​។ ព្រោះ​អ្នកស្លាប់​ច្រើនពេក គេ​ចាប់ផ្តើម​ដាក់​សំណួរ​ថា តើ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ពិតជា​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​ឬ​ឆ្លើយតប​គ្រោះមហន្តរាយ​ពិត​មែនឬ​?


 
​ផ្នូរ​ធំៗ​ជាច្រើន​ត្រូវបាន​គេ​ជី​កនៅ​ក្រុង Palu នា​ថ្ងៃ​ចន្ទ​ទី ១​ខែតុលា​សម្រាប់​កប់​សាកសព​ជនរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត ៧,៧​រ៉ិ​ច​ទ័​រ និង​រលក​យក្ស​ស៊ូណាមិ​នៅ​ថ្ងៃ​ចន្ទ​នេះ ស្រប​ពេលដែល​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់ ៨៣២ នាក់​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី ៣០ ខែកញ្ញា​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត​បន្ត​នាំ​ជាប់​ក្រោម​បំណែក​អាគារ ហើយ​ក្រុម​ភ្នាក់ងារ​សង្គ្រោះ​បន្ត​ប្រឹងប្រែង​ស្វែងរក និង​សង្គ្រោះ​ពួកគេ​មកដល់​ឥឡូវនេះ​។ ក្រៅពី​ព្យាយាម​គាសកកាយ​សំណង់​អាគារ​ដើម្បី​សង្គ្រោះ​អ្នក​បន្ត​បាត់​ខ្លួន អាជ្ញាធរ​ក៏​បន្ត​ដុត​ដែ​ដុតជើង​រៀបចំ​ទីលំនៅ​បណ្តោះអាសន្ន​សម្រាប់​ប្រជាជន​ដែល​បាត់បង់​ផ្ទះសម្បែង ផ្តល់​ស្បៀងអាហារ ថ្នាំសង្កូវ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ផងដែរ​។​
 
​រឿង​ដែល​គួរ​ឲ្យ​សង្វេគ​នោះ​គឺ ជនរងគ្រោះ​ដែល​បាត់បង់​លំនៅដ្ឋាន និង​ប្រឈម​​កង្វះខាត​ស្បៀងអាហារ​នោះបាន​បង្ខំចិត្ត​នាំគ្នា​ចូល​លួច​ចំណីអាហារ ទឹក និង​ប្រេង​តាម​ហាង ខណៈដែល​ប៉ូ​លី​បាន​ត្រឹម​សំឡឹងមើល និង​មិន​ដាច់ចិត្ត​ចូលទៅ​ហាមឃាត់ ឬ​អន្តរាគមន៍​ឡើយ​។​
 
​តាមពិតទៅ គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្ពស់​ដល់ ៧,៧ នេះ​កើតឡើង​នៅ​ថ្ងៃ​សុក្រ​ទី ២៨ ខែកញ្ញា ដោយមាន​រលក​យក្ស​ស៊ូណាមិ​មកជា​មួយ​ផង ហើយ​អាគារ​ធំៗ និង ផ្ទះសម្បែង​ច្រើនសន្ធឹក​បាន​បាក់​រលំ​រាប​ដល់​ដី​។ បើតាម​ការបញ្ជា​ក់រប​ស់​អាជ្ញាធរ មនុស្ស​ស្លាប់​ច្រើន ដោយសារ​ការរញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​នេះ​កើតឡើង​ចំពេល​ដែល​ប្រជាជន​រាប់រយ​នាក់​កំពុង​ប្រារព្ធ​ពិធីបុណ្យ​មួយ​នៅតាម​មាត់​ឆ្នេរ​ផង​។​
 
​វា​ក្លាយជា​ករណី​គ្រោះមហន្តរាយធម្មជាតិ​ធ្ងន់ធ្ងរ​បំផុត​មួយ​រាប់​ចាប់ពី​ឆ្នាំ ២០០៤ ពេលដែល​ប្រទេស​កោះ​អាស៊ីអាគ្នេយ៍​មួយ​នេះ​រង​ការវាយប្រហារ​ដោយសារ​រលក​យក្ស​ស៊ូណាមិ ហើយ​បណ្តាល​ឲ្យ​មនុស្ស​ជាង ១៦​ម៉ឺន​នាក់​ស្លាប់​។ 
 
​ម្សិលមិញ​គេ​ឃើញ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ​វី​ដូ​ដូ អញ្ជើញ​ទៅ​ត្រួតពិនិត្យ​តំបន់​ដែល​រងគ្រោះ និង​ជួប​ជាមួយ​ក្រុម​យោធា​ដែល​នាំ​បំពេញ​ប្រតិបត្តិ​ការសង្គ្រោះ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​ក្រុង Palu ដែរ​។​នៅ​ចំពោះមុខ​ក្រុម​យោធា ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី​បាន​ទទូច​ឲ្យ​ក្រុមការងារ​ទាំងអស់​ប្រឹងប្រែង​អស់ពី​ចិត្ត​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ពន្យារពេល​ដើម្បី​សង្គ្រោះ និង​ជម្លៀស​ប្រជាជន​ដែល​រងគ្រោះ​ទាំងនោះ​។​
 
១.​គ្មាន​លទ្ធភាព​ជួយសង្គ្រោះ​គ្រប់គ្រាន់ ឥណ្ឌូណេស៊ី​ដង្ហោយ​សុំ​ជំនួយ​
 
​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូណេស៊ី Sutopo Purwo Nugroho បាន​លើកឡើងថា ចំនួន​អុ្ន​ក​ស្លាប់​បន្ត​កើនឡើង ហើយ​ក្រុមការងារ​លោក​នឹង​ចាប់ផ្តើម​កប់​សាកសព​អ្នកស្លាប់​ឲ្យ​បាន​ឆាប់​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ផង​។ 
 
​ប៉ុន្តែ​ឥឡូវនេះ លោក​យល់ឃើញថា ក្រុម​សង្គ្រោះ​កំពុង​ប្រជែង​នឹង​ពេលវេលា​ដើម្បី​សង្គ្រោះ​អ្នក​នៅ​រស់រានមានជីវិត​ដែល​កំពុង​កប់​ក្នុង​បំណែក​អាគារ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ​គឺ ក្រុមការងារ​ខ្វះខាត​សម្ភារ​ដើម្បី​យក​មនុស្ស​ចេញ​។ គ្រាន់តែ​នៅ​សណ្ឋាគារ Palu មួយ អាជ្ញាធរ​ឥណ្ឌូណេស៊ី​វាយតម្លៃថា វា​អាចមាន​មនុស្ស​ជាប់​ខាងក្រោម​បំណែក​អាគារ​នោះ​យ៉ាងតិច ៦០​នាក់​។​
 
​ដោយសារ​ខ្វះខាត​សម្ភារ និង​លទ្ធភាព​សង្គ្រោះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ផ្ទាល់​បាន​បើកទ្វារ​ទទួល​ជំនួយ មនុស្សធម៌ និង​ដង្ហោយ​រក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ដែរ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ១ ខែតុលា​នេះ​។ ប្រធាន​ទីភ្នាក់ងារ​សម្រប​សម្រួលការ​វិនិយោគ​នៃ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​លោក  Tom Lembong បាន​បង្ហោះ​តាម​បណ្តាញ​សង្គម Twitter ដូច្នេះ​៖ «​កាលពី​យប់មិញ ប្រធានាធិបតី ចូ​កូ​វី បានអនុញ្ញាត​ឲ្យ​យើង​ទទួល​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​គ្រាអាសន្ន​នេះ​។ ខ្ញុំ​កំពុង​ជួយ​សម្របសម្រួល​ចំពោះ​ការទទួល​ជំនួយ​ពី​បណ្តា​ភាគី​នានា​លើ​ពិភពលោក​»​។ 
 
​បច្ចុប្បន្ននេះ អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​អន្តរជាតិ​ជាច្រើន​បាន​បន្តកន្ទុយ​គ្នា​សុំ​ផ្តល់ជំនួយ​សម្រាប់​ការសង្គ្រោះ​ក្នុង​គ្រាអាសន្ន​នេះដែរ​។​

ក្រៅពីនេះ​គេ​ឃើញ​មាន​រដ្ឋាភិបាល​ជា​មិត្ត​មួយចំនួន​ដែរ បាន​ទាក់ទង​សុំ​ផ្តល់ជំនួយ​មនុស្សធម៌​ជា​កញ្ចប់​ហិរញ្ញវត្ថុ និង​ជួយ​ជា​កម្លាំង​ដោយ​ស្ម័គ្រចិត្ត​បញ្ជូន​ក្រុមការងារ​របស់ខ្លួន​ទៅ​ឥណ្ឌូណេស៊ី​តែម្តង​។ ក្នុងនោះ​នោះ វា​មាន​កូរ៉េខាងត្បូង​។ កូរ៉េខាងត្បូង​ប្រកាស​ផ្តល់​លុយ ១​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌ និង​ពិចារណា​បញ្ជូន​ក្រុម​រុករក និង​សង្គ្រោះ​ទៅកាន់​ក្រុង Palu​។
យ៉ាងណាមិញ កូរ៉េខាងត្បូង​កំពុង​បន្ត​ប្រឹក្សា​យោបល់​ជាមួយ​ក្រសួង​ពាក់ព័ន្ធ  និង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ផងដែរ មុននឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នេះ​។​
 
​ដាច់ដោយឡែក​ពីនេះ សហភាព​អឺរ៉ុប​បានប្រកាសថា​ខ្លួន​បញ្ចេញ​ថវិកា​ជំហាន​ដំបូង​ក្នុង​ទំហំ ១,៥​លាន​អឺរ៉ូ ដើម្បី​ផ្តល់​ឲ្យ​ឥណ្ឌូណេស៊ី​ដោះស្រាយ​បញ្ហា​មនុស្សធម៌​នេះ​។ ស្នងការ​ទទួលបន្ទុក​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​អឺរ៉ុប Christos Stylianides បានបញ្ជាក់​ដូច្នេះ​៖« យើង​កំពុង​ដាក់ចេញ​វិធានការ​ឲ្យ​បាន​រហ័ស​ដើម្បី​បញ្ចេញ​ជំនួយ​ទៅ​ឲ្យ​ប្រជាជន​ដែល​រងគ្រោះ​ខ្លាំងជាងគេ​នៅ​ឥណ្ឌូណេស៊ី​។ កញ្ចប់​ថវិកា​នេះ​នឹង​ជួយ​ដល់​អ្នក​ងាយ​រងគ្រោះ និង​ជួយ​ជំនួយ​ចាំបាច់​ដូចជា​ស្បៀង ទឹក ជម្រក និង​ថ្នាំសង្កូវ​ជាដើម​។ វា​ជា​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប​។ 
 
​ខាង​តួ​ក​គី​ឯណោះ​វិញ ប្រធានាធិបតី Recep Tayyip Erdogan បានប្រកាស​ចូលរួម​រំ​លែ​ក​ទុក​ចំពោះ​ក្រុមគ្រួសារ​អ្នកស្លាប់​ក្នុងនាម​ជា​ប្រទេស​ឥស្លាម​ដូចគ្នា​។ លោក​ក៏បាន​បញ្ជាក់ដែរថា តួ​ក​គី​ត្រៀមខ្លួន​រួចរាល់​ហើយ និង​សន្យា​ធ្វើ​គ្រប់បែបយ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ជួយ​ឥណ្ឌូណេស៊ី​ដោះស្រាយ​បញ្ហា​ក្នុង​គ្រាអាសន្ន​នេះ​។​
 
២.​អ្នកស្លាប់​ច្រើនពេក គេ​ចោទសួរថា តើ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ពិតជា​អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឬ​?  

​ត្រឡប់មកវិញ មុន​មានការ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​និង​រលក​យក្ស​ស៊ូណាមិ​នេះ​កើតឡើង អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​សហការ​ជាមួយ​មូលនិធិ​ជាតិ​វិទ្យាសាស្ត្រ​អាមេរិក រៀបចំ​គម្រូ​ប្រព័ន្ធ​ជូនដំណឹង​ប្រកាសអាសន្ន​ពី​រលក​យក្ស​ស៊ូណាមិ​ដែរ​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ គម្រោង​នេះ​ត្រូវបាន​ពន្យារពេល​ដាក់​អនុវត្ត​ពេល​កាលពី​ពីរ​សប្តាហ៍​មុន​ដោយសារ​បញ្ហា​មួយចំនួន​ដែល​រដ្ឋាភិបាល​មិន​ប្រកាស​ឲ្យ​ដឹង​។ 
 
​ដោយសារ​អ្នកស្លាប់​អាច​នឹង​កើន​ដល់​រាប់ពាន់នាក់​នោះ អ្នកជំនាញ​បាន​រិះគន់​សមត្ថភាព​របស់​រដ្ឋា​ភិ​ក្នុងការ​ទប់ស្កាត់​បញ្ហា​នេះ ព្រោះថា បើសិនជា​គម្រោង​ប្រព័ន្ធ​ប្រកាសអាសន្ន​ជាមុន​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ទាន់ពេល វា​ប្រហែលជា​អាច​សង្គ្រោះ​ជីវិត​ប្រជាជន​បាន​ច្រើនណាស់​។​
 
​សាស្ត្រាចារ្យ​នៃ​សកលវិទ្យា​ល័យ Pittsburgh ដែលជា​អ្នកវិទ្យាសាស្ត្រ​ដែល​ដឹកនាំ​គម្រោង​កំណត់​សញ្ញា​រលក​យក្ស​ស៊ូណាមិ​នេះ​លោកស្រី Louise Comfort  បានបង្ហាញ​ក្តី​ខកចិត្ត និង​សោកសង្រេង​ចំពោះ​គ្រោះមហន្តរាយ​ដែល​វាយប្រហារ​លើ​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​សុក្រ​។ លោក​បាន​សង្កត់ធ្ងន់ថា បើសិនជា​ឥណ្ឌូណេស៊ី​អាច​ចំណាយលុយ​ត្រឹម ៥​ម៉ឺន​ដុល្លារ​ដើម្បី​ដាក់គម្រូ​ប្រព័ន្ធ​ផ្តល់ដំណឹង​អាសន្ន​នេះ​​ឲ្យ​ដំណើរការ​នោះ​ជា​ផ្លូវការ​នោះ ជីវិត​មនុស្ស​រាប់រយ​ឬ​រាប់ពាន់នាក់​អាច​រួច​ផុតពី​សេចក្តីស្លាប់​ផង​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត VOA លោកស្រី Comfort បាន​និយាយ​ដូច្នេះ​៖« ខ្ញុំ​ខកចិត្ត​ខ្លាំង ខកចិត្ត​ខ្លាំង​មែនទែន​។ យើង​មាន​អ្នកស្រាវជ្រាវ​ជនជាតិ​ឥណ្ឌូណេស៊ី​ដែល​បាន​ប្រឹងប្រែង​ធ្វើការ​ងារ​អស់​ពេល​ដប់ឆ្នាំ​មកនេះ​ដើម្បី​រៀបចំ​ប្រព័ន្ធ​ផ្តល់ដំណឹង​នេះ​។ វា​ជា​រឿង​ឈឺចាប់​បំផុត​សម្រាប់​ខ្ញុំ​»​។ 
 
​លោកស្រី​ពន្យល់ថា ព្រោះ​គ្មាន​ប្រព័ន្ធ​ផ្តល់ដំណឹង និង​ចាប់​សញ្ញា​ប្រែប្រួល​ទឹក​នេះ ឥ​ណ្ឌ​ណេ​ស៊ី​គ្មាន​វិធានការ​ផ្តល់ដំណឹង​ដែល​អាចមាន​សមត្ថភាព​ចាប់​សញ្ញា​ប្រែប្រួល​នៃ​ស្ថានភាព​ទឹក​ដែល​បណ្តាលមកពី​គ្រោះ​រញ្ជួយ​ដី​។ ផ្ទុយទៅវិញ ឥណ្ឌូណេស៊ី​ពឹងផ្អែក​លើ​តែ​ប្រព័ន្ធ​ចាប់​សញ្ញា​ស៊េរី​ចាស់​ដែល​ដំឡើង​លើគោក និង​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ​។ 
 
​តាម​ទៅ​សមត្ថភាព​របស់​អាជ្ញាធ​រពាក់​ព័ន្ធ​ក្នុងការ​ឆ្លើយតប និង​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ឥណ្ឌូណេស៊ី​បានក្លាយ​ជា​ប្រធានបទ​ក្តៅ​រាប់​ចាប់ពី​ពេលដែល​ការរញ្ជួយ​ដី​ប៉ុន្មាន​លើក​កើតឡើង​នៅ​កោះ​ឡុំ​បុក​ដែល​ឆក់យក​ជីវិត​មនុស្ស​ជាង ៥០០​នាក់​នោះ​ចាប់ពី​ខែសីហា​មក​នោះ​។​
 
​ដោយសារ​ឥណ្ឌូណេស៊ី​ស្ថិតនៅ​ល់​ខ្សែក្រវាត់​ភ្នំភ្លើង​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​រញ្ជួយ​ដី កន្លងមកនេះ​ក្រុម​ដៃគូ​អភិវឌ្ឍ​ជាច្រើន​របស់​ឥណ្ឌូណេស៊ី​បាន​ចូលរួមចំណែក​សំខាន់​ដែរ​ក្នុង​ការជួយ​គាំទ្រ​ការលើកស្ទួយ​សមត្ថភាព​គ្រប់គ្រង និង​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​។ យោងតាម​នាយក​មជ្ឈមណ្ឌល ស្រាវជ្រាវ​អាស៊ី​ខាងត្បូង​នៃ​សាកលវិទ្យាល័យ កាន​សាស (Kansas) លោក Bimal Paul ជា​ឧទាហរណ៍ ក្នុង​ឆ្នាំ ២០១២ ទីភ្នាក់ងារ​អាមេរិក​ស​ម្រា​ប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង​ការិយាល័យ​អាមេរិក​សម្រាប់​ផ្តល់ជំនួយ​គ្រោះមហន្តរាយ​អន្តរជាតិ​បាន​បើក​ការិយាល័យ​នៅ​ក្រុង​ហ្សា​ការ​តា​ដើម្បី​ផ្តល់​កញ្ចប់​ហរិញ្ញវត្ថុ និង​បំពាក់បំប៉ន​សមត្ថភាព​ដល់​ភ្នាក់ងារ​ពាក់ព័ន្ធ​នៅ​ឥណ្ឌូណេស៊ី​ផង​។ ក្រៅពីនេះ​វា​ក៏មាន​វគ្គ​បណ្តុះបណ្តាល​ស​ម្រា​ប់​ការលើកកម្ពស់​ចំណេះដឹង​ជុំវិញ​បញ្ហា​គ្រោះមហន្តរាយ​នេះដែរ​។​
 
​យ៉ាងណាមិញ អ្នកជំនាញ​ខាងលើ​នៅតែ​មើលឃើញថា សមត្ថភាព​របស់​អាជ្ញា​ធរ​ឥណ្ឌូណេស៊ី​នៅតែមាន​កម្រិត ហើយ​យឺត​យ៉ាង និង​ខ្វះ​ការត្រៀមខ្លួន​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា ពេលដែល​គ្រោះមហន្តរាយ​កើតឡើង​។ គេ​រកឃើញថា ឥណ្ឌូណេស៊ី​ខ្វះខាត​យន្តការ​ក្នុងការ​សង្គ្រោះ មាន​ភាពទន់ខ្សោយ​ក្នុងការ​ទំនាក់ទំនង ខ្វះខាត​ឧបករណ៍ប្រើប្រាស់ និង​គ្រឿងចក្រ​សម្រាប់​បំពេញ​ប្រតិបត្តិ​ការសង្គ្រោះ​ផង​។​
 
 តួយ៉ាង បញ្ហា​ដែល​កើត​នៅ​កោះ​ឡុំ​បុក​នោះ​គឺជា​ឧទាហរណ៍​មួយ​ស្រាប់​។ នៅពេលនោះ ប្រតិបត្តិ​ការសង្គ្រោះ​ត្រូវ​ផ្អាក​នៅពេល​យប់​ដោយសារ​ការខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​, អគ្គិសនី​ត្រូវ​កាត់ផ្តាច់ ហើយ​ការទាក់ទង​គ្នា​ក៏ត្រូវ​កាត់ផ្តាច់​ដូចគ្នា ដែល​វា​ធ្វើ​ឲ្យ​ជនរងគ្រោះ​ប្រឈម​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​៕
 

Tag:
 ឥណ្ឌូណេស៊ី​
 ​រញ្ជួយ​ដី​
  ស៊ូណាមិ​
  Palu
  Sulawesi
© រក្សាសិទ្ធិដោយ thmeythmey.com