អន្តរជាតិ
កូរ៉េ​ទាំងពីរ ចាប់ផ្ដើម​ដោះមីន​នៅតាម​ព្រំដែន​តាម​ការឯកភាព​គ្នា​
01, Oct 2018 , 10:19 pm        
រូបភាព
ទាហានកូរ៉េខាងត្បូងឈរក្នុងតំបន់សន្តិសុខរួម JSA (រូបភាព AFP)
ទាហានកូរ៉េខាងត្បូងឈរក្នុងតំបន់សន្តិសុខរួម JSA (រូបភាព AFP)
​កូរ៉េ​ទាំងពីរ នៅ​ថ្ងៃទី​១ ខែតុលា បានចាប់ផ្ដើម​ការងារ​របស់ខ្លួន​ក្នុងការ​ដោះមីន​ចេញពី​ផ្នែក​នៃ​តំបន់​គ្មាន​កងទ័ព (DMZ) ដែល​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ជា​ពីរ​។ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​និយាយថា ការដោះមីន​នេះ គឺ​ស្របតាម​កិច្ចព្រមព្រៀង​ថ្មីៗ​នេះ​ក្នុងការ​កាត់បន្ថយ​ភាព​តានតឹង និង​បញ្ចៀស​ការប៉ះទង្គិច​ជាយថាហេតុ​។ មេដឹកនាំ​កូរ៉េ​ទាំងពីរ​បាន​ត្រូវបាន​ឯកភាពគ្នា​បញ្ចប់​ជម្លោះ​ក្នុងជំនួប​ខែមេសា ហើយ​កិច្ចព្រមព្រៀង​យោធា​មួយ ក៏​ត្រូវបាន​ចុះហត្ថលេខា​នា​ជំនួប​មេដឹកនាំ​នៅ​ខែកញ្ញា​។​

 
​យោធា​មកពី​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បានចាប់ផ្ដើម​ដោះមីន​នៅ​តំបន់​សន្តិសុខ​រួម (JSA) ក្នុងភូមិ​ប៉ាន់​មុន​ជុម​ដែលជា​ព្រំដែន​កូរ៉េ​ទាំងពីរ​។ ការដោះមីន​នេះ ធ្វើឡើង​បន្ទាប់ពី​ការចុះ​កិច្ចព្រមព្រៀង​រវាង​រដ្ឋ​មន្ត្រី​ការពារជាតិ​កូរ៉េ​ទាំងពីរ​អំឡុង​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ថ្ងៃទី​១៨-២០ ខែកញ្ញា​នៅ​ទីក្រុង​ព្យុងយ៉ាង​។ 
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​១ ខែតុលា ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បញ្ជាក់ថា ជាមួយនឹង​ចាប់ផ្ដើម​ដោះមីន​នេះ យោធា​នៃ​កូរ៉េ​ទាំងពីរ​នឹង​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ធានាថា កិច្ចព្រមព្រៀង​យោធា​ថ្មីៗ​នេះ នឹងត្រូវ​អនុវត្ត​ជា​ប្រព័ន្ធ និង​តាម​ធម្មតា​។ ការដោះមីន​នៅ JSA ដែល​ស្ថិតក្នុង​តំបន់​គ្នា​យោធា នឹង​ធ្វើឡើង​រយៈពេល​២០​ថ្ងៃ ហើយ​អំឡុង​ពេលនេះ កូរ៉េ​ទាំងពីរ និង​ទីបញ្ជាការ​អង្គការសហប្រជាជាតិ (UNC) ដែល​ត្រួតពិនិត្យ JSA នឹង​ជជែក​គ្នា​ពី​បញ្ហា​ផ្សេង​ទាក់ទង​ការដោះមីន​នេះ​។​
 
​ក្រៅពី​ការដោះមីន កូរ៉េ​ទាំងពីរ​ក៏​ព្រមព្រៀង​រុះរើ​ប៉ុស្តិ៍​យាម និង​ដក​អាវុធ​ចេញពី JSA ដែរ ខណៈ​ទាហាន​ដែល​ប្រចាំការ​នៅ​ទីនោះ នឹងមិន​ត្រូវបាន​បំពាក់អាវុធ​ឡើយ​។ JSA ជា​ចំណុច​មួយ​ក្នុង​ព្រំដែន​ប្រវែង​២៥០​គីឡូម៉ែត្រ​បែង​ចែ​កូរ៉េ​ឧបទ្វីប​កូរ៉េ ជាទី​តែមួយគត់​ដែល​ទាហាន​កូរ៉េ​ទាំងពីរ​អាច​ប្រឈមមុខគ្នា​បាន​។ ទីនេះ​ហើយ​ដែល​ទាហាន​កូរ៉េខាងជើង​ម្នាក់​រត់​ភៀសខ្លួន​ចូល​កូរ៉េខាងត្បូង ហើយ​ត្រូវបាន​បាញ់​ជាច្រើន​គ្រាប់ មុន​ត្រូវបាន​ទាហាន​កូរ៉េខាងត្បូង​សង្គ្រោះ​។​
 
​ក្រៅពី​តំបន់ JSA កូរ៉េ​ទាំងពីរ​ក៏​ដោះមីន​នៅ​ជ្រលង​ក្នុង​តំបន់ Cheorwon ក្នុង​ខេត្ត​ហ្កា​ង​វុន​ផងដែរ​។ ក្រោយ​ការដោះមីន​នេះ​ដែល​នឹង​បន្ត​ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា កូរ៉េ​ទាំងពីរ​នឹង​ចាប់ផ្ដើម​គាស់​រក​សាកសព​ទាហាន​សម័យ​សង្គ្រាម​កូរ៉េ​បន្តទៀត​។ ជ្រលង​នេះ​ជា​សមរភូមិ​ប្រយុទ្ធ​ខ្លាំងក្លា​អំឡុងពេល​សង្គ្រាមត្រជាក់ ហើយ​គេ​ជឿថា មាន​សាកសព​ទាហាន​ចំនួន​៥០០ ដែល​ក្នុងនោះ​មាន​ទាហាន​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​៣០០​នាក់​ផង​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​អ្នកជំនាញ​មីន​អះអាងថា មីន​ច្រើនជាង​មួយ​លាន​គ្រាប់​ត្រូវបាន​កប់​តាម​បណ្ដោយ​ព្រំដែន​កូរ៉េខាងត្បូង និង​ខាងជើង រាប់ទាំង​តំបន់​គ្មាន​កងទ័ព និង​តំបន់​គ្រប់គ្រង​ដោយ​ស៊ីវិល​នៅ​ភាគខាងត្បូង​ខ្សែ​ព្រំដែន​ផង​។ កន្លងមក ជន​ស៊ីវិល និង​ទាហាន​មួយចំនួន​បាន​ស្លាប់ និង​រងរបួស​ដោយសា​រ​គ្រាប់មីន​នេះ​។ ករណី​គួរ​ឲ្យ​កត់សម្គាល់ គឺ​ក្នុង​ឆ្នាំ​២០១៥ ដែល​ទាហាន​កូរ៉េខាងត្បូង​ពីរ​នាក់​បាន​ពិការ​ដោយសារ​ជាន់មីន តែ​កូរ៉េខាងជើង​បាន​បដិសេធ​៕
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com