អន្តរជាតិ
អាមេរិក​និង​កាណាដា សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជំនួស NAFTA
01, Oct 2018 , 11:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ទីបំផុត​អាមេរិក និង​កាណាដា បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​ទ្វីបអាមេរិក​ខាងជើង ដែល​នឹង​បញ្ចូល​ម៉ិ​ក​ស៊ិ​ក​ផង​។ កិច្ចព្រមព្រៀង​ថ្មី​នេះ នឹង​ជំនួស​កិច្ចព្រមព្រៀង​ចាស់ ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គំរាម​ហែក​ចោល បន្ទាប់ពី​ត្រូវបាន​អនុវត្ត​តាំងពី​ឆ្នាំ​១៩៩៤ មក​។ ការចរចា​អស់​ពេល​ជា​យូរ កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ហាក់​ធ្វើ​សម្បទាន​ច្រើន​ទៅ​ឲ្យ​អាមេរិក​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​ថ្មី​លេច​ជា​រូបរាង​ឡើង​។​

 
​លា​ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង (NAFTA) និង​ស្វាគមន៍​កិច្ចព្រមព្រៀង​អាមេរិក​-​កាណាដា​-​ម៉ិ​ក​ស៊ិ​ក (USMCA) ។ ក្រោយ​ចរចា​តានតឹង​បំផុត អាមេរិក និង​កាណាដា បាន​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​សម្រាប់​អាមេរិក​ខាងជើង ដែល​បាន​សង្គ្រោះ​តំបន់​ផ្លាស់ប្ដូរ​ទំនិញ​ពាណិជ្ជកម្ម​ទំហំ​១.២​ទ្រី​លាន​ដុល្លារ​។ វា​ជា​ជោគជ័យ​ដ៏​ធំ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​គំរាម​លុបចោល NAFTA ។​
 
​កាលពី​ខែសីហា អាមេរិក និង​ម៉ិ​ក​ស៊ិ​កបាន​ឯកភាព​រួចហើយ​លើ​កិច្ចព្រមព្រៀង​នេះ តែ​មិនអាច​ស្វែងរក​ចំណុចរួម​ជាមួយ​កាណាដា​។ តម​កទៀត អាមេរិក និង​កាណាដា​ក៏​ចរចា​គ្នា​យ៉ាង​តឹងតែង​បំផុត​រហូតដល់​វិនាទី​ចុងក្រោយ​ទៅហើយ​។ ដោយសារ​ប្រទេស​ទាំងបី​ព្រមព្រៀងគ្នា​បែបនេះ កិច្ចព្រមព្រៀង​ថ្មី​អាច​ត្រូវបាន​ចុះហត្ថលេខា​នៅ​ខែវិច្ឆិកា​ខាងមុខ ហើយ​អាមេរិក​នឹង​សុំ​ការឯកភាព​ពី​សភា​សិន មុន​ចាប់ផ្ដើម​កិច្ចព្រមព្រៀង USMCA ។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​រួមគ្នា​នៅ​ថ្ងៃទី​៣០ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស​កាណាដា Chrystia Freeland និង​តំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក Robert Lighthizer បានប្រកាសថា កិច្ចព្រមព្រៀង​ថ្មី​នឹង​បង្កើត​ទីផ្សារ​ដែល​កាន់តែ​សេរី ពាណិជ្ជកម្ម​ដែល​កាន់តែ​យុត្តិធម៌ និង​កំណើនសេដ្ឋកិច្ច​រស់​រវើក​នៅក្នុង​តំបន់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ចាត់ទុក​លទ្ធផល​នេះ ជា​ថ្ងៃ​ល្អ​សម្រាប់​កាណាដា​។​
 
​ទម្រាំ​សម្រេចបាន​កិច្ចព្រមព្រៀង​ថ្មី​នេះ អាមេរិក​ទទួលបាន​ប្រយោជន៍​ច្រើន ខណៈ​កាណាដា និង​ម៉ិ​ក​ស៊ិ​កបាន​លះបង់​ច្រើន​ដូចគ្នា​។ កិច្ចព្រមព្រៀង​ថ្មី នឹង​រក្សា​យន្តការ​ដោះស្រាយ​ជម្លោះ​ដែល​កាណាដា​ចង់បាន​សម្រាប់​ការពារ​ឧស្សាហកម្ម​ឈើ និង​វិស័យ​ផ្សេងទៀត​របស់ខ្លួន​ពី​នយោបាយ​ពន្ធ​របស់​អាមេរិក​។ កាណាដា​ក៏ត្រូវ​បើក​ទីផ្សារ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​សម្រាប់​កសិករ​អាមេរិក​ចំនួន​៣.៥​ភាគរយ​នៃ​ទីផ្សារ​ក្នុងស្រុក​របស់ខ្លួន​។​
 
​កិច្ចព្រមព្រៀង​នេះ​ក៏​តម្រូវ​ឲ្យ​សម្ភារ​រថយន្ត​ភាគច្រើន​ត្រូវ​ផលិត​នៅ​តំបន់​អាមេរិក​ខាងជើង ដែលជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​ទាក់ទាញ​អ្នក​ផលិត​ឡាន​ពី​ម៉ិ​ក​ស៊ិ​ក និង​បង្កើត​ការងារ​នៅ​អាមេរិក​វិញ ខណៈ​កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ក៏​ឯកភាព​នាំចេញ​រថយន្ត​អ្នកដំណើរ​ចំនួន​២.៦​លាន​គ្រឿង​អាមេរិក​ទៅកាន់​អាមេរិក​ផងដែរ​។ យ៉ាងណាមិញ កិច្ចព្រមព្រៀង​ថ្មី​នៅតែ​មិនអាច​ដោះស្រាយ​បញ្ហាសំខាន់​ដដែល គឺ​ការដំឡើង​ពន្ធ​របស់​អាមេរិក​លើ​ការនាំចេញ​អាលុយមីញ៉ូម និង​ដែកថែប​របស់​កាណាដា​៕
 

Tag:
 អាមេរិក​
  កាណាដា​
  ម៉ិ​ក​ស៊ិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com