អន្តរជាតិ
មេដឹកនាំ​ម៉ា​សេ​ដ្វា​ន ប្តេជ្ញា​ជំរុញ​ការបោះឆ្នោត​ក្នុង​សភា​ដើម្បី​ប្តូរ​ឈ្មោះ​ប្រទេស ក្រោយ​បរាជ័យ​ក្នុង​ប្រជាមតិ​
02, Oct 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​រដ្ឋាភិបាល​ម៉ា​សេ​ដ្វា​ន​បានប្រកាសថា លោក​នឹង​ព្យាយាម​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ក្នុង​សភា​ដើម្បី​អនុម័ត​ប្តូរ​ឈ្មោះ​ប្រទេស​ទៅជា​«​ម៉ា​សេ​ដ្វា​ន​ខាងជើង​» តាម​ការព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រិ​ក​។ ការប្រកាស​នេះ​ធ្វើឡើង បន្ទាប់ពី​ប្រជាជន​ម៉ា​សេ​ដ្វា​ន​តិចជាង ៥០​ភាគរយ​នាំគ្នា​ទៅ​បោះឆ្នោត​ក្នុង​ប្រជាមតិ​ដែល​វា​ធ្វើ​ឲ្យ​លទ្ធផល​នេះ​មិនបានការ​។

 
 
​ប្រជាមតិ​ដើម្បី​សម្រេច​លើ​ការប្តូរឈ្មោះ​ប្រទេស​ម៉ា​សេ​ដ្វា​ន​ទៅជា «​ម៉ា​សេ​ដ្វា​ន​ខាងជើង​» ដែល​រៀបចំ​កាលពី​ថ្ងៃអាទិត្យ​ទី ៣០ ខែកញ្ញា​នោះ​មិនត្រូវ​បាន​គេ​ចាត់ទុកថា បានការ​ឡើយ ដោយសារ​អ្នក​ទៅ​ចូល​រួមមាន​ត្រឹម​៣៦​ភាគរយ​ប៉ុណ្ណោះ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ ដោយសារ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ក្រុង​ស្កុប​ជេ   លោក សូ​រាន សា​អេ​វ បានបញ្ជាក់​ជាថ្មី​ថា លោក​នឹង​ប្រឹងប្រែង​ជំរុញ​ឲ្យ​សភា​បោះឆ្នោត​អនុម័ត​ប្តូរ​ឈ្មោះ​ប្រទេស​តាម​ការ​ព្រមព្រៀងគ្នា​។ 
 
​លោក សា​អេ​វ មិនបាន​លើកឡើង​ចំៗ​ពី​លទ្ធផល​ប្រជាមតិ​ទេ ប៉ុន្តែ​លោក​ប្តេជ្ញា​ថា ការបោះឆ្នោត​ក្នុង​សភា​នឹងត្រូវ​រៀបចំឡើង​ឆាប់ៗ​ដើម្បី​សម្រេច​លើ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ត្រួសត្រាយ​សម្រាប់​ការប្តូរឈ្មោះ​ប្រទេស​នេះ​។​
 
​យ៉ាងណាមិញ មិនមែន​អ្នកនយោបាយ​ទាំងអស់​គាំទ្រ​ការប្តូរឈ្មោះ​ប្រទេស​ដែលជា​ចំណុច​ស្ថិតក្នុង​កិច្ចព្រមព្រៀង​រវាង​ម៉ា​សេ​ដ្វា និង​ក្រិ​ក​ឡើយ​។ ចំណែក​សមាជិកសភា​ម៉ា​សេ​ដ្វា​ន​បាន​បញ្ជាក់ថា ខ្លួន​នឹង​គោរព​ឆន្ទៈ​ប្រជាជន​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​នេះដែរ ដែល​វា​មានន័យថា ក្រុមប្រឆាំង​អាចមាន​លទ្ធភាព​ក្នុងការ​បោះឆ្នោត​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​នេះ​។​
 
​បច្ចុប្បន្ន សភា​ម៉ា​សេ​ដ្វា​ន​មាន​អាសនៈ​សរុប ១២០ ហើយ​ក្រុមប្រឆាំង​ដែលជា​អ្នក​ជាតិនិយម​កាន់កាប់​អាសនៈ ៤៩​ឯណោះ​។ ពួកគេ​អាចមាន​លទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការបោះឆ្នោត​អនុម័ត​ក្នុង​សំឡេង​ពីរភាគបី​ដែល​ត្រូវការ​សម្រេច​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​
 
​តាមពិតទៅ កិច្ចព្រមព្រៀង​បឋម​ដែល​បាន​ឯកភាពគ្នា​រវាង​រដ្ឋាភិបាល​ក្រិ​ក និង​ម៉ា​សេ​ដ្វា​ន​កាលពី​ខែមិថុនា​កន្លងមកនេះ​មាន​គោលដៅ ប្តូរ​ឈ្មោះ​រដ្ឋបាល់​កង់ និង​ជា​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី​ម៉ា​សេ​ដ្វា​ន​ទៅជា «​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន​ខាងជើង​» (Republic of North Macedonia) វិញ​។ បើសិនជា​សមា​ម៉ា​សេ​ដ្វា​ន​ព្រម​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ព្រម​ប្តូរ​ឈ្មោះ​នេះ វា​ក៏​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋ​ម៉ា​សេ​ដ្វា​ន​នេះ​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​សហភាព​អឺរ៉ុប​ដូចគ្នា​ដែរ​។​
 
​ម៉ា​សេ​ដ្វា​ន​ប្រកាស​ឯករាជ្យ​ពី​យូ​ហ្គោ​ស្លា​វី​នៅ​ឆ្នាំ ១៩៩១ ហើយ​ចាប់ពីពេលនោះ​មក​ប្រទេស​យ៉ាងតិចណាស់ ១៣០​លើ​ពិភពលោក​រួមទាំង​អាមេរិក រុស្ស៊ី និង​មហាអំណាច​ផ្សេង​ទៀតផង​នោះ​ទទួលស្គាល់​ឈ្មោះ «​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី នៃ​ម៉ា​សេ​ដ្វា​ន​»​។ 
 
​ជម្លោះ​រឿង​ឈ្មោះ​ជាមួយ​ក្រិ​ក​នេះ កើតឡើង​ដោយសារ​ក្រិ​កមាន​ខេត្ត​មួយ​ដែល​ឈ្មោះ ម៉ា​សេ​ដ្វា​ន​ដែរ (Greek Macedonia) ដែលជា​ទឹកដី​មាន​វប្បធម៌ អរិយធម៌ ភាសា​និង​ទំនៀមទម្លាប់​ពី​យូរលង់​ណាស់​មកហើយ​។ អ្វីដែល​សំខាន់​វា​ជា​ទឹកដី​កំណើត​របស់​ស្តេច អា​ឡិច​ហ្សា​ន់​ឌ័​រ ដឹក​ហ្ក្រេ​ត (Alexander The Great) ផងដែរ​។ ប្រជាជន​ក្រិ​ក​ជានិច្ច​ជា​កាល​បាន​ចោទប្រកាន់ថា ម៉ា​សេ​ដ្វា​ន ដែល​សម្រេច​យកឈ្មោះ​ដូចគ្នា​នឹង​ខេត្ត​ខ្លួន​នោះ​មាន​ចេតនា​មិនល្អ​ឡើយ​។​
 
​ក្នុង​ឆ្នាំ ១៩៩៤ បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង រដ្ឋាភិបាល​ក្រុង​អាថែន បានសម្រេច​ដាក់​ការហ៊ុមព័ទ្ធ​ពាណិជ្ជកម្ម​ប្រឆាំង​ក្រុង​ស្កុប​ជេ និង​ប្រកាសថា គោលនយោបាយ​របស់រ​ដ្ឋ​ស្លា​វ (Slavic State) មួយ​នេះ​កំពុង​បង្កើត​គ្រោះថ្នាក់​ធំ​ដល់​ប្រទេស​ក្រិ​ក​ផង​។ ចាប់ពីពេលនោះ​មក​ប្រទេសជិតខាង​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំឡើយ​ដោយសារតែ​ឈ្មោះ​នេះ ហើយ​ក្រិ​ក​តែង​ជំទាស់​ការចរចា​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ និង​សហភាព​អឺរ៉ុប​របស់​ម៉ា​សេ​ដ្វា​ន​ជានិច្ច​៕

 

Tag:
 ម៉ា​សេ​ដ្វា​ន​
  ក្រិ​ក​
  ម៉ា​សេ​ដ្វា​ន​ខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com