អន្តរជាតិ
ស៊ី ជិន​ភីង ប្រាប់​មេដឹកនាំ​ម៉ា​ល់​ឌី​វ​ថ្មី​ថា ចិន​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ម៉ា​ល់​ឌី​វ
02, Oct 2018 , 10:55 am        
រូបភាព
ដោយ:
​ក្នុង​សារ​អបអរសាទរ​ទៅកាន់​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​ថ្មី នៅ​ថ្ងៃទី ០៩ កញ្ញា ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​និយាយថា ចិន​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ម៉ា​ល់​ឌី​វ​។ ការលើកឡើង​របស់​មេ​ដឹកនាំ​ចិន​រូបនេះ​ធ្វើឡើង ក្រោយពី​មេដឹកនាំ​បក្សប្រឆាំង​ដែល​ទើបតែ​ជាប់ឆ្នោត​នេះ បាន​ប្ដេជ្ញា​សើរើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​របស់​ចិន​។

 
​នៅ​មុនពេល​បោះឆ្នោត មេដឹកនាំ​សម្ព័ន្ធ​បក្សប្រឆាំង លោក Ibrahim Mohamed Solih  ដែលជា​ទើបតែ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​ថ្មី បាន​និយាយថា ខ្លួន​នឹង​សើរើ​ការវិនិយោគ​របស់​ចិន​ក្នុង​គំនិត​ផ្ដួចផ្ដើម​ហេដ្ឋារចនាសម្ព័ន្ធ «​វិថី និង​ខ្សែក្រវាត់ ( Belt and Road initiative) » ដែល​លោក​ស៊ី​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៣​។ ការប្រកាស​សើរើ​នេះ​គឺធ្វើឡើង ក្រោយពី​អ្នកជំនាញ​មួយចំនួន​បាន​ព្រមាន​ថា រដ្ឋ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​នេះ​អាច​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​របស់​ក្រុង​ប៉េកាំង​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក​ស៊ី ជិន​ភីង បាន​ប្រា​ប់លោក Solih ថា ចិន និង​ម៉ា​ល់​ឌី​វ​បាន​ចែករំលែក​ចំណងមិត្តភាព​ដ៏​យូរអង្វែង​ជាមួយគ្នា​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ម៉ា​ល់​ឌី​វ​ដើម្បី​បន្ត​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​សំខាន់ៗ ក្នុង​គោលបំណង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​»​។ 
 
​អគ្គលេខាធិការ​នៃ​បក្សកុម្មុយនិស្ត​ចិន​រូបនេះ បាន​ឲ្យ​តម្លៃ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​បង្ហាញ​ឆន្ទៈ​ចូលរួម​ជាមួយ​មេដឹកនាំ​ម៉ា​ល់​ឌី​វ​ថ្មី​ដើម្បី​ដំឡើង​ភាពជា​ដៃ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​ម៉ា​ល់​ឌី​វ ឲ្យ​ដល់​កម្រិត​ថ្មី​មួយទៀត​។ 
 
​គួររម្លឹកថា ចាប់ពី​ឆ្នាំ ២០១៣​មក ទំនាក់ទំនង​ចិន និង​ម៉ា​ល់​ឌី​វ​កាន់តែ​ជិតស្និទ្ធ​គ្នា ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី​ចាញ់ឆ្នោត Abdulla Yameen ដែល​បាន​យក​ចិន​ជា​ខ្នងបង្អែក​ដើម្បី​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​ខ្លួន​៕
 
 

Tag:
 ចិន​
  ម៉ា​ល់​ឌី​វ​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com