អន្តរជាតិ
រុស្ស៊ី​រិះគន់​ម៉ា​សេ​ដ្វា​ន​ដែល​ចង់​ប្ដូរ​ឈ្មោះ​ប្រទេស ខណៈ​អឺរ៉ុប​ជំរុញ​ប្ដូរ​ឲ្យ​បាន​លឿន​
02, Oct 2018 , 1:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីម៉ាសេដ្វាន Gjorge Ivanov (រូបភាព AFP)
ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីម៉ាសេដ្វាន Gjorge Ivanov (រូបភាព AFP)
​ប្រជាមតិ​នៅ​ម៉ា​សេ​ដ្វា​ន​ថ្ងៃទី​៣០ ខែកញ្ញា​ដើម្បី​សម្រេច​លើ​ការប្តូរឈ្មោះ​ប្រទេស​ទៅជា «​ម៉ា​សេ​ដ្វា​ន​ខាងជើង​» មិនត្រូវ​បានចាត់ទុក​ថា បានការ​ឡើយ ព្រោះ​អ្នក​ទៅ​ចូល​រួមមាន​ត្រឹម​៣៦​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ស្កុប​ជេ​នឹង​ប្រឹងប្រែង​រុញ​សភា​ឲ្យ​អនុម័ត​ការប្ដូរឈ្មោះ​នេះ ខណៈ​អឺរ៉ុប​ចង់​ឲ្យ​ម៉ា​សេ​ដ្វា​នព​ន្លឿ​ន​នីតិវិធី​ដែរ​ដើម្បី​ចាប់ផ្ដើម​ដំណើរការ​សមាជិកភាព​សហភាព​អឺរ៉ុប​។ ក្រុង​មូ​ស្គូ នៅ​ថ្ងៃទី​១ ខែតុលា បាន​រិះគន់​ការបោះឆ្នោត​ប្ដូរ​ឈ្មោះ​ប្រទេស​ដែល​ខ្លួន​ហៅថា ជាការ​បង្ខិតបង្ខំ​។​

 
​អ្នកចូលរួម​ត្រឹម​៣៦​ភាគរយ ធ្វើ​ឲ្យ​ប្រជាមតិ​ប្ដូរ​ឈ្មោះ​នៅ​ម៉ា​សេ​ដ្វា​ន មិនបានការ​។ នេះ​ជាការ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​រុស្ស៊ី​នៅ​ថ្ងៃទី​១ ខែតុលា មួយថ្ងៃ​បន្ទាប់ពី​ប្រជាមតិ​ត្រូវបាន​រៀបចំ​។ ក្រសួងការបរទេស​រុស្ស៊ី​បន្តថា កង្វះ​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​ម៉ា​សេ​ដ្វា​ន​ចំពោះ​ប្រជាមតិ​ប្ដូរ​ឈ្មោះ​នេះ មានន័យថា ប្រជាជន​ម៉ា​សេ​ដ្វា​ន​បាន​ពហិការ​ការសម្រេច​ចិត្ត​ដោយ​បង្ខំ​របស់​រដ្ឋាភិបាល​។​
 
​តាមពិតទៅ អ្នកចូលរួម​ប្រជាមតិ​ស្ទើរ​មួយរយ​ភាគរយ​ទៅហើយ​ដែល​គាំទ្រ​ការផ្លាស់ប្ដូរ​ឈ្មោះ​ទៅជា «​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន​ខាងជើង​» ប៉ុន្តែ​ចំនួន​អ្នកចូលរួម​ត្រឹម​៣៦​ភាគរយ ធ្វើ​ឲ្យ​លទ្ធផល​ប្រជាមតិ​នេះ​មិនអាច​យកជាការបាន ទោះជា​វា​មិនមាន​ចំណង​ផ្លូវច្បាប់​ក្ដី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុង​មូ​ស្គូ​អះអាងថា ចំនួន​តិចតួច​បែបនេះ មិនអាច​ធ្វើ​ឲ្យ​ប្រជាមតិ​ជោគជ័យ​ឡើយ ហើយ​ជាការ​ទាត់ចោល​លទ្ធផល​ចរចា​រវាង​ក្រុង​ស្កុប​ជេ និង​ក្រុង​អាថែន​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្រុង​មូ​ស្គូ​ក៏​រិះគន់​អឺរ៉ុប​ដែល​ចង់ឃើញ​ការផ្លាស់ប្ដូរ​ឈ្មោះ​របស់​ម៉ា​សេ​ដ្វា​ន​។ សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​រុស្ស៊ី​លើកឡើងថា អ្នកនយោបាយ​នៅ​អឺរ៉ុប​បាន​ចូលរួម​ក្នុង​យុទ្ធនា​ការឃោសនា និង​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​បាល់​កង់​មួយ​នេះ​ដោយ​គ្មាន​ការអៀនខ្មាស់​អ្វី​សោះ​។ នេះ​ក៏​ព្រោះតែ​ការផ្លាស់ប្ដូរ​ឈ្មោះ​នេះ នឹង​បើកផ្លូវ​ឲ្យ​រដ្ឋ​មួយ​នេះ​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​សហភាព​អឺរ៉ុប​ដូចគ្នា​ដែរ​។​
 
​ដោយសារ​បរាជ័យ​នៅ​ប្រជាមតិ លោកនាយក​រដ្ឋមន្ត្រី សូ​រាន សា​អេ​វ បានបញ្ជាក់​ជាថ្មី​ថា លោក​នឹង​ប្រឹងប្រែង​ជំរុញ​ឲ្យ​សភា​បោះឆ្នោត​អនុម័ត​ប្តូរ​ឈ្មោះ​ប្រទេស​តាម​ការព្រមព្រៀង​ជាមួយ​ក្រិ​ក​។ លោក សា​អេ​វ ប្តេជ្ញា​ថា ការបោះឆ្នោត​ក្នុង​សភា​នឹងត្រូវ​រៀបចំឡើង​ឆាប់ៗ​ដើម្បី​សម្រេច​លើ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ត្រួសត្រាយ​សម្រាប់​ការប្តូរឈ្មោះ​ប្រទេស​។ ប៉ុន្តែ​លោក​ត្រូវ​ជម្នះ​សមាជិកសភា​បក្សប្រឆាំង​ដែល​ប្រកាស​គាំទ្រ​លទ្ធផល​ប្រជាមតិ​។​
 
​សូម​រំឭកថា ម៉ា​សេ​ដ្វា​ន​ប្រកាស​ឯករាជ្យ​ពី​យូ​ហ្គោ​ស្លា​វី​នៅ​ឆ្នាំ ១៩៩១ ហើយ​ចាប់ពីពេលនោះ​មក​ប្រទេស​យ៉ាងតិចណាស់ ១៣០​លើ​នោះ​ទទួលស្គាល់​ឈ្មោះ «​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី នៃ​ម៉ា​សេ​ដ្វា​ន​»​។ ឈ្មោះ​នេះ ក៏​នាំ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ក្រិ​ក ដែលមាន​ខេត្ត​មួយ​ឈ្មោះ​ដូចគ្នានេះដែរ​។ ប្រជាជន​ក្រិ​ក​ជានិច្ច​ជា​កាល​បាន​ចោទប្រកាន់ ម៉ា​សេ​ដ្វា​ន​ដែល​សម្រេច​យកឈ្មោះ​ដូចគ្នា​នឹង​ខេត្ត​ខ្លួន​នោះ ថា មាន​ចេតនា​មិនល្អ​ឡើយ​៕
 

Tag:
 រុស្ស៊ី​
  អឺរ៉ុប​
  ម៉ា​សេ​ដ្វា​ន​
© រក្សាសិទ្ធិដោយ thmeythmey.com