កីឡាជាតិ
ជាតិ
វាយ​សី​រំពឹង​អាច​យកឈ្នះ​ប្រទេសមួយ​ចំនួន​នៅ​ព្រឹត្តិការណ៍​យុវជន​អូឡាំពិក
03, Oct 2018 , 2:58 pm        
រូបភាព
កីឡាករ វ៉ាត វ៉ាន់ធុន (អាវខៀវ)ប្រកួតសមក្នុងអំឡុងពេលហ្វឹកហាត់នៅទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិ
កីឡាករ វ៉ាត វ៉ាន់ធុន (អាវខៀវ)ប្រកួតសមក្នុងអំឡុងពេលហ្វឹកហាត់នៅទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិ
ដោយ:
​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា នឹង​បញ្ជូន​កីឡាករ វ៉ាត វ៉ាន់​ធុន ទៅ​ចូលរួម​ប្រកួត​កីឡា​យុវជន​អូឡាំពិក​(Youth Olympic)​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​ប្រទេស​អា​ហ្ស​ង់​ទីន នៅ​ចុង​សប្តាហ៍​នេះ​។ ទោះបី​មិន​រំពឹង​អាច​ដណ្តើមបាន​មេដាយ តែ​ទាំង​កីឡាករ​និង​ថ្នាក់ដឹកនាំ សុទ្ធតែ​រំពឹង​អាច​យកឈ្នះ​ប្រទេស​មួយចំនួន សម្រាប់​ការចូលរួម​ដោយ​សិទ្ធិ​អនុគ្រោះ​មួយ​នេះ​។

 
​លោក ជាម សុភា អគ្គលេខាធិការ​ស្តីទី​នៃ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ហាក់​ជឿជាក់ថា កីឡាករ វ៉ាត វ៉ាន់​ធុន នឹង​អាច​យកឈ្នះ​ប្រទេស​មួយចំនួន សម្រាប់​ការប្រកួត​កីឡា​យុវជន​អូឡាំពិក ដែល​រៀបចំ​នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​ប្រទេស​អា​ហ្ស​ង់​ទីន ចន្លោះ​ពីថ្ងៃ​ទី​៦-១៨ ខែតុលា ឆ្នាំ​២០១៨​។ តែ លោក មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ឈានដល់​ដណ្តើមបាន​មេដាយ​ឡើយ​។ យុវជន​ថ្នាល វ៉ាត វ៉ាន់​ធុន ជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​ត្រូវបាន​សហព័ន្ធ​បញ្ជូន​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​នេះ បន្ទាប់ពី​សហព័ន្ធ​នេះ ទទួលបាន​សិទ្ធិ​អនុ​គ្រោះជា​លើកដំបូង​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​។ 


 
​នេះ​មិនមែនជា​បទពិសោធ​លើ​ឆាក​អន្តរជាតិ​លើក​ទី​១​នោះទេ សម្រាប់​កីឡាករ​វ័យក្មេង​រូបនេះ ពោលគឺ​រូបគេ​ធ្លាប់​ចូលរួម​ប្រកួត​កម្រិត​អន្តរជាតិ​៣​លើក​រួចមកហើយ​។ តែ​រូបគេ​មិន​ធ្លាប់​ទទួលបាន​មេដាយ​ណាមួយ​ពី​ការចូលរួម​នេះឡើយ​។ «​ការប្រកួត​យុវជន​អូឡាំពិក​នេះ ជា​បទពិសោធ​ថ្មី​សម្រាប់​គេ​។ វ៉ាន់​ធុន ជា​កីឡាករ​ថ្នាល​ល្អ​ជាងគេ ក្នុងចំណោម​ថ្នាល​ទាំង​១០​នាក់​របស់​យើង ខ្ញុំ​រំពឹងថា គេ​នឹង​អាច​យកឈ្នះ​បាន​ប្រទេស​ខ្លះ ដើម្បី​ជា​កិត្តិយស​របស់​ប្រទេសជាតិ​យើង​»​។ ការលើកឡើង​បែបនេះ​របស់ ជាម សុភា ធ្វើឡើង​ក្នុង​ពិធី​ទទួល​សម្ភារ​និង​ថវិកា​មួយចំនួន​ពី​ក្រុមហ៊ុន​ប៉ូ​ការី​ស្វេត កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីលាន​វាយ​សី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​ជាមួយគ្នានេះ កីឡាករ វ៉ាត វ៉ាន់​ធុន បាន​ប្តេជ្ញា​ថា រូបគេ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​លទ្ធផល​ល្អ​មួយ ដែល​អាច​ទទួលយកបាន​។ កីឡាករ​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ​អះអាងថា​៖«​ខ្ញុំ​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ហើយ​បើសិនជា​ប៉ះ​កីឡាករ​មកពី​ប្រទេស ដែលមាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាចឈាន​ដល់​វគ្គ​១/៨ ឬ​វគ្គ​១/៤»​។   


 
​កីឡាករ វ៉ាត វ៉ាន់​ធុន ជា​កីឡាករ​ម្នាក់ ក្នុងចំណោម​អត្ត​ព​លិ​ក​កម្ពុជា​២​រូប​ទៀត រួមមាន​កីឡាការិនី​ចំបាប់ ស៊ឹម សុភា​ឡៃ  និង​កីឡាការិនី​ហែល​ទឹក ពៅ​ពេជ្រ​ច​រ៉ា ប៊ុណ្ណា ដែល​ត្រូវបាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC) និង​សហព័ន្ធ​កីឡា​អន្តរជាតិ​ផ្តល់​សិទ្ធិ​អនុគ្រោះ​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​កីឡា​យុវជន​អូឡាំពិក នៅ​អា​ហ្ស​ង់​ទីន​លើក​នេះ​៕ 

Tag:
 កីឡា​វាយ​សី​
  ជាម សុភា​
  វ៉ាត វ៉ាន់​ធុន​
  Youth Olympic
© រក្សាសិទ្ធិដោយ thmeythmey.com