អន្តរជាតិ
អាមេរិក​ប្រាប់​ចិន​៖ «​យើង​ចង់បាន​ការប្រកួតប្រជែង តែ​មិនមែន​កិច្ចសហប្រតិបត្តិការ​ឡើយ​»
03, Oct 2018 , 8:59 am        
រូបភាព
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក Cui Tiankai
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក Cui Tiankai
ដោយ:
 ​អាមេរិក​មើលឃើញ​ទំនាក់ទំនង​ជាមួយ​ចិន​ថា​ជា «​ការប្រកួតប្រជែង​»​ជាជាង​សហប្រតិបត្តិការ​។ នេះ​ជាការ​បញ្ជាក់​របស់​ទីប្រឹក្សា​ផ្ទាល់​របស់លោក ដូ​ណា​ល់ ត្រាំ ប្រាប់​ទៅកាន់​ប្រមុខ​ការទូត​ចិន នៅ​កម្មវិធី​មួយ​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា នាទី​ក្រុង​វ៉ាស៊ីនតោន ក្រោយពី​ភាគី​ចិន​បានលើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​។

 
​នា​កម្មវិធី​អបអរ​ថ្ងៃបុណ្យ​ជាតិចិន​ដែល​ធ្វើឡើង​នៅ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​២៩ ខែកញ្ញា អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិក លោក Cui Tiankai បាន​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​ក្នុង​កម្មវិធី​ដដែល​នេះដែរ លោក Matt Pottinger ប្រធាន​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អាស៊ី​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក បានបញ្ជាក់​យ៉ាងច្បាស់​ពី​គោលជំហរ​របស់​រដ្ឋបាល​វ៉ាស៊ីនតោន​លើ​រដ្ឋាភិបាល​ចិន​។ 
 
«​សម្រាប់​សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការ​មិនមែន​គ្រាន់តែ​ជា​ពាក្យ​បួន​អក្សរ​ធម្មតា​ប៉ុណ្ណោះ​ទេ​។ រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្កើត​គោលនយោបាយ​ចិន​របស់ខ្លួន ដោយ​លើកឡើង​ពី​គោល​គំនិត​នៃ​ការប្រកួតប្រជែង​ជា​រឿង​ចម្បង​។ វា​ត្រឹមត្រូវ​ហើយ​ថា ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ដ៏​កំពូល​បំផុត របស់លោក​ប្រធានាធិបតី​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​Pottinger ។ 
 
​បើតាម​សារព័ត៌មាន South China Morning Post  លោក Pottinger  ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក​ត្រាំ​ផងដែរ​នោះ បានបញ្ជាក់​ទៀតថា គោល​គំនិត​បែប​សេរីនិយម និង​ការប្រកួតប្រជែង​គឺជា​គោលនយោបាយ​ស្នូល​នៃ​សេដ្ឋកិច្ច​ទីផ្សារ និង​ប្រជាធិបតេយ្យ​របស់​អាមេរិក​។ លោក​បន្ថែមថា ការសម្រេច​មិន​ទទួលស្គាល់​ការប្រកួតប្រជែង​រវាង​ភាគី​ទាំងសងខាង អាច​បង្ក​ទៅជា «​ការភាន់ច្រឡំ​» និង «​កំហុស​ក្នុងការ​គណនា​» រវាង​ប្រទេស​ទាំងពីរ​ថែម​ទៀតផង​។ 
 
​ចំណែកឯ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន លោក Cui Tiankai  បាន​និយាយថា​៖ «​យើង​ប្រកាន់ខ្ជាប់​ជានិច្ច​ទៅនឹង​គោលការណ៍​នៃ​ការ​គ្មាន​ជម្លោះ​, គ្មាន​ការប្រឈមមុខ​ដាក់គ្នា​, ការទុកចិត្ត​គ្នា​ទៅវិញ​ទៅមុខ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ជាមួយ​សហរដ្ឋអាមេរិក​»​។ ចំពោះ​ផ្នែក​ពាណិជ្ជកម្ម​វិញ លោក Cui  បាន​សង្កត់ធ្ងន់​ពី​ជំហរ​របស់​ចិន​ថា ខ្លួន​នឹង​បើកទ្វារ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​ទៅកាន់​ពិភពលោក​ខាងក្រៅ ហើយ​ក្រុង​ប៉េកាំង​នឹង​រក្សា​ការពារ​សណ្ដាប់ធ្នាប់​អន្តរជាតិ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​សេរី​៕
 

Tag:
 អាមេរិក​
  ចិន​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com