អន្តរជាតិ
ក្រុង​ប៉េកាំង​ក្តៅស្លឹកត្រចៀក ដោយសារ​នាវាចម្បាំង​អាមេរិក​ហ៊ាន​ទៅ​កៀក​សមុទ្រ​ចិន​ខាងត្បូង​
02, Oct 2018 , 10:19 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​០១ ខែតុលា ក្រុង​ប៉េកាំង បានបង្ហាញ​ការខឹង​សម្បា​ខ្លាំង ក្រោយ​នាវា​ពិឃាដ​អាមេរិក​មួយគ្រឿង​បាន​ចូលទៅ​កៀក​ដែនទឹក​ដែល​ខ្លួន​ទាមទារ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លើសពីនេះ​រដ្ឋាភិបាល​ចិន​បាន​អះអាងថា ខ្លួន​ប្រឆាំង​ដាច់ខាត​រាល់​ប្រតិបត្តិការ​ទាំងឡាយណា ដែល​ខ្លួន​ចាត់ទុកជា​ការគំរាមកំហែង​ដល់​សន្តិសុខ និង​អធិបតេយ្យភាព​របស់ខ្លួន​ដែរ​។

 
​មន្ត្រី​អាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា នាវា​ពិឃាដ USS Decatur មួយគ្រឿង​បានធ្វើ​ដំណើរ​ចម្ងាយ​ត្រឹមតែ ២២ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក Johnson និង​Gaven ក្នុង​ប្រជុំ​កោះ Spratly កាលពី​ថ្ងៃទី ៣០ ខែកញ្ញា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​គេ​មើលឃើញថា ប្រតិបត្តិការ​ថ្មី​នេះ​គឺជា​កិច្ចខិតខំ​ចុងក្រោយបង្អស់​របស់​រដ្ឋ​បាល​លោក​ដូ​ណា​ល់ ត្រាំ សម្រាប់​ទប់ទល់​នឹង​ការ​រឹតត្បិត​របស់​ក្រុង​ប៉េកាំង​ទាក់ទិន​នឹង «​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​» ក្នុង​ដែនសមុទ្រ​យុទ្ធសាស្ត្រ​នេះ ទី​ដែល​នាវាចម្បាំង​របស់​ចិន ជប៉ុន និង​បណ្ដា​រដ្ឋ​អាស៊ាន​មួយចំនួន​អាច​បើក​ប្រតិបត្តិការ​បាន​ដោយ​សេរី​។​
 
​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​នេះ ក្រសួងការពារជាតិ​ចិន​បានសម្រេច​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​ទៅ​ស្វាគមន៍ និង​ព្រមាន​អាមេរិក​ឲ្យ​ដក​នាវា​ពិឃាដ​របស់ខ្លួន​ចេញ ពី​ដែនទឹក​នោះ​។ លើសពីនេះ​ក្រសួង​បានបញ្ជាក់​ទៀតថា ចិន​ពុំ​អាច​ប្រកែក​បានទេ​ក្នុងការ​ទាមទារ​កាន់កា​ប់​ដែន​អធិបតេយ្យ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ដែនទឹក​នៅ​ជុំវិញ​នោះ​។ បច្ចុប្បន្ន​ស្ថានភាព​នៅ​ទីនោះ​កំពុងដំណើរការ​ទៅ​យ៉ាង​ល្អ អរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
«​ប៉ុន្តែ​ភាគី​អាមេរិក​ចេះតែ​បន្ត​បញ្ជូន​នាវា​យោធា​របស់ខ្លួន​ចូលទៅ​កៀក​សមុទ្រ​ចិន​ខាងត្បូង ដោយ​គ្មាន​ការអនុញ្ញាត​។ ក្រុង​ប៉េកាំង​ចាត់ទុក​សកម្មភាព​នេះ ជាការ​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​អធិបតេយ្យភាព​របស់ខ្លួន​។ ហើយ​វា​ក៏​បំផ្លាញ​ដល់​ចំណង​យោធា​រវាង​ចិន​និ ង​អាមេរិក ព្រមទាំង​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិភាព​តំបន់​ផងដែរ​។ ម្យ៉ាងវិញទៀត​យោធា​ចិន​ប្ដេជ្ញា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ទាំងនេះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការពារជាតិ​ចិន​។ ជាមួយគ្នានេះ​កងកម្លាំង​ចិន​នឹង​បន្ត​ប្រើប្រាស់​ចំណាត់ការ​ចាំបាច់​គ្រប់បែប​យ៉ាង ដើម្បី​ការពារ​សន្តិសុខ និង​អធិបតេយ្យភាព​របស់ខ្លួន​។ 
 
​ចំណែក​ក្រសួងការបរទេស​ចិន បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ថា ខ្លួន​ទទូច​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បញ្ឈប់​រាល់​ស​កម្ម​ភាព​បង្កជម្លោះ​ដូច្នេះ និង​កែប្រែ​កំហុស​របស់ខ្លួន​ភ្លាមៗ​ផងដែរ​។ 
 
​បើ​ពិ​តទៅ ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​កំពុង​ជាប់គាំង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម ដែល​ភាគី​ទាំងពីរ​បាន​បង្កើន​ការ​វាយបក​ទៅវិញទៅមក ជុំវិញ​ការដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​នៃ​ប្រទេស​ទាំងពីរ​។ ហើយ​ប្រតិបត្តិការ​នេះដែរ​ក៏បាន​កើតឡើង ស្រប​ពេលដែល​ចំណង​យោធា​រវាង​ប្រទេស​ទាំងពីរ​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយសារតែ​ចិន​បាន​ខឹងសម្បា ក្រោយ​អាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​យោធា​ចិន ជុំវិញ​ការទិញ​សព្វាវុធ​ពី​រុស្ស៊ី និង​ទទួលស្គាល់​កោះ​តៃវ៉ា់ន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​របស់ខ្លួន​។ 
 
​យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជេ​ម ម៉ា​ធី​ស ( Jim Mattis) នៅ​ថ្ងៃទី​០១ តុលា​បាន​និយាយថា លោក​មិន​មើលឃើញថា​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​កាន់តែ​អាក្រក់​នោះទេ​។ ជាក់ស្ដែង​ការបញ្ជាក់​របស់លោក​គឺធ្វើឡើង​ក្រោយពី​ទស្សនកិច្ច​របស់លោក​ទៅកាន់​ប្រទេស​ចិន ត្រូវបាន​លុបចោល​។ 
 
​ទីភ្នាក់ងារ Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៣០ ខែកញ្ញា​ថា ចិន​បានសម្រេច​លុបចោល​កិច្ចពិភាក្សា​យោធា​មួយ​ជាមួយ​លោក ម៉ា​ធី​ស ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែតុលា​នេះ​។ ជុំវិញ​រឿង​លុបចោល​កិច្ចប្រជុំ​ជាមួយ​ប្រមុខ​ការពារ​អាមេរិក​នេះ រដ្ឋាភិបាល​ចិន​ពុំទាន់​ចេញមុខ​បកស្រាយ​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ​រដ្ឋមន្ត្រី​ការពារ​ជាតិចិន Wei Fenghe គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​នា​ចុងឆ្នាំ​២០១៨​នេះ  ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​ក្រសួងការពារជាតិ​ចិន​បានប្រកាសថា ទស្សនកិច្ច​នេះ​នឹង​មិនអាច​កើតឡើង​នោះឡើយ​៕ 
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com