អន្តរជាតិ
ឥណ្ឌា​នឹង​ចុះហត្ថលេខា​ទិញ​ខែល​ការពារ​មី​ស៊ី​ល​S-400 ពី​រុស្ស៊ី ទោះ​អាច​រង​ទណ្ឌកម្ម​អាមេរិក​
03, Oct 2018 , 9:19 pm        
រូបភាព
ដោយ:
​ឥណ្ឌា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400 ជាមួយ​រុស្ស៊ី អំឡុង​ជំនួប​ប្រចាំឆ្នាំ​រវាង​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) និង​ប្រធានាធិបតី​រុស្ស៊ី  វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​សប្ដាហ៍​នេះ​។ ជុំវិញ​ការបញ្ជាទិញ​អាវុធ​នេះ រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​សង្ឃឹមថា ខ្លួន​អាច​នឹង​គេច​ផុតពី​ការដាក់ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន​។

 
​គណៈកម្មាធិការ​នៃ​គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​ជាតិ​ឥណ្ឌា (CCS)  ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី  ម៉ូ​ឌី កាលពី​ខែ ២៦ កញ្ញា​កន្លងទៅ បានបញ្ជាក់​យ៉ាងច្បាស់​ពី​ជំហរ​របស់ខ្លួន​ក្នុង​ការបញ្ជាទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ចំនួន ៥​គ្រឿង ពី​រុស្ស៊ី​។ 
 
​យោងតាម​សារព័ត៌មាន The Times of India រុស្ស៊ី​និង​ឥណ្ឌា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល ដែលមាន​តម្លៃ ៥​ពាន់​លាន​ដុល្លារ អំឡុង​ជំនួប​កំពូល​មួយ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​០៥ ខែតុលា​នេះ​។ 
 
​ក្រុង​ញូ​វ​ដេលី​ធ្លាប់បាន​និយាយថា ខ្លួន​នៅ​បន្ត​គម្រោង​បញ្ជា​ទិញ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី បើទោះបី​អាមេរិក​ព្រមាន​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​ណា ដែល​ហ៊ាន​ទិញ​អាវុធ​ពី​រុស្ស៊ី​ក្តី​។ ឥណ្ឌា​បានបង្ហាញ​អាមេរិក​អំពី​ជំហរ​របស់ខ្លួន ក្នុងការ​សម្រេច​បញ្ជា​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 និង​បាន​ស្នើសុំ​ការអនុគ្រោះ​ពី​ប្រធានាធិបតី​អាមេរិក ជុំវិញ​ការអនុវត្ត​ច្បាប់​ប្រឆាំង​សត្រូវ​អាមេរិក​តាមរយៈ​ការដាក់ទណ្ឌកម្ម (CAATSA)​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​បានបញ្ជាក់​ថា​ខ្លួន​មិនអាច​ធានា​បានទេ​ថា ឥណ្ឌា​នឹង​អាច​រួច​ពី​ការដាក់ទណ្ឌកម្ម​នោះ​។​
 
«​សហរដ្ឋអាមេរិក​មិនអាច​ធានា​បានទេ​ថា ឥណ្ឌា​អាច​គេច​ផុតពី​ការដាក់ទណ្ឌកម្ម ប្រសិនបើ​ខ្លួន​បញ្ជា​ទិញ​អាវុធ និង​ប្រព័ន្ធ​ការពារ​ពី​រុស្ស៊ី​នោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Randall Schrive មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​បញ្ច​កោណ​អាមេរិក​ទ​ទួ​ក​បន្ទុក​តំបន់​អាស៊ី កាលពី​ចុងខែ​សីហា​កន្លងទៅ​។ 
 
​បើ​ពិ​តទៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៧ បានអនុម័ត​ច្បាប់ CAATSA ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី ដោយសារតែ​វិមាន​ក្រេ​ម​ឡាំង​បាន​លេប​ត្របាក់​តំបន់​គ្រី​មៀ (Crimea) ពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​២០១៤ និង​បាន​លូកលាន់​ការបោះឆ្នោត​អាមេរិក កាលពី​ឆ្នាំ​២០១៦​ផង​។ ក្រោម​ច្បាប់​នេះ បណ្ដា​ប្រទេស​ណា​ដែលមាន​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារជាតិ និង​ចែករំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​រុស្ស៊ី អាចនឹងទទួល​រង​ទណ្ឌកម្ម​នេះ​ផងដែរ​។ ជាក់ស្តែង​រដ្ឋបាល​អាមេរិក​កាលពី​ចុងខែ​កញ្ញា បានសម្រេច​ប្រើប្រាស់​ច្បាប់ CAATSA ដើម្បី​ដាក់ទណ្ឌកម្ម​លើ​យោធា​ចិន ដែល​បាន​ទិញ​មី​ស៊ី​ល និង​នាវាចម្បាំង​ពី​រុស្ស៊ី​។ 
 
​ឥណ្ឌា​មិនមែនជា​ប្រទេស​តែមួយ​ដែល​ចង់បាន​ប្រព័ន្ធ​ការពារ​អាកាស​ពី​រុស្ស៊ី​
 
​ខែល​មី​ស៊ី​ល S-400 របស់​រុស្ស៊ី ជា​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​បំផុត​ក្នុង​លោក ដែល​អាច​បើក​ប្រតិបត្តិការ​ក្នុង​ចម្ងាយ ៤០០​គីឡូម៉ែត្រ និង​បាញ់​ចំ​គោលដៅ​ក្នុង​រយៈកម្ពស់​អតិបរមា​៣០​គីឡូម៉ែត្រ​។ 
 
​ឥណ្ឌា​មិនមែនជា​ប្រទេស​តែមួយ​ដែល​ចង់​ទិញ​ប្រព័ន្ធ​នេះ​ពី​រុស្ស៊ី​ឡើយ​។ បណ្តា​ប្រទេស​ផ្សេងទៀត​រួមមាន ចិន តួ​ក​គី អារ៉ាប៊ីសាអ៊ូឌីត និង​កាតា បានសម្រេច​ទិញ ឬ​គ្រោង​ទិញ​ប្រព័ន្ធ​ខែល​S-400 នេះ ផងដែរ​។ 
 
​មន្ត្រី​និង​អ្នកនយោបាយ​អាមេរិក​បានបង្ហាញ​កង្វល់​ជុំវិញ​ជំហរ​របស់​តួ​ក​គី​ក្នុង​ការបញ្ជាទិញ​ប្រព័ន្ធ​មី​ស៊ី​លពី​រុស្ស៊ី​។ ចំណែក អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ខែមិថុនា បាន​និយាយថា​ខ្លូន​នឹង​ពិចារណា​ប្រើប្រាស់​វិធានការ​ចំ​បាច់​គ្រប់បែបយ៉ាង ប្រសិនបើ រដ្ឋាភិបាល​កាតា​ហ៊ាន​ទិញ​អាវុធ​ជាមួយ​រុស្ស៊ី​។ ទោះបីជា​មានការ​គំរាម​យ៉ាងនេះ​ក្តី រុស្ស៊ី​បាន​បញ្ជាក់ថា ការ​ផ្ត​ត់​ផ្គង់​មី​ស៊ី​ល​ទៅ​ឲ្យ​កាតា​នឹង​នៅតែ​បន្ត​។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​កាតា លោក Mohammed bin Abdulrahman Al Thani  បាន​និយាយថា ការទទួលយក​ប្រព័ន្ធ​ការពារ​អាកាស​នេះ​ជាការ​សម្រេចចិត្ត​ដោយ​ផ្អែកលើ​អធិបតេយ្យភាព​៕ 
 

Tag:
 ឥណ្ឌា​
  រុស្ស៊ី​
  មី​ស៊ី​ល S-400
© រក្សាសិទ្ធិដោយ thmeythmey.com