កីឡាជាតិ
ជាតិ
អតីត​គ្រូ​ជម្រើសជាតិ Leonardo Vitorino បង្ហើប​ថា លោក​នឹង​វិល​មក​ប្រកប​អាជីព​នៅ​អាស៊ី​
03, Oct 2018 , 5:49 pm        
រូបភាព
ដោយ:
​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Leonardo Vitorino បង្ហើប​ថា លោក​នឹង​មក​ដឹកនាំ​ក្លិប​នៅ​តំបន់​អាស៊ី ក្រោយ​កិច្ចសន្យា​ជា​នាយ​បច្ចេកទេស​ជាមួយ​ក្លិប Ceará Sporting Club របស់​ប្រេ​ស៊ី​ល​ឈាន​ដល់ពេល​កំណត់​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ក្លិប ដែល​លោក​ត្រូវ​មក​ដឹកនាំ​នោះទេ​។

 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន លោក Leonardo Vitorino អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បាន​បញ្ជាក់ថា លោក​បានបញ្ចប់​កិច្ចសន្យា​កិច្ចសន្យា​ជា​នាយក​បច្ចេកទេស​ជាមួយ​ក្លិប Ceará Sporting Club របស់​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​។ ក្រោយ​ចប់​កិច្ចសន្យា លោក​បាន​បង្ហើប​ថា លោក​នឹង​មក​ដឹកនាំ​ក្លិប​នៅ​តំបន់​អាស៊ី​។​
 
​តាម​ប្រភព​ក្រៅផ្លូវការ​មួយចំនួន គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ ពិតជា​សក្តិសម​ណាស់​ស​ម្រា​ប់​តំណែង​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន ខណៈ​កៅអី​គ្រូបង្វឹក​ក្នុង​ក្លិប​នេះ កំពុង​ទំនេរ​ស្រាប់ ក្រោយ​ការចាកចេញ​របស់​គ្រូបង្វឹក​អង់គ្លេស​លោក Sean Sainbury​។ លោក Sainbury បាន​ចែកផ្លូវ​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃទី​១ ខែតុលា ក្រោយ​ដឹកនាំ​បាន​មួយ​រដូវ​កាល​។​
 
​ក្រៅពី​លោក Sainbury ក្លិប​ជើងឯក​លី​គ​កំពូល​៦​សម័យកាល​មួយ​នេះ បានបញ្ចប់​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​អ្នកចាំទី​ជនជាតិ​ជប៉ុន​លោក Yasuyuki Yoshida និង​លោក Samuel Mannings ដែលជា​គ្រូពេទ្យ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក Luis Fernando Vitorino ប្អូនប្រុស​បង្កើត​របស់​លោក Leonardo ក៏​កំពុងមាន​តួនាទី​គ្រូបង្វឹក​ផ្នែក​ចាំទី​ម្នាក់​របស់​ភ្នំពេញ​ក្រោ​ន​ផងដែរ​៕

Tag:
 បាល់ទាត់​
  Leonardo Vitorino
  ភ្នំពេញ​ក្រោ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com