ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ពេលណា​គួរ​ស្វែងរក​ពេទ្យ​ព្យាបាល​?
05, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទាំង​ក្មេង និង​មនុស្ស​ធំ​ដែល​ក្តៅខ្លួន​ដល់ ៤០​អង្សា​រហើយ​គឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាកា​រៈ​មួយ​ធ្ងន់ធ្ងរ​ហើយ ដូច្នេះ​ត្រូវតែ​ស្វែងរក​ការព្យាបាល​ឲ្យ​បាន​លឿន​បំផុត​។ 
​ក្មេង​ដែល​អាយុ​ក្រោម ៣​ឆ្នាំ​និង​មាន​សីតុណ្ហភាព​ចាប់ពី ៣៨​អង្សារ​ឡើងទៅ​ហើយ​គួរតែ​នាំទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​។



បើសិនជា​ក្មេង ឬ​មនុស្ស​ធំ​មាន​ប្រ​វ​តិ្ត​ជំងឺមហារីក អេដស៍ ឬ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ដូចជា ជំងឺ​បេះដូង ទឹកនោមផ្អែម ឬ​កំពុងតែ​លេបថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាពស៊ាំ ក៏​គួរតែ​នាំទៅ​ជួប​ពេទ្យ​ព្យាបាល​ដែរ​។ 
 
​ក្មេង​ដែល​ក្តៅខ្លួន ហើយ​មាន​អាកា​រៈ​ដូចជា​កន្ទួល​រមាស់ ឈឺបំពង់ករ ឈឺ​ត្រចៀក រឹង​ករ សន្លឹម ឬ​ឈឺក្បាល​គួរតែ​ទៅ​ជួប​ពេទ្យ​។ លើសពីនេះទៅទៀត ចំពោះ​ក្មេង​ដែល​អាយុ​ក្រោម ២​ឆ្នាំ បើសិន​ជាការ​ក្តៅខ្លួន​មាន​រយៈពេល​យូរ​ជាង​មួយថ្ងៃ និង​ក្មេង​អាយុ​ចាប់ពី​២​ឆ្នាំ​ឡើងទៅ​ក្តៅ​ចាប់ពី ៣​ថ្ងៃ​ឡើងទៅ គួរតែ​ទៅ​ជួប​ពេទ្យ​។ 
 
​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​គួរតែ​ទាក់ទង​គ្រូពេទ្យ​ព្យាបាល​ដែរ​បើសិន​ជាមាន​អាកា​រៈ​ក្តៅខ្លួន​ចាប់ពី ៣៨​អង្សារ​ឡើងទៅ​។ ការ​ក្តៅខ្លួន​ក្នុងពេល​មាន​ផ្ទៃពោះ​ដែល​ជាប់ទាក់ទង​នឹង​កន្ទួល​រមាស់ និង​ឈឺសន្លាក់​អាចជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ ដែល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ផង​។ 
 
​វ៉ាក់សាំង​ខ្លះ​ដែល​ចាក់​ឲ្យ​កូន​អាចធ្វើ​ឲ្យ​ក្តៅខ្លួន​ស្ទិញៗ​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃ​ដែរ​។ ប៉ុន្តែ​វា​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​។ បើសិនជា​ប្រតិ​កម្មនេះ​ហាក់បីដូចជា​ធ្ងន់ធ្ងរ ឬ​កន្លែង​ដែល​ចាក់​វ៉ាក់សាំង​នោះ​ទៅជា​ក្រហម ក្តៅ និង​ឈឺចាប់​ខ្លាំង ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។​
 
​មាន​ភាគរយ​តិច​ណាស់​ដែល​ក្មេង​អាយុ​ចន្លោះ ១២​ខែ ទៅ​៣​ឆ្នាំ​នឹង​ប្រកាច់​ដោយសារតែ​ក្តៅខ្លួន​ខ្លាំង ប៉ុន្តែ​រឿងនេះ​គឺ​មិន​ជាប់ទាក់ទង​នឹង​ផលវិបាក​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​រយៈពេល​យូរ​របស់​ក្មេង​នោះទេ​។ យ៉ាងណាមិញ សម្រាប់​ក្មេង​ប្រកាច់​បែបនេះ​នឹងមិន​ទទួល​ប្រយោជន៍​អ្វី​ឡើយ​ពី​ការប្រើ​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់​ទេ ហើយក៏​មិន​ត្រូវបាន​ណែនាំ​ឲ្យ​អនុវត្ត​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com