ជាតិ
សេដ្ឋកិច្ច
កសិកម្ម​តាម​កិច្ចសន្យា ជួយ​កសិករ​គេច​ផុតពី​គំនាប​តម្លៃ​របស់​ប្រទេសជិតខាង និង​ពួក​ឱកាសនិយម​
05, Oct 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កសិកម្ម​តាម​កិច្ចសន្យា ជា​យន្ត​ការដែល​ក្រុមហ៊ុន​ត្រូវ​រក​ទីផ្សារ​ពិតប្រាកដ​ជាមុនសិន រួច​ទើប​ចុះកិច្ចសន្យា​ជាមួយ​កសិករ និង​បណ្ដុះបណ្ដាល​ឲ្យ​ពួកគាត់​ដាំ​ស្រូវ ឬ​ដំណាំ​ផ្សេងៗ​ឲ្យ​ស្របតាម​ទីផ្សារ​នោះ​។ ក្រុមហ៊ុន​ធានា​ប្រមូល​ទិញ​ពី​កសិករ ដែលជា​ធម្មតា​ក្នុងតម្លៃ​ខ្ពស់ជាង​ទីផ្សារ ព្រោះ​ការដាំដុះ​ដែលមាន​ការតម្រង់ទិស​បែបនេះ​បាន​បង្កើត​តម្លៃបន្ថែម និង​ច្រើន​ជា​ប្រភេទ​កសិកម្មសរីរាង្គ​។ ខុសពី​កសិករ​ដែល​គ្មាន​ក្រុមហ៊ុន​ចុះកិច្ចសន្យា​ជាមួយ​។ ដូចដែល​កន្លងមក ប្រទេស​ថៃ ធ្លាប់បាន​ទម្លាក់​តម្លៃ​អង្ករ​របស់ខ្លួន ដែល​ទាញ​ឲ្យ​ចុះថោក​ដល់​ស្រូវ​កសិករ​ខ្មែរ​ទូទៅ ដែល​មិន​ចុះកិច្ចសន្យា ព្រោះថា​ពាណិជ្ជករ​ដែល​ប្រមូល​ទិញ​នោះ ពិបាក​ប្រកួតប្រជែង​នឹង​អង្ករ​ថៃ​។ ពេលខ្លះ​កសិករ ដោយ​គ្មាន​ការធានា​ទិញ ត្រូវ​លក់​ស្រូវ​ឲ្យ​ពួក​ឈ្មួញ និង​អាច​ប៉ះ​ឈ្មួញ​ឆ្លៀតឱកាស​បន្ទាប​តម្លៃ​ស្រូវ​ពួកគាត់​។​


 
​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice លើកឡើងថា កសិកម្ម​តាម​កិច្ចសន្យា ជួយ​កសិករ​គេច​ពី​ការកៀបសង្កត់​តម្លៃ​របស់​ប្រទេសជិតខាង និង​ពួក​ឱកាសនិយម​។
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ដូចតទៅ​នេះ​៖
 


 
Amru Rice ដែលជា​ក្រុមហ៊ុន​នាំមុខ និង​គំរូ​មួយ​ចំពោះ​ការអនុវត្ត​កសិកម្ម​កិច្ចសន្យា កំពុង​ពង្រីក​វិសាលភាព​យន្តការ​នេះ​ជា​បន្តបន្ទាប់​តាម​បណ្ដា​ខេត្ត​មួយចំនួន​។ ឆ្នាំ​២០១៨​នេះ Amru Rice ស្រូបយក​ស្រូវ ៥​ម៉ឺន​តោន​ពី​កសិករ​ដែល​ចុះកិច្ចសន្យា​ជាមួយ​ខ្លួន ធៀប​នឹង ៣​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៧ ។ ក្រុមហ៊ុន​នេះ មាន​ផែនការ​ពង្រីក​ការចុះកិច្ចសន្យា​កសិកម្ម​នេះ​ឲ្យ​ដល់ ១០​ម៉ឺន​គ្រួសារ​នៅក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ ដោយ​សព្វថ្ងៃ​គ្របដណ្ដប់​ចំនួន ១​ម៉ឺន​គ្រួសារ​។​
 
​ទោះជា​យន្ត​ការល្អ ប៉ុន្តែ​ជារួម​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​នេះ​នៅ​កម្ពុជា ហាក់​មាន​វិសាលភាព​តូច​នៅឡើយ ដែល​ទាមទារ​ការជំរុញ​បន្ថែម​ពី​រដ្ឋាភិបាល និង​ប្រឹងប្រែង​របស់​ផ្នែក​ឯកជន​៕  

Tag:
 អង្ករ​
  សុង សារ៉ន​
  កសិកម្ម​តាម​កិច្ចសន្យា​
© រក្សាសិទ្ធិដោយ thmeythmey.com