កីឡាជាតិ
ជាតិ
សាន ណា​រិ​ទ្ធ ដែលមាន​ជំងឺ​រលាក​សួត បាន​ថវិកា​១​ពាន់​ដុល្លារ​ពី​សហព័ន្ធ​បាល់ទាត់​
06, Oct 2018 , 2:48 pm        
រូបភាព
លោក កែវ សារ៉េត ប្រគល់ថវិកាជូនអតីតខ្សែការពារ សាន ណារិទ្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ, រូបភាពពីហ្វេសប៊ុក FFC
លោក កែវ សារ៉េត ប្រគល់ថវិកាជូនអតីតខ្សែការពារ សាន ណារិទ្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ, រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​យក​ថវិកា​ចំនួន​១​ពាន់​ដុល្លារ​ប្រគល់ជូន​លោក សាន ណា​រិ​ទ្ធ អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែលមាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​។ ណា​រិ​ទ្ធ បាន​ធ្លាក់​ឈឺ​ធ្ងន់​ក្នុងអំឡុង​ខែកញ្ញា និង​បាន​បញ្ជូនទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​

 
​លោក សាន ណា​រិ​ទ្ធ អតីត​ខ្សែការពារ​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នៅផ្ទះ ទទួលបាន​ថវិកា​១​ពាន់​ដុល្លារ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​ជួយ​សម្រួល​លើ​ការចំណាយ​ថ្លៃ​ព្យាបាល​ជំងឺ​ខ្លួន​។ ថវិកា​ទាំងនេះ ត្រូវបាន​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា យកទៅ​ប្រគល់ជូន កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​។  


 
​សាន ណា​រិ​ទ្ធ មាន​វ័យ​៣១​ឆ្នាំ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​រូបគេ​មាន​អាកា​រៈ​ល្ហិតល្ហៃ ក្រោយ​ជំងឺ​រលាក​សួត​រើ​ខ្លាំង​។ ដំបូង​ឡើយ​អតីត​កីឡាករ​ជម្រើសជាតិ​រូបនេះ មិនបាន​ដឹង​ពី​ជំងឺ​រលាត​សួត​នេះ​ទេ ដោយ​គិតថា រូបគេ​មាន​ជំងឺ​ក្រពះ​ធម្មតា​។ ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រមាណ​១០​ថ្ងៃ សាន ណា​រិ​ទ្ធ ត្រូវបាន​ចេញទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​វិញ​។ ព្រោះ​នៅ​មន្ទីរពេទ្យ​ត្រូវ​ចំណាយ​យ៉ាងហោច​ពី​៣០០​ទៅ​៤០០​ដុល្លារ​ក្នុង​មួយថ្ងៃ​។  

អត្ថបទទាក់ទង
 
«​ដំបូង​ឡើយ គាត់​មិន​បានដឹង​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន​នោះទេ ដោយ​គាត់​គិតថា ជា​បញ្ហា​ក្រពះ​ធម្មតា ហើយ​ចេះតែ​ផ្សំ​ថ្នាំលេប​។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ គាត់​មាន​អាកា​រៈ​ល្ហិតល្ហៃ ហើយ​ម្តាយ​នាំទៅ​ពិ​និត្យនៅ​មន្ទីរពេទ្យ ទើប​ដឹងថា សួត​គាត់​រង​ការ​រលាក​យ៉ាងធ្ងន់ធ្ងរ​»​។ នេះ​ជាការ​រៀបរាប់​របស់ អូ​ម ថាវរៈ ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​កន្លងទៅ​។​
 
​ណា​រិ​ទ្ធ ដែល​មួយរយៈ​ចុងក្រោយ​ធ្វើជា​គ្រូបង្វឹក​ក្លិប​យុវជន​រាជធានី ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើន​នៅ​កម្ពុជា​ដូចជា ខេមរា​កីឡា ព្រះខ័ន​រាជ ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល Albirex Niigata Phnom Penh, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ និង​ពិស្ណុការ​។ រូបគេ​ជា​ខ្សែការពារ​ដ៏​ឆ្នើម​នៅក្នុង​ក្រុម​ជម្រើសជាតិ​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៣​ផងដែរ​៕

Tag:
 បាល់ទាត់​
  សាន ណា​រិ​ទ្ធ​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com