ជាតិ
កុំភ្លេចចូលរួមទិវា UN DAY ទាំងអស់គ្នានៅថ្ងៃទី២៤ ខែតុលានេះ
× ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា សូមអញ្ជើញសាធារណជនទាំងអស់ ជាពិសេសប្អូនៗយុវជន ចូលរួមដោយសេរី នៅក្នុងទិវាអង្គការសហប្រជាជាតិ ឬ UN DAY ដែលនឹងព្រឹត្តទៅ នៅថ្ងៃទី២៤ ខែតុលានេះ នៅ Factory Phnom Penh ដែលស្ថិតនៅអគារលេខ ១១៥៩ តាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ទិវាអង្គការសហប្រជាជាតិ (UN day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែតុលា។ ឆ្នាំ២០១៨នេះ ទិវា UN day នឹងរៀបចំឡើងក្រោមក្រោមប្រធានបទ«លើកកម្ពស់នវានុវត្តន៍ថ្ងៃនេះ ដើម្បីថ្ងៃស្អែកកាន់តែប្រសើរ»។
ក្រៅតែពីការជំរុញឲ្យយុវជនខ្មែរ ចូលរួមអបអរទិវារំលឹកខួបការបង្កើតអង្គការសហប្រជាជាតិ ។ ឆ្នាំនេះ UN day រៀបចំឡើងដើម្បីផ្តល់ឱកាសជាពិសេស ដល់យុវជនកម្ពុជាដែលប្រកបដោយថាមពល និងគំនិតច្នៃប្រឌិត បានទទួលចំណេះដឹង និងព័ត៌មានបន្ថែម អំពីគោលដៅអភិវឌ្ឍដោយចីរភាព(SDGs)។
លើសពីនេះ យុវជនដែលចូលរួមនៅក្នុងទិវា UN DAY នឹងបានស្វែងយល់ពីសកម្មភាពនានា ដែលអង្គការសហប្រជាជាតិ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ក្រុមសហគ្រិន និងបណ្តាដៃគូដទៃទៀត បាន និងកំពុងអនុវត្តនៅកម្ពុជា ដូចជាផ្នែកអប់រំ សុខភាព កសិកម្ម ជំនួញ ពាណិជកម្ម បរិស្ថាន ការបោសសំអាតមីន និងអំពីទីក្រុងជាដើម។ ពួកគេ ក៏នឹងទទួលបានការកម្សាន្តជាច្រើន និងការទស្សនាការបង្ហាញស្នាដៃរបស់យុវជនឆ្នើមៗ អំពីគម្រោងជ័យលាភីរបស់ពួកគេ ស្តីពីយុទ្ធនាការផ្សព្វផ្សាយពត៌មាន និងឃោសនា អំពីគោលដៅអភិវឌ្ឍដោយចីរភាព ទៅប្រជាជនកម្ពុជា។
ដូច្នេះសូមកុំភ្លេច ចូលរួមដោយសេរី នៅក្នុងទិវាអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលាជាមួយយើងទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង ព័ត៌មាន ក៏ដូចជាការកម្សាន្តដ៏សម្បូរបែប។
នេះជាទីតាំងដែលត្រូវប្រារព្ធទិវា UN Day
Tag:
អប់រំ
អង្គការសហប្រជាជាតិ
UN DAY
© រក្សាសិទ្ធិដោយ thmeythmey.com