កីឡាអន្តរជាតិ
អន្តរជាតិ
ករណី Khashoggi មិនអាចរារាំងការប្រមាញ់ទិញ Man Utd របស់ព្រះអង្គម្ចាស់ Bin Salman ឡើយ
× តើ Premier League នឹងធ្លាក់ចុះប្រជាប្រិយភាពរបស់ខ្លួនដែរឬទេ ប្រសិនបើសែរាជវង្សនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានបំណងវិនិយោគក្លិប Manchester United កំពុងជាប់ក្តីក្តាំការបំបិទសិទ្ធិសេរីភាពសារព័ត៌មាន ដោយជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi កាលពីកន្លងមក?
បើតាមការផ្សាយរបស់ The Sun អ្នករិះគន់រដ្ឋាភិបាលរបស់ប្រទេសសម្បូរប្រេងនេះកំពុងមានការព្រួយបារម្ភខ្លាំងចំពោះគំនិតរបស់រជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Mohammad bin Salman ក្នុងការទិញយកក្លិបកីឡាបាល់ទាត់នៅអង់គ្លេសបន្ទាប់ពីប្រទេសនេះទទួលស្គាល់ ថាអ្នកកាសែតលោក Khashoggi បានស្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនៅតួកគីដែរ។
អ្នកកាសែត Jamal Khashoggi ដែលត្រូវបានសម្លាប់
ជុំវិញការស្លាប់នេះ អារ៉ាប៊ីសាអ៊ូឌីតធ្លាប់បានបកស្រាយថា Khashoggi បានចាកចេញពីស្ថានកុងស៊ុលទាំងរស់រានមានជីវិតហើយ ប៉ុន្តែក្រោយមកពួកគេក៏បានអះអាងថាអ្នកកាសែតវ័យ៦០ឆ្នាំដែលតែងតែសរសេររិះគន់រដ្ឋាភិបាលនោះបានស្លាប់នៅក្នុងជម្លោះមួយក្នុងស្ថានកុងស៊ុលវិញ។
ថ្វីបើមានស្ថានការណ៍មិនសូវល្អនាពេលបច្ចុប្បន្នក៏ដោយ តែទំនាក់ទំនងរវាងអង់គ្លេសជាមួយអារ៉ាប៊ីសាអ៊ូឌីតមិនអាចរាំងខ្ទប់ការវិនិយោគនៅក្នុងវិស័យកីឡាបាល់ទាត់ ឬវិស័យអាជីវកម្មដទៃទៀតឡើយ។
និយាយរួមខាងភាគីពីចក្រភពអង់គ្លេស អាមេរិក និងប្រទេសលោកខាងលិចដទៃទៀតដែលខ្ទាស់គំនិតជុំវិញការស្លាប់អ្នកកាសែត Khashoggi នោះ ពួកគេទនៅតែត្រូវការទំនាក់ទំនងល្អជាមួយព្រះអង្គម្ចាស់ Bin Salman ដែលជាអ្នកស្នងរាជ្យអារ៉ាប៊ីសាអ៊ូឌីតដើម្បីបំពេញគោលដៅនយោបាយ និងសេដ្ឋកិច្ចរបស់ពួកគេរៀងខ្លួន។
នេះមានន័យថា ការចូលខ្លួនមកវិនិយោគក្លិបបិសាចក្រហមពីសំណាក់ព្រះអង្គម្ចាស់វ័យ៣៣ឆ្នាំ ដែលកំពុងជាប់សង្ស័យការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីតខាងលើ នឹងមិនប៉ះពាល់ដល់ប្រជាប្រិយភាពរបស់ក្របខណ្ឌ Premier League ឡើយ ព្រោះរាល់ម្ចាស់ក្លិប និងនាយកគ្រប់គ្រងទាំងអស់ស្ថិតក្រោមលក្ខខណ្ឌច្បាប់របស់ចក្រភពអង់គ្លេស៕
Tag:
បាល់ទាត់
Manchester United
Mohammad bin Salman
Jamal Khashoggi
© រក្សាសិទ្ធិដោយ thmeythmey.com