អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីតួកគី៖ ករណីឃាតកម្មអ្នកកាសែតរិះគន់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ត្រូវបានគេគ្រោងទុកយូរថ្ងៃ
× ប្រធានាធិបតីតួកគីបានប្រកាសថា ករណីឃាតកម្មអ្នកសារព័ត៌មានរិះគន់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមានការគ្រោងទុកយូរថ្ងៃមកហើយដោយអារ៉ាប៊ីសាអូឌីត។ លោកបានស្នើឲ្យមានការរៀបចំគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដើម្បីស្រាវជ្រាវឲ្យដឹងថា អ្នកណាជាអ្នកនៅពីក្រោយករណីឃាតកម្មមានចរិតនយោបាយមួយនេះ។
ដូចការសន្យា លោក Recep Tayyip Erdogan បានចេញមុខផ្តល់តម្រុយបន្ថែមជុំវិញករណីឃាតកម្មអ្នកកាសែតអារ៉ាប៊ីសាអូឌីត Jamal Khashoggi នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំប្រទេសតួកគីនៅថ្ងៃអង្គារទី ២៣ ទីតុលានេះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅចំពោះមុខសមាជិកសភាបក្សកាន់អំណាច លោក Erdogan បាននិយាយត្រង់ៗថា គម្រោងធ្វើឃាតអ្នកសារព័ត៌មានលោក Khashoggi ត្រូវបានគេរៀបចំជាច្រើនថ្ងៃមុនករណីនេះកើតឡើង ហើយវាជាករណីឃាតកម្មបែបនយោបាយផង។
មេដឹកនាំរូបនេះលើកទឡ្ហីករណ៍ថា ប្រព័ន្ធកាមេរ៉ានៅស្ថានកុងស៊ុលនោះត្រូវបានគេបិទមុនមានករណីឃាតកម្មនេះកើតឡើង ដែលវាបញ្ជាក់ច្បាស់ថា ករណីនេះត្រូវបានគេរៀបចំទុកមុនប្រាកដណាស់។
បន្ទាប់ពីអះអាងបែបនេះ ប្រធានាធិបតីតួកគីក៏បានស្នើឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យដើម្បីបំបែកសំណុំរឿងនេះដែរ។ បន្ថែមពីនេះ លោកបានទាមទារឲ្យអារ៉ាប៊ីសាអូឌីតផ្តល់ចម្លើយឲ្យបានជាក់ច្បាស់ថា តើសាកសពលោក Khashoggi នៅទីណា ហើយអ្នកណាជាអ្នកបញ្ជាឲ្យមានការសម្លាប់នេះផង។
ប៉ុន្តែយ៉ាងណាក៏ដោយ មជ្ឈដ្ឋានសាធារណៈហាក់បីដូចជា ខកចិត្តដោយសារមេដឹកនាំតួកគីខាងលើមិនបានបញ្ចេញភស្តុតាងលម្អិតដែលខ្លួនប្រមូលបាន ហើយក៏មិននិយាយពីរឿងវីដេអូ ឬសំឡេងដែលប្រព័ន្ធផ្សព្វផ្សាយនានាធ្លាប់ចុះផ្សាយថា បានធ្លាក់ដល់ដៃអាជ្ញាធរតួកគីក្រោយមានករណីនេះកើតឡើងឡើយ។
ផ្ទុយទៅវិញ លោក Erdogan គ្រាន់តែបានទទួលស្គាល់ថា មនុស្ស ១៨នាក់ត្រូវបានចាប់ខ្លួនពិតប្រាកដមែននៅអារ៉ាប៊ីសាអូឌីតដោយសារជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ ហើយលោកក៏បានទាមទារឲ្យមានការកាត់ទោសជនជាតិអារ៉ាប៊ីសាអូឌីតទាំងនោះនៅក្នុងទឹកដីតួកគីផងដែរ។
សូមបញ្ជាក់ថា លោក Khashoggi ដែលជាអ្នកសារព័ត៌មានរិះគន់សែរស្រឡាយរាជរង្សានុវង្សអារ៉ាប៊ីសាអូឌីតបានបាត់ខ្លួនក្រោយពេលដែលលោកចូលទៅកាន់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅទឹកដីតួកគីដើម្បីរៀបចំឯកសារអាពាហ៍ពិពាហ៍ថ្ងៃទី ២ខែតុលា។ ដើមឡើយអារ៉ាប៊ីសាអូឌីតបានព្យាយាមលាក់បាំងពីការស្លាប់នេះ ប៉ុន្តែក្រោយរងសម្ពាធខ្លាំងក៏សារភាពថា លោក Khashoggi ពិតជាស្លាប់មែន។ ប៉ុន្តែក្រុងរីយ៉ាដ បកស្រាយថា អ្នកកាសែតនេះស្លាប់ក្នុងការវាយតប់គ្នាក្នុងស្ថានទូតមិនមែនពាក់ព័ន្ធនឹងរជ្ជទាយាទ Mohammad bin Salman ដូចគេចោទឡើយ៕
Tag:
អារ៉ាប៊ីសាអូឌីត
តួកគី
Jamal Khashoggi
© រក្សាសិទ្ធិដោយ thmeythmey.com