ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​កូរ៉េ KCI ទទួល​ប្រាក់​ជិត​៣​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការងារ​គម្រោង​កែលម្អ​ផ្លូវ​
03, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) ទទួលបាន​ទឹកប្រាក់​ជិត​៣​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការងារ​អនុវត្ត​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា កាលពី​ថ្ងៃទី​៣១ តុលា​។​

 
​ការងារ​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​គម្រោង​នេះ មានតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ ៣ ,៣១៧ ,៦៤០ ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ក្រុមហ៊ុន KCI ទទួលបាន​ទឹកប្រាក់​ចំនួន​២, ៨៨៤ ,៩០៤ ដុល្លារ​សហរដ្ឋ អាមេរិក​។ នេះ​បើតាម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ភាគី​ទាំងពីរ​។​
 
​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ប្រាក់កម្ចី​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (​លេខ​. ៣៥៧៦-CAM (COL) ចំនួន ៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​កែលម្អ និង​លើក​កម្រិត​បណ្ដាញ​ផ្លូវជាតិ​លេខ​១ ពី​គីឡូម៉ែត្រ​០៦៣+៣០០ ដល់​គីឡូម៉ែត្រ ១៥៩+០០០ (​អ្នក​លឿង​-​បាវិត​) និង​ផ្លូវជាតិ​លេខ ៦ ពី​គីឡូម៉ែត្រ ៣១៧+៦៣០ ដល់​គីឡូម៉ែត្រ ៣៦៧-៥១២ (​ក្រុង​សៀមរាប​-​ក្រឡាញ់​) ដែលមាន​ប្រវែង​សរុប ១៤៥,៥៨ គីឡូម៉ែត្រ ។ ផ្លូវ​ទាំងនេះ ត្រូវ​ប្ដូរ​ពី​កម្រាល​កៅស៊ូ DBST ទៅ​កម្រាល​កៅស៊ូ AC ព្រមទាំង​ដាក់លូ​សងខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹកភ្លៀង​ផងដែរ​។​
 
​គម្រោង​នេះ គ្រោង​ចំណាយពេល​៥៤​ខែ ពោលគឺ រយៈពេល​សាងសង់ ១៨​ខែ និង​ថែទាំ​រយៈពេល​៣៦​ខែ ដោយ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២៣ ។ នេះ​បើតាម​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​៕
 
 
 

Tag:
 ស៊ុន ចាន់ថុល​
  កូរ៉េ​
  ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com