អន្តរជាតិ
នយោបាយអន្តរជាតិ
បក្សប្រឆាំងមីយ៉ាន់ម៉ា៖ «យើង បានត្រៀមខ្លួនរួចហើយដើម្បីត្រឡប់ទៅដឹកនាំប្រទេសឡើងវិញ» សមាជិកគណបក្សប្រឆាំង USDP (រូបភាព Myanmar Times)
× នៅថ្ងៃទី៣ វិច្ឆិកានេះ មីយ៉ាន់ម៉ា នឹងមានរៀបចំឲ្យការបោះឆ្នោតបង្គ្រប់អាសនៈ ដែលទំនេរនៅតាមមណ្ឌលចំនួន ១៣ ទូទាំងប្រទេស និង មានការចូលរួមប្រកួតប្រជែងពីបេក្ខជនតំណាងរាស្ត្រ ៥៩រូប មកពីបក្សនយោបាយជាង២០។ បក្សប្រឆាំងធំបំផុតសហភាពរួបរួម និងការអភិវឌ្ឍ (USDP) សង្ឃឹមខ្ពស់ទទួលបានអាសនៈច្រើន ខណៈបក្សកាន់អំណាច ទទួលស្គាល់ថា នឹងមានការប្រកួតប្រជែងខ្លាំង។
ប្រធានគណបក្សប្រឆាំងធំបំផុតរបស់មីយ៉ាន់ម៉ា (USDP) លោក ថាន ធេយ៍ នៅថ្ងៃ២៩ តុលាកន្លងទៅ បានអះអាងថា បក្សរបស់លោក បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដឹកនាំប្រទេសជាថ្មីម្តងទៀត ក៏ដូចជាផ្តល់អនាគតល្អប្រសើរសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times។
តាមប្រភពព័ត៌មានដដែលនោះ ប្រមុខបក្សប្រឆាំងរូបនេះ បានថ្លែងថា គណបក្សរបស់លោក មានទាំងថ្នាក់ដឹកនាំ និងអ្នកគាំទ្រគ្រប់គ្រាន់សម្រាប់ជ័យជម្នះនៃការបោះឆ្នោត ពិសេសនោះ ដឹកនាំនាវាប្រជាធិបតេយ្យមីយ៉ាន់ម៉ាឲ្យទៅមុខយ៉ាងពិតប្រាកដ។ លោក សន្យានៅចំពោះមុខអ្នកគាំទ្រថា បក្សរបស់លោកអាចធ្វើការរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ បើបក្សរបស់លោកឈ្នះ។
ប្រមុខបក្សប្រឆាំងដដែលនោះ បានរម្លឹកពីគុណសម្បត្តិ និងសមិទ្ធផលដឹកនាំប្រទេសកាលពីអាណត្តិមុន ដែលពេលនោះ USDP គឺជាបក្សកាន់អំណាច និងមានលោកអតីតប្រធានាធិបតី ថេន សេន ជាប្រធាន ខណៈ ចោទរដ្ឋាភិបាលបច្ចុប្បន្ន ដែលកំពុងតែដឹកនាំដោយបក្សសម្ព័ន្ធជាតិដើម្បីធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ថា បានបរាជ័យក្នុងការដឹកនាំប្រទេស។
«អតីតរដ្ឋាភិបាលដឹកនាំដោយអតីតប្រធានាធិបតី ថេន សេន បានពុះពារធ្វើឲ្យមីយ៉ាន់ម៉ាឆ្ពោះទៅមុខក្នុងវិថីប្រជាធិបតេយ្យដ៏ត្រឹមត្រូវ។ ក្រោយពី NLD បានឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥ USDP បានក្លាយជាបក្សប្រឆាំងវិញ ហើយ វាក៏គួរតែដល់ពេលហើយក្នុងការគិតពីអនាគតដ៏ប្រសើរជាងនេះ។ បក្ស USDP អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យស្ថានភាពរស់នៅរបស់ប្រជាជនទាំងអស់ល្អប្រសើរ»។ លោក ថ្លែងយ៉ាងដូច្នេះ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រសិនបើបក្សប្រឆាំង ទទួលបានអាសនៈច្រើនក្នុងការបោះឆ្នោតបំពេញអាសនៈនេះមែន បក្សនេះ មិនទាន់អាចប្រៀបជាមួយនឹងបក្សកាន់អំណាចបច្ចុប្បន្ន ដែលមានសំឡេងច្រើនលើសលប់នៅក្នុងសភារួចទៅហើយនោះ។ ក៏ប៉ុន្តែ ការបោះឆ្នោតនេះ ក៏អាចជាសារមួយសម្រាប់បក្សកាន់អំណាច ដ្បិត វា ក៏បង្ហាញថា ប្រជាពលរដ្ឋ នឹងបោះឆ្នោតឲ្យបក្សកាន់អំណាចច្រើនដូចមុនឬយ៉ាងណា ក្រោយពីពួកគេ បានឃើញពីការអនុវត្តរបស់រដ្ឋាភិបាលបច្ចុប្បន្នរយៈពេលប៉ុន្មានឆ្នាំហើយនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com