អន្តរជាតិ
ប្រមុខការទូតថៃ៖ បោះឆ្នោតឆ្នាំក្រោយ មិនចាំបាច់មានអ្នកសង្កេតការណ៍អន្តរជាតិឡើយ រដ្ឋមន្រ្តីការបរទេសថៃ ដុន ប្រាមុដវីណៃ (រូបភាព The Nation)
× រដ្ឋមន្ត្រីការបរទេសថៃ ដុន ប្រាមុដវីណៃ (Don Pramudwinai) នៅថ្ងៃទី៦ ខែវិច្ឆិកា បានបង្ហាញគំនិតជំទាស់ទៅនឹងវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក្នុងការបោះឆ្នោតឆ្នាំ២០១៩ ។ សម្រាប់លោក ដុន វត្តមានរបស់អ្នកសង្កេតការណ៍កើតមានតែប្រទេសណាដែលបញ្ហាប៉ុណ្ណោះ ឯថៃវិញមានសមត្ថភាពដោះស្រាយបញ្ហាខ្លួនឯង។ ប៉ុន្តែគេមិនច្បាស់ទេថា សម្ដីរបស់រដ្ឋមន្ត្រីការបរទេសនេះ ជាជំហររួមរបស់រដ្ឋាភិបាលក្រុងបាងកកឬយ៉ាងណាឡើយ។
រដ្ឋាភិបាលថៃមិនត្រូវការអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ត្រួតពិនិត្យការបោះឆ្នោតឆ្នាំក្រោយឡើយ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដុន ប្រាមុដវីណៃ នៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក។ ខែកុម្ភៈ ឆ្នាំ២០១៩ គឺជាកាលបរិច្ឆេទលឿនជាងគេ ដែលគេរំពឹងថា ការបោះឆ្នោតនឹងកើតឡើងយ៉ាងពិតប្រាកដ ហើយជាការបោះឆ្នោតដែលលោក ដុន អះអាងថា ថៃអាចរៀបចំបានដោយគ្មានបញ្ហាអ្វីឡើយ។
របបសឹកថៃ ដែលធ្វើរដ្ឋប្រហារកាលខែឧសភា ឆ្នាំ២០១៤ បានពន្យារពេលការបោះឆ្នោតម្ដងជាពីរដងរួចមកហើយរហូតធ្វើឲ្យប្រជាជនថៃខឹងសម្បារយ៉ាងខ្លាំង។ ការបោះឆ្នោតចុងក្រោយបំផុតនៅថៃ កើតឡើងក្នុងឆ្នាំ២០១១ ដែលពេលនោះ បក្សភឿថៃដែលជិតស្និទ្ធអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទទួលសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ហើយដឹកនាំរដ្ឋាភិបាលរហូតដល់អតីតមេទ័ព ប្រាយុទ្ធ ចន្ទអូចា ធ្វើរដ្ឋប្រហារទម្លាក់នៅបីឆ្នាំបន្ទាប់។
ជាការបោះឆ្នោតលើកដំបូងក្នុងរយៈពេលជិត៥ឆ្នាំ អ្នកនយោបាយ និងក្រុមអ្នករិះគន់ចង់ឃើញអ្នកសង្កេតការណ៍បរទេសសម្រាប់ព្រឹត្តការណ៍ថ្ងៃទី២៤ ខែកុម្ភៈ។ បើតាមកាសែត The Nation គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃ ក៏បានទទួលយកសំណើពីអង្គការអន្តរជាតិដើម្បីចូលរួមត្រួតពិនិត្យការបោះឆ្នោត។ យ៉ាងណាមិញ លោក ដុន និយាយថា អ្នកសង្កេតការណ៍អន្តរជាតិទៅប្រទេសណាដែលមានបញ្ហាផ្នែកបោះឆ្នោតប៉ុណ្ណោះ។
ប្រមុខការទូតថៃរូបនេះបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែវិច្ឆិកា ថា ការអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍អន្តរជាតិ ជាការបង្ហាញថា ថៃមានបញ្ហា ហើយមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ ជាមួយនឹងការអះអាងថា ថៃមិនដែលបញ្ហាក្នុងការរៀបចំការបោះឆ្នោតនោះ លោក ដុន បន្ថែមថា អ្នកដែលសក្តិសមបំផុតសម្រាប់ធ្វើជាអ្នកសង្កេតការណ៍ជំនួសឲ្យជនបរទេសនោះ គឺអ្នកបោះឆ្នោតថៃផ្ទាល់ទៅវិញ។
វត្តមានជនបរទេសជាអ្នកសង្កេតការណ៍ ក៏ត្រូវបានលោក ដុន យកទៅបកស្រាយថា ជាការពឹងផ្អែកលើប្រទេសផ្សេងដែរ ហើយដែលជារឿងមិនចាំបាច់ឡើយ។ សម្រាប់រដ្ឋមន្ត្រីការបរទេសថៃរូបនេះ អន្តរាគមន៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មានន័យថា ថៃមិនទាន់ចាស់ទុំ និងមិនទាន់អភិវឌ្ឍ ដែលតាមពិត ថៃអាចធ្វើការបានដោយខ្លួន និងធ្លាប់ជោគជ័យជាច្រើនដងរួចមកហើយ៕
Tag:
ថៃ
Don Pramudwinai
© រក្សាសិទ្ធិដោយ thmeythmey.com