អន្តរជាតិ
មហាធៀ ប្រាប់ពូទីន៖ យន្តហោះទិញពីរុស្ស៊ីដំណើរការមិនបានល្អ និងពិបាកជួសជុល
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី១៣ ខែវិច្ឆិកា បានចោទសួរពីបញ្ហាមួយចំនួនទាក់ទងនឹងយន្តហោះចម្បាំងដែលបានទិញពីរុស្ស៊ី ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ ត្រង់ចំណុចនេះ មេដឹកនាំចំណាស់ជាងគេរូបនេះ បានអះអាងថា យន្តហោះចម្បាំងទាំងនោះ គឺដំណើរការមិនបានល្អ និងពិបាកនឹងជួសជុលថែមទៀតផង។
ថ្លែងទៅកាន់លោក ពូទីន អំឡុងជំនួបក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅឯសណ្ឋាគារ Shangri-La កាលពីយប់ថ្ងៃទីថ្ងៃទី១៣ ខែវិច្ឆិកា លោក មហាធៀ បានគូសបញ្ជាក់បែបនេះ៖ «យើងមានយន្តហោះចម្បាំងរុស្ស៊ីមួយចំនួន ហើយយើងនៅមិនទាន់យល់ច្បាស់អំពីរបៀបថែរក្សា និងជួសជុលវាឡើយ»។
បើតាមសារព័ត៌មាន New Straits Times នាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំរូបនេះ បានត្អួរត្អែរថា កងទ័ពជើងអាកាសម៉ាឡេស៊ី បានសហការរួមគ្នាជាមួយក្រុមហ៊ុនរុស្ស៊ីទាក់ទិនពីបញ្ហាខាងលើនេះ តែជាអកុសល យន្តហោះចម្បាំងតិចតួចប៉ុណ្ណោះអាចហោះហើរបាននោះ។
ការលើកឡើងរបស់លោក មហាធៀ ធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Mohamad Sabu កាលពីខែកក្កដាកន្លងទៅ ធ្លាប់បានបង្ហើបថា យន្តហោះចម្បាំង៤គ្រឿងប៉ុណ្ណោះ ក្នុងចំណោមយន្តហោះចម្បាំងរុស្ស៊ី២៨គ្រឿង ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសភូមិន្ទម៉ាឡេស៊ី (RMAF) អាចធ្វើការហោះហើរបាន។ ចំណែក២៤គ្រឿងផ្សេងទៀត ពុំអាចហោះហើរបានឡើយ។
បន្ថែមពីបញ្ហានេះ លោក Mohamad បានបញ្ជាក់ថា ក្រសួងការពារជាតិម៉ាឡេស៊ី បានលុបចោលកិច្ចសន្យាទិញសម្ភារៈយោធាពីរុស្ស៊ី ដែលធ្វើឡើងដោយរដ្ឋបាលមុន ហើយសព្វនេះក្រសួងកំពុងស្វែងរកអ្នកផ្គត់ផ្គង់ថ្មី។
គួរបញ្ជាក់ផងដែរថា បច្ចប្បន្ននេះ ម៉ាឡេស៊ីមានយន្តហោះចម្បាំងប្រភេទ Sukhoi Su-30MKM របស់រុស្ស៊ីចំនួន ១៨គ្រឿង និងយន្តហោះចម្បាំងប្រភេទ MiG 29 របស់រុស្ស៊ីចំនួន ២៩គ្រឿង។ ក្នុងចំណោមយន្តហោះចម្បាំងទាំងនោះ យន្តហោះចម្បាំងពហុមុខងារប្រភេទ MiG ចំនួន១០គ្រឿង ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៥ ខណៈយន្តហោះចម្បាំងស៊េរីទំនើប Sukhoi Su-30MKM ចំនួន៦គ្រឿង ត្រូវបានបញ្ជូនទៅដល់ម៉ាឡេស៊ី ក្នុងឆ្នាំ២០០៧ និងសេសសល់បន្ថែមទៀត គឺទទួលបានក្នុងឆ្នាំ២០០៩៕
Tag:
រុស្ស៊ី
ម៉ាឡេស៊ី
មហាធៀ
ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com