អន្តរជាតិ
មីយ៉ាន់ម៉ា បន្ទោសបង់ក្លាដែសដែលមិនព្រមបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា តែUN សាទរចំណាត់ការបង់ក្លាដែស
× រដ្ឋាភិបាលក្រុងណៃពិដោរ បានសម្តែងការខកចិត្ត និងបន្ទោសរដ្ឋាភិបាលក្រុងដាហ្កា ដែលមិនគោរពតាមកិច្ចព្រមព្រៀងក្នុងការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ ក្រុងណៃពិដោរ ចាត់ទុកឥរិយាបថរបស់ក្រុងដាហ្កាបែបនេះ ថាជាការបរាជ័យផ្នែកច្បាប់មួយ។
បន្ទាប់ពីរដ្ឋាភិបាលបង់ក្លាដែស មិនព្រមបញ្ជូនជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទៅកាន់មីយ៉ាន់ម៉ាវិញ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមីយ៉ាន់ម៉ា លោក Myint Thu នៅថ្ងៃទី១៥ វិច្ឆិកា បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពីជំហរមិនពេញចិត្ត ដោយថែមទាំងបានបន្ទោសបង់ក្លាដែសថាមិនព្រមសហការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times។
មន្ត្រីជាន់ខ្ពស់ដដែលនោះ បានអះអាងថា ភាគីមីយ៉ាន់ម៉ា បានរង់ចាំស្វាគមន៍ និងទទួលជនភៀសខ្លួនជុំទី១ជាង២០០០នាក់ ដែលមីយ៉ាន់ម៉ា និងបង់ក្លាដែស បានឯកភាពគ្នាថា នឹងត្រូវបញ្ជូននៅថ្ងៃ១៥ ខែវិច្ឆិកា។ ក៏ប៉ុន្តែ ការទន្ទឹងរង់ចាំនេះ បែរជាគ្មានន័យញទៅវិញ ដោយមីយ៉ាន់ម៉ា ចោទថា ភាគីបង់ក្លាដែស មិនបានរៀបចំបញ្ជីឈ្មោះ និងជូនដំណឹងដល់ជនភៀសខ្លួនពីការរៀបបញ្ជូនពួកគេទៅមីយ៉ាន់ម៉ាវិញ។
តាម លោក Mynt Thu ជនភៀសខ្លួនដែលកំពុងស្នាក់នៅក្នុងទឹកដីបង់ក្លាដែសមានបីប្រភេទ។ ប្រភេទទីមួយ ជនភៀសខ្លួនដែលមិនចង់ត្រលប់មកមីយ៉ាន់ម៉ាវិញ ហើយចង់រស់នៅក្នុងប្រទេសទីបី។ ប្រភេទទីពីរ អ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងហិង្សាក្នុងរដ្ឋរ៉ាខានចុងឆ្នាំមុន ហើយមិនចង់ត្រលប់មកមីយ៉ាន់ម៉ាវិញ។ ប្រភេទទីបី អ្នកដែលចង់ត្រលប់មកជួបជុំញាតិមិត្តបងប្អូននៅមីយ៉ាន់ម៉ាវិញ។
លោក សង្កត់ធ្ងន់ថា ប្រភេទជនភៀសខ្លួនទីមួយ និងទីពីរ នឹងមិនត្រឡប់មកវិញមីយ៉ាន់ម៉ាវិញឡើយ ក៏ប៉ុន្តែលោក ថ្លែងថា រដ្ឋាភិបាលមីយ៉ាន់ម៉ា នឹងនៅតែបន្តអនុវត្តតាមកិច្ចព្រមព្រៀងក្នុងការផ្តល់ទីជម្រកដល់ជនភៀសខ្លួន ហើយ មីយ៉ាន់ម៉ា នឹងទទួលយកតែជនភៀសខ្លួនទាំងឡាយណាដែលមានបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់នោះទេ។
គួរកត់សម្គាល់ផងដែរថា ការណ៍ដែលបង់ក្លាដែស បែរជាមិនអនុវត្តតាមកិច្ចព្រមព្រៀងជាមួយនឹងមីយ៉ាន់ម៉ា ក៏ជាផ្នែកមួយ បន្ទាប់ពីអ្នករាយការណ៍សិទ្ធិមនុស្សប្រចាំមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិ បានទទូចឲ្យបង់ក្លាដែសបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀង ដ្បិតមីយ៉ាន់ម៉ា នៅមិនទាន់ធានាពីការគាំពារ និងផ្តល់អត្ថប្រយោជន៍តាមតម្រូវការរបស់ជនភៀសខ្លួនបាននៅឡើយនោះ។
ជុំវិញការមិនទាន់បញ្ជូនជនភៀសខ្លួននេះ ក៏ត្រូវបានសាទរពីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ UNICEF ផងដែរ។ សម្រាប់ UNICEF ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះបំផុត ហើយពួកគេ ក៏មិនត្រូវបានបង្ខំឲ្យត្រលប់ទៅវិញ ទាំងពួកគេ នៅមិនទាន់អាចធានាបានពីការផ្តល់សិទ្ធិពលរដ្ឋស្របច្បាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាផងដែរ៕
Tag:
មីយ៉ាន់ម៉ា
បង់ក្លាដែស
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com