អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំ​ដើម្បី​បន្ថយកម្តៅ​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​ទ័ព​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​
26, Nov 2018 , 11:19 pm        
រូបភាព
រូបភាព៖ABC
រូបភាព៖ABC
ដោយ: ថ្មីៗ
​កងទ័ពជើងទឹក​រុស្ស៊ី​បាន​ប្រើប្រាស់​អាវុធ​បាញ់​លើ​កងទ័ព​អ៊ុយ​ក្រែ​ន និង​រឹបអូស​យក​នាវា​កងទ័ព​ជើង​ទឹក​អ៊ុយ​ក្រែ​ន​បី​គ្រឿង​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ដែនទឹក​ខ្លួន​ក្បែរ​ឧបទ្វីប​គ្រី​មៀ​។ គេ​បារម្ភ​ថា ការប្រឈមមុខ​ដាក់គ្នា​នេះ​នឹងធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​ដោយ​អាវុធ​កាន់តែ​ធំ​ផង ខណៈ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កោះប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ព្យាយាម​សម្រួល​ស្ថានការណ៍​។


 
​រដ្ឋាភិបាល​រុស្ស៊ី​បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ទី ២៦ ខែវិច្ឆិកា​នេះ​ថា កងទ័ព​ខ្លួន​សម្រេច​ប្រើប្រាស់​សព្វាវុធ ដើម្បី​បញ្ឈប់​យោធា​អ៊ុយ​ក្រែ​ន​ដែល​ព្យាយាម​ចូល​ដែន​ដឹក​របស់ខ្លួន​ដោយ​ខុសច្បាប់​។ រុស្ស៊ី​ក៏បាន​បញ្ជាក់​ផងដែរ​ថា នាវា​កងទ័ព​អ៊ុយ​ក្រែ​ន​ទាំងបី​គ្រឿង​ត្រូវ​កងទ័ព​រុស្ស៊ី​ចូល​ឆែកឆេរ​ផងដែរ​ក្រោយ​ករណីនេះ​កើតឡើង​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP កងទ័ព​អ៊ុយ​ក្រែ​ន​បាន​អះអាងថា ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​ថ្ងៃអាទិត្យ​ទី ២៥ វិច្ឆិកា​នៅពេល​នាវាចម្បាំង​ធុន​តូច​ពីរ​គ្រឿង និង​នាវា​ធម្មតា​មួយគ្រឿង​ទៀត​របស់​កងទ័ព ជើង​ទឹក​អ៊ុយ​ក្រែ​ន​ធ្វើដំណើរ​ឆ្លងកាត់​ជ្រោយ Kerch ដែលជា​ផ្លូវទឹក​ចង្អៀត​មួយ​ភ្ជាប់​ទៅ​សមុទ្រ Azov​ដែលជា​សមុទ្រ​ដែល​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​រួមគ្នា​។  
 
​កងទ័ព​អ៊ុយ​ក្រែ​ន​បន្តថា ពេល​កំពុងធ្វើដំណើរ នាវា​កង​ឆ្មាំ​ការពារ​សមុទ្រ​រុស្សី​បាន​បើក​មក​បុក​នាវា​របស់ខ្លួន ហើយ​បន្ទាប់មក​ក៏​បាញ់រះ​លើ​នាវា​ដើម្បី​បញ្ឈប់​នាវា​ទាំងបី​គ្រឿង​នោះ​តែម្តង​។ អ៊ុយ​ក្រែ​ន អះអាង​បន្ថែមទៀតថា មុន​ប្រតិបត្តិការ ខ្លួន​ថែមទាំង​បានផ្តល់​ដំណឹង​ដល់​កងទ័ព​រុស្ស៊ី​ជាមុន​ដែរ​ពី​សកម្មភាព​នាវាចរណ៍​ទៅកាន់​សមុទ្រ Azov​។​
 
​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នេះ​កើតឡើង​បន្ទាប់ពី​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​ត្អូញត្អែ​កាលពី​ខែកញ្ញា​ជុំវិញ​សកម្មភាព​បង្ករឿង​របស់​កងកម្លាំង​រុស្ស៊ី​នៅតាម​ព្រំដែន​ជាពិសេស​ធ្វើ​មកលើ​នាវា​អ៊ុយ​ក្រែ​ន​ដែល​ធ្វើដំណើរ​តាមផ្លូវ​រួមគ្នា​នោះ​។ អ៊ុយ​ក្រែ​ន​កន្លងមកនេះ​ក៏បាន​បង្កើត​ចំនួន​នាវាចម្បាំង និង​កម្លាំង​ល្បាត​ព្រំដែន​ដែរ បន្ទាប់ពី​រុស្ស៊ី​ពង្រាយ​នាវាចម្បាំង​បន្ថែម​ប្រាំ​គ្រឿង​ទៀត​ទៅកាន់​សមុទ្រ Azov​។ 
 
​ត្រឡប់មកវិញ ការប្រឈមមុខគ្នា​នៅតាម​ដែនសមុទ្រ​នេះ​ជា​ការវិវត្ត​មួយ​ប្រកបដោយ​គ្រោះថ្នាក់​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន ស្រប​ពេលដែល​ភាគី​ទាំងពីរ​នៅ​បន្ត​ប្រឈមមុខគ្នា​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ផង​នោះ​។​
 
​លោកខាងលិច​បាន​ទទូច​ឲ្យ​រុស្ស៊ី​ប្តូរ​ឥរិយាបថ និង​ឲ្យ​ភាគី​ទាំងពីរ​អត់ធ្មត់​បញ្ចៀស​បញ្ហា​ឲ្យ​បាន​។ សហភាព​អឺរ៉ុប​បានស្នើ​ឲ្យ​រុស្ស៊ី​បើកទូលាយ​ឡើងវិញ​នូវ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ឆ្លងកាត់​ជ្រោយ Kerch និង​ទទូច​ឲ្យ​ភាគី​ទាំងពីរ​បន្ធូរបន្ថយ​ភាព​តានតឹង​ឲ្យ​បាន​រហ័ស​តាម​ដែល​អាច​ធ្វើបាន​។ ចំ​ណែ​ល​បក្សសម្ព័ន្ធ​យោធា​ណា​តូ​វិញ​ក៏​ទទូច​ឲ្យ​មានការ​បញ្ចៀស​ការប្រឈមមុខ​គ្នា​ឬ​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​ដែរ និង​ធានា​មិន​ឲ្យ​មានការ​កាត់ផ្តាច់​សកម្ម​ភាព​នាវាចរណ៍​របស់​អ៊ុយ​ក្រែ​ន​ទៅកាន់​ដែនសមុទ្រ Azov ដែលជា​សិទ្ធិ​ការពារ​ដោយ​ច្បាប់​អន្តរជាតិ​ដែរ​។​
 
​ដើម្បី​ជួយ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ចន្ទ​ដែរ​។ បើតាម​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley កិច្ចប្រជុំ​នឹង​ពិភាក្សា​ពី​ស្ថានការណ៍​ប្រឈមមុខ​ដាក់គ្នា ហើយ​កិច្ចប្រជុំ​ត្រូវបាន​ស្នើឡើង​ដោយ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ផ្ទាល់​ដែរ​។  
 
​ដោយឡែក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko បានស្នើ​ទៅកាន់​សភា​ឲ្យ​បោះឆ្នោត​អនុម័ត​ថា តើ​គួរប្រើ​ប្រាស់​ច្បាប់អាជ្ញាសឹក​ឬ​អត់​ក្នុង​រយៈពេល ៦០​ថ្ងៃ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​។ ក្នុង​ជំហរ​គាំទ្រ​ច្បាប់អាជ្ញាសឹក លោក Poroshenko បាន​អះអាងថា ទាហាន​របស់ខ្លួន​ប្រាំមួយ​នាក់​របួស​ក្នុងនោះ​មាន​ពីរ​នាក់​របួសធ្ងន់​។ លោក​បន្តថា ការវាយប្រហារ​និង​រឹបអូស​នាវាចម្បាំង​អ៊ុយ​ក្រែ​ន​ជា​កំហុសឆ្គង​មួយ ប៉ុន្តែ​លោក​ធាន​ថា គ្មាន​លក្ខខណ្ឌ​ណាមួយ​ដែល​អ៊ុយ​ក្រែ​ន​ត្រូវ​ប្រើប្រាស់​សកម្មភាព​យោធា​ប្រឆាំង​អ្នកណា​មួយ​ឡើយ​។​
​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី​អះអាង​ផ្ទុយ​ពី​ការលើកឡើង​ខាងលើ ដោយ​បញ្ជាក់ថា ទាហាន​បីនាក់​ប៉ុណ្ណោះ​ដែល​របួស ហើយ​គ្មាន​អ្នក​ណាមួយ​មាន​របួសធ្ងន់​ឡើយ​៕
 

Tag:
 UNSC
  រុស្ស៊ី
  អ៊ុយ​ក្រែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com