ONE Championship
កីឡាជាតិ
ជាតិ
លោក Conway អ្នក​គ្រប់គ្រងកីឡាករ ONE Championship តស៊ូ​ដើម្បី​កម្ពុជា​
27, Nov 2018 , 9:43 am        
រូបភាព
លោក Joe Conway រាប់ពីឆ្វេងទី៣
លោក Joe Conway រាប់ពីឆ្វេងទី៣
ដោយ: ថ្មីៗ
 
 លោក Joe Conway អ្នកចាត់ការរបស់ ចាន់ រតនា កីឡាកររបស់ ONE មានឱកាស​បានមក​ស្រុក​ខ្មែរ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៥ លោក​មិន​នឹកស្មានថា​ខ្លួន​អាច​ភ្ជាប់​និស្ស័យ​ជាមួយ​តារា​ប្រដាល់ គុន​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព​របស់​កម្ពុជា ចាន់ រតនា ឡើយ​។

 
Conway ជាមួយ​ជើង​ខ្លាំង​ប្រចាំ ONE Championship ចាន់ រតនា សព្វថ្ងៃ​មាន​ទំនាក់ទំនង​ជិតស្និត​ជាង​មិត្តភក្តិ​ធម្មតា​ទៅទៀត​។ ពួកគាត់​បាន​ចាប់ដៃគ្នា​ដើរ​ប្រមូលផ្តុំ​អ្នក​ស្នេហា​វិស័យ​ក្បាច់គុន​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ក្នុង​ឆន្ទៈ​លើកស្ទួយ​កីឡា​នេះ​ដើម្បី​ប្រឡូក​ក្នុង​ពិភព​គុន​ក្នុង​ស្តង់ដារ​កំរិត​ខ្ពស់​។ 
 
​អ្នក​ទាំងពីរ​ក៏បាន​បញ្ចូល​សមាជិក​ថ្មី​ទៀត​ផងដែរ​រួមមាន​ជើង​ខ្លាំង​មកពី​ប្រទេស​ភូមា ភូ ថាវ និង​កីឡា​រករ​ខ្មែរ​-​អាមេរិក អម សុ​ផា​ណា​រិ​ទ្ធ​។ 
 
Conway រំលឹក​ដល់​ដំណើររឿង​ដែល​លោក​បាន​ជួប ចាន់ រតនា នៅឯ​ក្លិប «​សិល្បៈ​» កាល​គាត់​មកដល់​កម្ពុ​ជាដំបូង​៖
 
«​ខ្ញុំ​ពិតជា​រំភើប ជាមួយ​អ្វីដែល​ពួកគាត់​កំពុង​ធ្វើ​ណាស់ ទាំង​ការបង្ហាត់​ក្បាច់គុន និង​ការចាក់​ដោត​វប្បធម៌​របស់​ក្បាច់គុន​ខ្មែរ និង​ក៏ដូចជា​យុទ្ធ​គុនខម​»​។ 
 
«​ពេលនោះ​ខ្ញុំ​បង្កើត​កម្មវិធី​សប្បុរសធម៌​មួយ​ហៅថា ប្រយុទ្ធ​ដើម្បី​កម្ពុជា «Fight For Cambodia» ដើម្បី​រៃអង្គៀស​លុយ​សំរាប់​ទ្រទ្រង់​វិស័យ​អប់រំ និង វិស័យ​ក្បាច់គុន ដែលជា​អ្វីដែល​ក្លឹប​«​សិល្បៈ​»​ព្យាយាម​ធ្វើ​សព្វថ្ងៃនេះ​»​។ 
 
Conway មាន​ស្រុកកំណើត​នៅ​ទីក្រុង​បូ​ស្តុ​ន ហើយ​គាត់​មាន​ជំនាញ​ខាង​ធនាគារ និង​ហិរញ្ញវត្ថុ គាត់​ជឿជាក់ថា​ខ្លួន​អាច​ប្រើប្រាស់​ជំនាញ​របស់ខ្លួន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពិភពលោក​ឲ្យ​បាន​ខ្ទរខ្ទារ​បន្ថែម​ពី​កីឡាករ​ក្បាច់គុន​កម្ពុជា​។ 
 
​បន្ទាប់ពី​បានធ្វើ​យុទ្ធនាការ​សប្បុរសធម៌​នោះមក គាត់​មើលឃើញថា​សប្បុរសធម៌​អាចជួយ​ច្រើនណាស់ ប៉ុន្តែ​គាត់​ត្រូវផ្តោត​លើ​វិធី​ផ្សេង​ខុសគ្នា​បន្តិច​។ 
 
​សព្វថ្ងៃ​គាត់​មាន​ក្រុមហ៊ុន​គ្រប់គ្រង​មួយ​ដែលមាន​សាខា​នៅ​សហរដ្ឋអាមេរិក ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា​។ ទស្សនៈវិស័យ​នៃ​ក្រុមហ៊ុន​នោះ​គឺ​ជឿថា​ក្បាច់គុន​អាច​ផ្លាស់​ប្តូរជីវិត​មនុស្ស​ឲ្យ​ប្រសើរឡើង ជា​ជំនឿ​មួយ​ដែល Conway បានឃើញ​ផ្ទាល់​ភ្នែក​ខ្លួនឯង​តែម្តង​។ 
 
«​យើង​ជួយ​គ្នាច្រើន​ទាក់ទង​នឹង​ការ​ឲ្យ​តម្លៃ ក៏ដូចជា​ឆ​ន្ទះ​ក្នុងការ​ប្រើប្រាស់​ក្បាច់គុន​ចម្រុះ​សម្រាប់​ជួយ​ផ្លាស់​ប្តូរជីវិត​របស់​ពួកគាត់​ឲ្យ​ល្អ​ឡើង​។ យើង​ព្យាយាម​ធ្វើយ៉ាងណា ចូលរួម​ជួយ​ពិភពលោក​តាមរយៈ​ក្បាច់គុន​។ យើង​ជឿថា​ក្បាច់គុន​បង្រួបបង្រួម​មនុស្សជាតិ​ចូលគ្នា​»​។ 
 
​នា​ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ ខាងមុខនេះ ចាន់ រតនា នឹងត្រូវ​ប្រឈម​មុខជា​មួយ​ជើង​ខ្លាំង​មិន​ធ្លាប់​ចាញ់​របស់​ឥណ្ឌូណេស៊ី នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​អាស៊ី ONE: DESTINY OF CHAMPIONS ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ 
 
 
​ក្នុង​ការប្រកួត​អន្តរជាតិ​ដ៏​ធំ​នោះ​នឹងមាន​វត្តមាន រតនា និង​កីឡាការិនី​ទើប​រះ​ថ្មី អឹម សុ​វណ្ណា​រី បង្ហាញខ្លួន​តំណាង​ឲ្យ​កម្ពុជា​ផងដែរ​។ 
 
​ឆាក​ក្បាច់គុន​នៅ​តំបន់​អាស៊ី​អា​គ្នេ​ន៍​កំពុងមាន​ការរីកចម្រើន​ខ្លាំង ដោយសារ​មាន​ស្ថាប័ន​យក្ស​ជាច្រើន​បាន​ដឹកនាំ​វិស័យនេះ រួមមាន​ទាំង​ស្ថាប័ន​កីឡាប្រដាល់ ONE Championship ជាដើម​ដែល​បានផ្តល់​ឱកាស​ឲ្យ​កម្ពុជា​បញ្ចេញ​សមត្ថភាព ឡើង​ប្រយុទ្ធ​ក្នុង​កំរិតស្តង់ដារ​ខ្ពស់​។ 
 
Conway មើលឃើញ​ពី​ទេពកោសល្យ​របស់​កីឡាករ​កម្ពុជា ប៉ុន្តែ​ក៏​ទទួលស្គាល់ថា​កម្ពុជា​ត្រូវតែមាន​ការផ្លាស់ប្តូរ​ច្រើន បើ​ចង់​មាន​វត្តមាន​ប្រយុទ្ធ​ជាមួយ​កីឡាករ​ខ្លាំងៗ​របស់​ពិភពលោក​បាន​។ 
​លោក ថា​៖ «​នៅក្នុង​ប្រទេស ម្នាក់ៗ​មានកំ​រិត​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែ​បើ​ត្រូវ​ឡើង​ប្រកួត​កំរិត​អន្តរជាតិ​វិញ បាន​យើង​ឃើញថា​ក្លឹប​ហាត់​របស់គេ មាន​លុយ​ទ្រទ្រង់ មាន​ទាំង​អ្នកជំនាញ​ខាង​បំប៉ន​សុខភាព ទាំង​គ្រូបង្វឹក​ផ្នែក​កម្លាំង និង​មាន​អ្នកគ្រប់គ្រង​គេ​ត្រឹមត្រូវ ពេលនោះ​ហើយ​ដែល​យើង​នឹង​ឃើញ​ពី​ភាពខុសគ្នា​ខ្លាំង​តែម្តង ថា​យើង​ត្រូវតែមាន​គ្នា​ជា​ក្រុម​គ្រប់គ្រាន់ គឺជា​រឿង​សំខាន់​ណាស់​»​។ 
 
​តែ​ក្នុង​មួយឆ្នាំ ២០១៨ យើង​ឃើញ​មាន​ចលនា​ក្នុង​វិស័យ​កីឡា​ជាច្រើន​បាន​ផុសផុល​ឡើង ក្នុងនោះ​មានការ​សម្ភោ​ធ​ជា​ផ្លូវការ​របស់​សហព័ន្ធ​យុទ្ធ​គុន​ចម្រុះ និង​មាន​កីឡាករ​កីឡាការិនី​ខ្លាំងៗ​ជាច្រើន​ចាប់ផ្តើម​ចុះ​កុងត្រា​ជាមួយ ONE Championship និង ONE Super Series​។ 
 
Conway និង​ក្រុម​របស់គាត់​ទាំងមូល​ទន្ទឹង​មើល​សន្ទុះ​នៃ​ការផ្លាស់ប្តូរ​កម្ពុជា​សំរាប់​ឆ្នាំ ២០១៩ ទោះ​លទ្ធផល​យ៉ាងណាក៏ដោយ ក៏​គាត់​ជឿជាក់ថា​កម្ពុជា​កំពុង​បោះជំហាន​ទៅ​ផ្លូវ​ដ៏​ត្រឹមត្រូវ​។ 
 
«​ខ្ញុំ​បាន​និយាយ​ជាមួយ ហ៊ុន ចាន់​រាជ (​អ្នកដឹកនាំ​ក្លឹប​Cambodia Top Team) ទាក់ទង​នឹង​សហព័ន្ធ​យុទ្ធ​គុន​ចម្រុះ​កម្ពុជា ដោយសារ​ខ្លួន​ស្នេហា​វិស័យ​ក្បាច់គុន និង​កីឡាករ​ដូចគ្នា ដូច្នេះ​យើង​ពិភាក្សាគ្នា​ពី​វិធី​ធ្វើការ​ជាមួយគ្នា​សំរាប់​លើកស្ទួយ​វិស័យនេះ​»​។ 
 
«​ខ្ញុំ​មាន​ទំនុកចិត្ត​ខ្ពស់​លើ​អនាគត​ក្បាច់គុន​ចម្រុះ​របស់​កម្ពុជា និង ភូមា​ខ្លាំង​ទៅ​ថ្ងៃមុខ​»​។​
 
​អត្ថបទ​៖ Matias Andres
 

 

© រក្សាសិទ្ធិដោយ thmeythmey.com