អន្តរជាតិ
ត្រាំ មិន​ជឿ​របាយការណ៍​រដ្ឋបាល​លោក​ដែល​ព្រមាន​ពី​ការខាតបង់​សេដ្ឋកិច្ច​ធំធេង​ដោយសារ​ប្រែប្រួល​អាកាសធាតុ​ឡើយ​
27, Nov 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​ពេញៗ មាត់​នៅ​ថ្ងៃ​ចន្ទ​ទី ២៦ ខែវិច្ឆិកា​ថា លោក​មិន​ជឿ​របាយការណ៍​របស់រដ្ឋបាលលោកផ្ទាល់ដែល​ព្រមាន​ពី​ការខាតបង់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​បើសិនអា​មេ​រិ​ក​មិន​ព្រម​កាត់បន្ថយ​កម្រិត​ឧស្ម័ន​កាបូ​និ​ចបញ្ចេញ​ទៅ​បរិយាកាសឡើយ។​

 
«​ខ្ញុំ​មិន​ជឿ​លើ​របាយការណ៍​ទាំង​នោះឡើយ​»​។ នេះ​ជាស​ម្តី​របស់លោក​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ពេល​និយាយ​ដល់​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​រដ្ឋបាល​អាមេរិក​ផ្ទាល់ ក្នុង​គោលដៅ​ព្រមាន​ពី​ការខាតបង់​ធំធេង​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។​
 
​តាមពិតទៅ​លោក ត្រាំ ផ្តល់យោបល់​លើ​របាយការណ៍​របស់​ទីភ្នាក់ងារ​ជាតិ​ទទួលបន្ទុក​វាយតម្លៃ​អាកាសធាតុ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ចំណុច​ស្នូល​នៃ​របាយការណ៍​នេះ​គឺ ព្រមាន​ថា អាមេរិក​នឹង​អាច​ខាតបង់​រាប់រយ​ពាន់​លាន​ដុល្លារ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ត្រឹម​ចុង​សតវត្ស​ទី ២១​នេះ បើសិនជា​អាមេរិក​មិន​ដាក់ចេញ​ដំណោះស្រាយ​ម៉ត់ចត់​និង​មាន​ប្រសិទ្ធិភាព​ដើម្បី​បន្ថយ​កម្រិត​ឧស្ម័ន​កាបូ​និ​ច​បញ្ចេញ​ទៅ​បរិយាកាស​ទេនោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ អះអាងថា លោក​បាន​អាន​របាយការណ៍​នោះ​រួចរាល់​ហើយ​។ លោក​បានទទួល​ស្គាល់​ដែរ​ថា ផ្នែក​ខ្លះ​នៃ​របាយការណ៍​ខាងលើ​អាច​ទ​ទួ​ច​យកបាន​។ ប៉ុន្តែ​លោក​នៅ​ការពារ​ជំហរ​មួយ​គឺ អាមេរិក​មិន​កាត់បន្ថយ​កម្រិត​ឧស្ម័ន​កាបូ​និ​ច​ទៅកាន់​បរិយាកាស​ឡើយ វា​លែង​តែ​ប្រទេស​ផ្សេងទៀត​ធ្វើបាន​សិន​។  
 
«​អ្នកឯង​ត្រូវតែ​ឲ្យ​ជប៉ុន ចិន និង​បណ្តា​ប្រទេស​អាស៊ី និង​ប្រទេស​ដទៃទៀត​ដោះស្រាយ​បញ្ហា​ទាំងនោះ​សិន​។ ឥឡូវនេះ​យើង​ជា​ប្រទេស​ល្អ​ស្អាត​ជាងគេ​។ វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​។ ប៉ុន្តែ​ប្រសិនបើ​យើង​ស្អាត​ល្អ​ហើយ ប៉ុន្តែ​អ្នក​ផ្សេងទៀត​លើ​ពិភពលោក​នៅតែ​គគ្រិច វា​មិនមែនជា​រឿង​ល្អ​ទេ​។ ខ្ញុំ​ចង់​មាន​ខ្យល់អាកាស​ល្អ​ស្អាត ទឹកស្អាត ហើយ​វា​ជា​រឿង​សំខាន់​មួយ​»​។ លោក ត្រាំ អះអាង​បែបនេះ​។ 
 
​អាច​ថា​វា​មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​ប្រធានាធិបតី ត្រាំ មិន​ជឿថា មានការ​ប្រែប្រួល​អាកាសធាតុ​នេះ ដ្បិត​តាំងពី​ឃោសនាបោះឆ្នោត​ឆ្នាំ ២០១៦ លោក​តែងតែ​អះអាងថា វា​ជា​រឿង​បោកប្រាស​។ ក្រោយ​ស្បថ​ចូលកាន់​តំណែង​មេដឹកនាំ​រូបនេះ​ថែមទាំង​សម្រេច​ដក​អាមេរិក​ចេញ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ថ្កោលទោស​ថែមទៀត​។ 
 
​ប៉ុន្តែ​វា​ជា​រឿង​ចម្លែក​ដែល​លោក ទាត់ចោល​របាយការណ៍​ដែល​សិក្សា​និង​ចងក្រង​ដោយ​ស្ថាប័ន​ស្ថិតក្រោម​ចំណុះ​រដ្ឋបាល​របស់លោក​ផ្ទាល់​ផង​។ របាយការណ៍​ដែលមាន​កម្រាស់​លើស ១០០០​ទំព័រ​នេះ ត្រូវបាន​ចងក្រង​ឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​ច្រើនជាង ៣០០​នាក់​ឯណោះ​៕
 

Tag:
 អាមេរិក​
  ប្រែប្រួល​អាកាសធាតុ​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com