អន្តរជាតិ
កាសែត​បក្ស​ទម្លាយ​ថា មហាសេដ្ឋី​ដ៏​ល្បីល្បាញ ជេ​ក ម៉ា ក៏​សមាជិក​បក្ស​កុម្មុយនីស្ត​ដែរ​
27, Nov 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាព​ភ្ញាក់ផ្អើល​មួយ​កើតឡើង បន្ទាប់ពី​កាសែត​របស់បក្ស​កុម្មុយនីស្ត​ចិន People’s Daily ទទួលស្គាល់​ជា​ផ្លូវការ​សប្តាហ៍​នេះ​ថា ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស អា​លី​បា​បា ជេ​ក ម៉ា ស្ថិតក្នុង​ចំណោម​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​ជាង ៨០​លាន​នាក់​។ យ៉ាងណាមិញ​ក្រុមហ៊ុន​អា​លី​បា​បា​បាន​អះអាងថា សមាជិកភាព​ក្នុង​បក្សនយោបាយ​នេះ​គ្មាន​ផលប៉ះពាល់​អ្វី​ឡើយ​លើ​ដំណើរការ​ក្រុមហ៊ុន​ជារួម​។


 
​ព័ត៌មាន​នេះ​ពី​សមាជិកភាព​របស់លោក ជេ​ក ម៉ា បែក​ខ្ចរខ្ចាយ​បន្ទាប់ពី​កាសែត​ចិន People’s Daily ចុះផ្សាយ​ព័ត៌មាន​ស្តីពី​មនុស្ស​សំខាន់ៗ​ចំនួន ១០០​នាក់​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ឲ្យ​មានការ​កែទម្រង់ និង​បើកចំហ​សេដ្ឋកិច្ច​ចិន​កន្លងមក​។​
 
​ក្នុងចំណោម​មនុស្ស ១០០​នាក់​នោះ​មាន​លោក ជេ​ក ម៉ា​ប្រធាន​ក្រុមហ៊ុន​អា​លី​បា​បា​, លោក Robin Li ប្រធាន​ក្រុមហ៊ុន Baidu និង​លោក Pony Ma ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tencent​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ កាសែត​បក្ស​មួយ​នេះ​បន្ថែម​ព័ត៌មាន​ថា លោក ជេ​ក ម៉ា ជា​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​នោះ​។ 
 
​យ៉ាងណាក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា គេ​មិនទាន់​ដឹង​ច្បាស់​ពី​គោលដៅ​ពិតប្រាកដ​នៅ​ពីក្រោយ​ការសម្រេចចិត្ត​របស់​កា​សែត​បក្ស​កុម្មុយនីស្ត​ចិន​ដែល​ទម្លាយព័ត៌មាន​​ទំនាក់ទំនង​រវាង​លោក ជេ​ក ម៉ា ជាមួយ​បក្ស​នៅពេល​នេះឡើយ​។ 
 
​ប៉ុន្តែ​គេ​សន្និដ្ឋានថា វា​អាចពាក់ព័ន្ធ​នឹង​គោលបំណង​របស់​បក្ស​ដែល​កំពុង​ព្យាយាម​ជំរុញ​ឲ្យ​រាល់​ក្រុមហ៊ុន សហគ្រាស​ឯកជន​ទាំងអស់​ដើរ​ឲ្យ​ស្របតាម​គុណ​តម្លៃ​របស់​បក្ស​ជាពិសេស​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នេះ​ជាដើម​។​
 
​យោងតាម​ទស្សនា​វ​ដ្តី Forbes  លោក ជេ​ក ម៉ា ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​អា​លី​បា​បា ក្លាយជា​មហា​សេដ្ឋកិច្ច​ម្នាក់​ដែលមាន​ទ្រព្យ​ច្រើន​បំផុត​រហូតដល់ ៣៥,៨ ពាន់​លាន​ដុល្លារ​។ លោក​បាន​ក្លាយជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​ជំនួញ និង​ដើរតួនាទី​ជាទី​ប្រឹក្សា​របស់​មេដឹកនាំ​ពិភពលោក​ជាច្រើន​ពី​អាស៊ី​ដល់​អឺរ៉ុប​ផងដែរ​។  ប៉ុន្តែ​កាលពី​ខែកញ្ញា​កន្លងទៅ លោក​បានប្រកាស​ពី​គម្រោង​ចូលនិវត្តន៍​ពី​ការងារ​ជា​ប្រធាន​ក្រុមហ៊ុន​អា​លី​បា​បា និង​ទៅ​ប្រឡូក​ក្នុង​ការងារ​សប្បុរសធម៌​វិញ​។ 
 
​យ៉ាងណាមិញ ក្រុមហ៊ុន​អា​លី​បា​បា បដិសេធ​បកស្រាយ​ឬ​ផ្តល់យោបល់​ជុំវិញ​សមាជិកភាព​របស់លោក ជេ​ក ម៉ា ក្នុង​បក្ស​កុម្មុយនីស្ត​ចិន​។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ទំនាក់ទំនង​នយោបាយ​របស់​ថ្នាក់ដឹកនាំ​មិនមាន​ឥទ្ធិពល​អ្វី​លើ​ដំណើរការ​ជា​ប្រក្រតី​របស់​ក្រុមហ៊ុន​ឡើយ ដ្បិត​អ្វីដែល​សំខាន់​នោះ​គឺ​ក្រុមហ៊ុន​គោរព​ច្បាប់ និង​បទបញ្ញត្តិ​ដែលមាន​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុងការ​ធ្វើ​ជំនួញ​៕
 

Tag:
 ជេ​ក ម៉ា​
  ចិន​
  People’s Daily
  បក្ស​ក​ម្មុយ​នី​ស្ត​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com