អន្តរជាតិ
អ្នកកាសែត​ថ្មីៗ​ចូលរួម​កម្មវិធី​រាយការណ៍​ព័ត៌មាន​បញ្ហា​«​អាស៊ី​ចុង​បូព៌ា​»​របស់​ក្រសួងការបរទេស​អាមេរិក​
28, Nov 2018 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
សេ​អ៊ូ​ល​៖ លោក តន ចាន់​រិ​ទ្ធា​រ៉ា អ្នកសារព័ត៌មាន​នៃ​ការិយាល័យ​អន្តរជាតិ​របស់​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) កំពុង​ស្ថិតនៅ​ទឹកដី​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​កម្មវិធី​ដំណើរ​រាយការណ៍​អ្នកសារព័ត៌មាន​ស្ដីពី «​អាស៊ី​ចុង​បូព៌ា​»​។ កម្មវិធី​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ Meridian ដោយ​សហការ​ជាមួយ​ក្រសួងការបរទេស​អាមេរិក នឹង​ជួយ​អ្នកសារព័ត៌មាន​តំបន់​ដែល​ចូលរួម​យល់​ស៊ីជម្រៅ​ពី​គោលនយោបាយ​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​ចំពោះ​សកម្មភាព​របស់​កូរ៉េខាងជើង​។ ក្រៅពី​កូរ៉េខាងត្បូង សិក្ខាកាម​នឹង​បន្តដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ទៀត​។​

 
​អ្នកសារព័ត៌មាន​ចំនួន​១២​នាក់​មកពី​ប្រទេស​ចំនួន​១២​នៅ​តំបន់​អាស៊ី បាន​ចូលរួម​ក្នុង​កម្មវិធី​ដំណើរ​រាយការណ៍​អ្នកសារព័ត៌មាន​ស្ដីពី​អាស៊ី​ចុង​បូព៌ា​។ លោក តន ចាន់​រិ​ទ្ធា​រ៉ា នៃ​សារព័ត៌មាន​ថ្មី ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ជាមួយ​អ្នកសារព័ត៌មាន​មកពី​ថៃ វៀតណាម ចិន នូ​វែ​ល​សេ​ឡង់ ម៉ុង​ហ្គោ​លី សិង្ហ​បុរី មី​យ៉ាន់​ម៉ា ជប៉ុន ឥណ្ឌូណេស៊ី និង​កោះ​តៃវ៉ាន់​ដែរ​។​
 
​កម្មវិធី​ដំណើរ​រាយការណ៍​អ្នកសារព័ត៌មាន​ស្ដីពី​អាស៊ី​ចុង​បូព៌ា គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​៦ សម្រាប់​អ្នកសារព័ត៌មាន​ក្នុង​តំបន់​ដើម្បី​ស្វែងយល់​ពី​នយោបាយ​នានា​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន និង​ដៃគូ​របស់ខ្លួន​ប្រឈមមុខ​នឹង​ការ​គំរាម​របស់​ក្រុង​ព្យុងយ៉ាង​ដូចជា​កម្មវិធី​នុយក្លេអ៊ែរ និង​សកម្មភាព​យោធា​ផ្សេងទៀត​។ ជំនួប​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី ក៏​ជា​ប្រធានបទ​មួយ​សម្រាប់​អ្នកចូលរួម​ស្វែងយល់​ដែរ​។​


 
​កម្មវិធី​ដំណើរ​ទស្សនកិច្ច​រាយការណ៍​នេះ ធ្វើ​នៅ​កូរ៉េខាងត្បូង និង​អាមេរិក​ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​៧ ខែធ្នូ​។ អ្នកសារព័ត៌មាន​ទាំង​១២​នាក់ នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​សេ​អ៊ូ​ល រួច​បន្តដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន និង​ចុងក្រោយ​ទីក្រុង​ញូវយ៉ក​។ ក្នុង​ដំណើរ​រយៈពេល​វែង​នេះ អ្នកចូលរួម​នឹង​ម​ជួប​ជាមួយ​មន្ត្រី​អាមេរិក និង​កូរ៉េខាងត្បូង ព្រមទាំង​អ្នកជំនាញ​ផ្នែក​បញ្ហា​កូរ៉េខាងជើង​ដើម្បី​ជជែក និង​ផ្លាស់ប្ដូរ​យោបល់ ក៏ដូចជា​ធ្វើ​ទស្សនកិច្ច​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ដូចជា​តំបន់​គ្មាន​យោធា (DMZ) ជាដើម​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com