កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ At.Madrid, Dortmund, Barcelona, Porto និង Schalke ទៅ​វគ្គ​បន្ត​
29, Nov 2018 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួត​ពានរង្វាន់ UEFA Champions League បានបញ្ចប់​ជំនួប​សប្តាហ៍​ទី​៥ កាលពី​រាត្រី​ថ្ងៃ​ពុធ ដោយ Borussia Dortmund, Atletico Madrid, Barcelona, Porto និង Schalke 04 កក់​កៅអី​ទៅកាន់​វគ្គ​បន្ត ខណៈ Monaco និង PSV Eindhoven បាត់បង់​ឱកាស​១០០​ភាគរយ​ហើយ​។​

 
​នៅក្នុង​ពូ​ល A ក្រុម Atletico Madrid បាន​យកឈ្នះ​ភ្ញៀវ Monaco ២-០ ខណៈ Borussia Dortmund បញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ Club Brugge​។ Atletico Madrid (១២​ពិន្ទុ​) និង Borussia Dortmund (១០​ពិន្ទុ​) ត្រូវ​ឈានទៅ​វគ្គ​បន្ត ប៉ុន្តែ​ត្រូវ​រង់ចាំ​ការប្រកួត​ចុងក្រោយ​ដើម្បី​កំណត់​ចំណាត់ថ្នាក់​លេខ​មួយ និង​លេខ​ពីរ​ក្នុង​ពូ​ល​។ Club Brugge (៥​ពិន្ទុ​) ធ្លាក់​ទៅលេង​ក្របខណ្ឌ Europa League ខណៈ Monaco មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៥​លើក​។​
 
​សម្រាប់​ពូ​ល B ក្លិប Barcelona (១៣​ពិន្ទុ​) ធានាបាន​នូវ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ដោយ​ទុក​ឲ្យ Tottenham Hotspur និង Inter Milan ដែលមាន​៧​ពិន្ទុ​ដូចគ្នា ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​២ ។ Barcelona បាន​យកឈ្នះ​ម្ចាស់ផ្ទះ PSV Eindhoven ២-១ ស្រប​ពេលដែល Tottenham Hotspur ស៊ី Inter Milan ១-០ ។ PSV ដែលមាន​តែមួយ​ពិន្ទុ នៅសល់តែ​ការប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​។​
 
​ងាក​ទៅ​ពូ​ល C មិនទាន់មាន​ក្រុម​ណាមួយ​កក់​កៅអី​ទៅ​វគ្គ​បន្ត​នោះឡើយ ដោយ Napoli, Paris Saint-Germain និង Liverpool នៅមាន​ឱកាស​ដូចគ្នា ខណៈ Red Star Belgrade ព្យាយាម​រក​កៅអី​នៅ Europa League​។ Napoli ឈ្នះ Red Star Belgrade ៣-១ ស្រប​ពេលដែល PSG ឈ្នះ Liverpool ២-១​។ បច្ចុប្បន្ន Napoli មាន​៩​ពិន្ទុ PSG មាន​៨​ពិន្ទុ Liverpool មាន​៦​ពិន្ទុ និង Red Star Belgrade មាន​៤​ពិន្ទុ​។​
 
​ដោយឡែក​ពូ​ល D ឯណោះ​វិញ Porto បាន​យកឈ្នះ Schalke ៣-១ ខណៈ Lokomotiv Moscow ស៊ី Galatasaray ២-០ ។ Porto (១៣​ពិន្ទុ​) និង Schalke 04 (៨​ពិន្ទុ​) ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២​ដោយ​ស្វ័យប្រវត្តិ ខណៈ Galatasaray (៤​ពិន្ទុ​) និង Lokomotiv Moscow (៣​ពិន្ទុ​) ត្រូវ​ប្រជែង​ពិន្ទុ​គ្នា​សម្រាប់​កៅអី Europa League​។​
 
Atletico Madrid, Borussia Dortmund, Barcelona, Porto និង Schalke 04 ត្រូវ​ឡើងទៅ​កាន់​វគ្គ​បន្តទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ Bayern Munich, Ajax, Manchester City, Real Madrid, Roma, Manchester United និង Juventus​។​
 
​ក្រុម​ដែល​ត្រូវ​ទៅលេង​វគ្គ​៣២​ក្រុម​ចុងក្រោយ​នៅ Europa League មាន Club Brugge, Benfica និង​Velencia ក្រុម​ដែល​សល់​មួយ​ប្រកួត​បង្គ្រប់កិច្ច​មាន Manaco, PSV, AEK Athens និង Young Boys ខណៈ​ក្រុម​ផ្សេងទៀត​មិន​ច្បាស់​ពី​ទីតាំង​របស់ខ្លួន​នោះឡើយ​៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com