អន្តរជាតិ
ត្រាំ ចង់​បង្កើន​ពន្ធ​លើ​រថយន្ត​នាំចូល​ដល់ ២៥​ភាគរយ តែ​អឺរ៉ុប​ព្រមាន​ចាត់​វិធាន​តបត​វិញ​ភ្លាម​
29, Nov 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បង្ហើប​នៅ​ថ្ងៃ​ពុធ​ទី ២៨ ខែវិច្ឆិកា​ថា លោក​ពេញចិត្ត​ចំពោះ​ការដំឡើង​ពន្ធ​បន្ថែម​លើ​រថយន្ត​នាំចូល​ដើម្បី​ការពារ​ឧស្សាហកម្ម​រថយន្ត​ក្នុងស្រុក​។ ភ្លាមៗ​នោះ អឺរ៉ុប​បាន​ព្រមាន​ថា រាល់​ការដាក់​ដំឡើង​ពន្ធ​ពី​សំណាក់​រដ្ឋបាល​អាមេរិក​នឹង​ប្រឈម​វិញ​ភ្លាម​នឹង​ការដាក់​ពន្ធ​សងសឹក​ពី​ខាង​អឺរ៉ុប​ដែរ​។​


 
​នៅ​សប្តាហ៍​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors (GM) បានប្រកាស​កាត់បន្ថយ​បុគ្គលិក​រាប់ពាន់នាក់​ដោយ​បិទ​រោច​ក្រ​ប៉ុន្មាន​កន្លែង​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ និង​រដ្ឋ​មី​ឈី​ហ្កែ​ន​។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​កំពុង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​មិន​ពេញចិត្ត​ទាល់តែសោះ​។ 
 
 ក្នុង​សារ​ដែល​សរសេរ​បង្ហោះ​លើ​គណនី​Twitter ផ្លូវការ​របស់ខ្លួន លោក ត្រាំ បាន​អះអាងថា វិធានការ​ប្រើប្រាស់​ពន្ធ​ដែលមាន​លើ​ប្រភេទ​រថយន្ត​ដឹកជញ្ជូន​ធុន​តូច សម្រាប់​ប្រភេទ​រថយន្ត​ធម្មតា​ដែល​នាំចូល​នឹង​ជួយ​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក​។ 
 
​លោក​និយាយ​ដូច្នេះ​៖ «​ហេតុផល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ដឹកជញ្ជូន​ធុន​តូច​នៅ​អាមេរិក​ស្ថិតក្នុង​ស្ថាន​ភាពល្អ​ដូច​បច្ចុប្បន្ន​គឺ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​យើង​ដាក់​ពន្ធ​នាំចូល​ក្នុង​កម្រិត ២៥​ភាគរយ​លើ​ប្រភេទ​រថយន្ត​ទាំងនោះ​។ បើសិនជា​យើង​ដាក់​ពន្ធ​ដូចគ្នា​ចំពោះ​រថយន្ត​ធម្មតា រថយន្ត​កាន់តែច្រើន​នឹងត្រូវ​ផលិត​នៅក្នុង​ស្រុក​យើង​»​។
 
​លោក ត្រាំ បាន​ឆ្លៀត​ប្រាប់​ទៅ​សភា​អាមេរិក​ដែរ​ថា លោក មានអំណាច​ទូលំទូលាយ​ក្នុងការ​ចាត់ការ​បញ្ហា​ពន្ធ​រថយន្ត​នេះ ហើយ​ម្យ៉ាង​ដោយសារ​បញ្ហា​ក្នុង​ក្រុមហ៊ុន GM ថ្មីៗ​នេះ រដ្ឋបាល​លោក​ក៏​កំពុង​សិក្សា​មើល​ពី​បញ្ហា​ដំឡើង​ពន្ធ​នេះដែរ​។ 
 
​តាមពិតទៅ លោក ត្រាំ ខឹង​ក្រុមហ៊ុន​រថយន្ត GM ខ្លាំង​ដែល​សម្រេច​កាត់បន្ថយ​បុ​គ្ក​លិ​ក​នេះ​។ កាលពី​ថ្ងៃ​អង្គា​រលោក ត្រាំ ក៏បាន​ព្រមាន​កាត់ផ្តាច់​ការឧបត្ថម្ភ​ធន​សម្រាប់​ក្រុមហ៊ុន GM ដែល​រដ្ឋបាល​អាមេរិក​ផ្តល់​ឲ្យ​ក្រោយ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ ២០០៨​ដែរ​។​
 
​ដោយឡែក ប្រធានាធិបតី​បញ្ចេញយោបល់​បែបនេះ ស្រប​ពេលដែល​ក្រសួងពាណិជ្ជកម្ម​អាមេរិក​បញ្ចប់​ការ​ចងក្រង​របាយការណ៍​ផ្តល់យោបល់​របស់ខ្លួន​ជុំវិញ​ការសម្រេចចិត្ត​ថា​តើ​ការដាក់​ដំឡើង​ពន្ធ​នេះ​សម​ហេតុផល​ឬ​អត់​។ ប៉ុន្តែ​ស្ថាប័ន​នេះ​មិនទាន់​បានដាក់​ឆ្លង​របាយការណ៍​ផ្លូវការ​ទៅកាន់​ប្រធានាធិបតី ត្រាំ​នៅឡើយ​ទេ​។​
 
​យ៉ាងណា​ក៏ដោយចុះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប Cercilia Malmstrom បាន​ព្រមាន​ពី​ផលប៉ះពាល់​ដែល​កើតឡើង​ដោយសារ​គម្រោង​ដាក់​ដំឡើង​ពន្ធ​ប្រឆាំង​រថយន្ត​នាំចូល​របស់​រដ្ឋបាល​លោក ត្រាំ​ដែរ​។ តំណាង​សហភាព​អឺរ៉ុប​នេះ​មាន​គូសបញ្ជាក់ថា អឺរ៉ុប​មាន​វិធាន​ការតបត​រួចរាល់​ស្រេច​ហើយ បើ​អាមេរិក​ហ៊ាន​ដំឡើង​ពន្ធ​នោះ​។ 
 
​ក្នុងឆ្នាំនេះ អឺរ៉ុប​បានដាក់​ចេញ​វិធានការ​ប្រឆាំង​អាមេរិក​រួចហើយ បន្ទាប់ពី​លោក ត្រាំ បញ្ជា​ឲ្យ​ដំឡើង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​។ ប៉ុន្តែ​កាលពី​ខែកក្កដា​កន្លងមកនេះ លោក ត្រាំ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក ហ្ស​ង់​ក្លូដ ចាំង​គឺ (Jean-Claude Juncker) បាន​ឯកភាពគ្នា​ថា មិនមាន​ការដាក់​ពន្ធ​ថ្មី​ទៀត​ទេ ខណៈដែល​ការចរចា​ជុំវិញ​បញ្ហា​ពន្ធ​នេះ​នៅ​បន្ត​ទៅមុខ​នោះ​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  រថយន្ត​
  អាមេរិក​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com