កីឡាជាតិ
ជាតិ
សង្គមជាតិ
ភ្ញៀវទេសចរ អាចទៅកម្សាន្តក្នុងខេត្តនៃប្រទេសថៃបាន នាថ្ងៃបុណ្យសមុទ្រ រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្ញៀវទេសចរ នឹងត្រូវបានអនុញ្ញាតឲ្យទៅកម្សាន្តនៅក្នុងខេត្តត្រាត នៃប្រទេសថៃ បានដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន នាថ្ងៃបុណ្យសមុទ្រខាងមុខនេះ។ ការលើកឡើងនេះ ធ្វើឡើងក្រោយកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្ររវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ។
ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ទៀតថា កម្ពុជានឹងស្នើទៅភាគីថៃ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋ អាចបើកបររថយន្តពីកម្ពុជាឆ្លងទៅខេត្តត្រាត ឬពីត្រាត មកកោះកុងឲ្យមានភាពងាយស្រួលជាងថ្ងៃធម្មតា និងអាចចេញចូល២៤ម៉ោង ក្នុងរយៈពេលបុណ្យសមុទ្រ៣ថ្ងៃនេះ។
ក្រសួងទេសចរណ៍ បានឲ្យដឹងដែរថា ភាគីថៃ បានត្រៀមបន្ទប់ប្រមាណ៦០០ ដើម្បីទទួលឲ្យទេសចរស្នាក់នៅ ក្នុងអំឡុងពេលបុណ្យសមុទ្រ ដែលតម្លៃស្នាក់នៅ មានចន្លោះពី ៣០០បាត ទៅ១៥០០បាត។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ២០១៨។ បច្ចប្បន្ន មានស្តង់ពិព័រណ៍ទេសចរណ៍ពាណិជ្ជកម្ម និងម្ហូបអាហារជាង ៤០០ស្តង់បានចូលរួម។ ក្រៅពីនេះ នៅក្នុងព្រឹត្តិការណ៍ក៏មានការសម្តែងសិល្បៈ និងទស្សនិយភាពសិល្បៈ វប្បធម៌នានារបស់កម្ពុជា និងមានការចូលរួមពីសិល្បៈករថៃ វៀតណាម ឥណ្ឌា និងប្រទេសឥណ្ឌូណេស៊ីផងដែរ៕
Tag:
បុណ្យសមុទ្រ
ទេសចរ
ទេសចរណ៍
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com