អន្តរជាតិ
អតីតរដ្ឋមន្ត្រី​ការបរទេស ធី​ល័​រ​សិន​៖ «​លោក ត្រាំ ជា​មនុស្ស​ខ្វះ​វិន័យ និង​ចង់តែ​បំពាន​ច្បាប់​»
08, Dec 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សប្តាហ៍​នេះ អតីត​ប្រមុខ​ការទូត​អាមេរិក​លោក រិច ធី​ល័​រ​សិន (Rex Tillerson) បាន​រិះគន់​អតីត​ចៅហ្វាយនាយ​របស់លោក​គឺ​លោក ដូ​ណា​ល់​ត្រាំ ថា​ជាម​នុស្ស​ខ្វះ​វិន័យ និង​ចង់តែ​បំពាន​ច្បាប់​។ ប៉ុន្តែ លឺ​សម្តី​រិះគន់​ភ្លាម លោក ត្រាំ ចេញមុខ​ឆ្លើយ​វិញ​ភ្លែត​ទាំង​កំរោល​ថា អតីតមន្ត្រី​របស់លោក​ជា «​មនុស្ស​ឆ្កួត​»​។​


 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBS អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន បាន​រិះគន់​ដោយ​ឥត​លាក់លៀម​ពី​ទំនាក់ទំនង​រវាង​លោក និង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​ជាពិសេស​អត្តចរិត​របស់​ត្រាំ​ផ្ទាល់​។ លោក​អះអាងថា លោក ត្រាំ នេះ​ជាម​នុស្ស​ដែល​គ្មាន​វិន័យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ខ្លួនឯង​។​
 
​តាម​សម្រង់​បទសម្ភាសន៍​ដែល​ចុះផ្សាយ​ក្នុង​ទូរទស្សន៍ CBS ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ ខែធ្នូ លោក ធី​ល័​រ​សិន​និយាយ​បែបនេះ​៖ «​វា​ជា​រឿង​លំបាក​បំផុត​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​មក​ធ្វើការ​ជាមួយ​បុរស​ម្នាក់​ដែល​គ្មាន​វិន័យ​ច្បាស់លាស់ មិន​ចូលចិត្ត​អាន មិនអាច​របាយការណ៍​សង្ខេប និង​មិន​ចូលចិត្ត​តាមដាន​លម្អិត​ពី​រឿង​អ្វី​ទាំងអស់ ខណៈដែល​ខ្ញុំ​ធ្លាប់មាន​ប្រវត្តិ​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន ExxonMobil ដែលជា​ទីកន្លែង​ដែលមាន​វិន័យ​តឹងរ៉ឹង និង​មាន​នីតិវិធី​ធ្វើការ​ងារ​ច្បាស់លាស់​»​។  
 
​ក្រៅពី​ពិបាកធ្វើ​ការងារ​ដោយសារ​គ្មាន​វិន័យ លោក ធី​ល័​រ​សិន បាន​ពន្យល់​បន្ថែមថា លោក​តែងតែ​ដាស់តឿន​ប្រធានាធិបតី ដោយសារ​លោក​ចង់តែ​ធ្វើ​អ្វីៗ​ដែល​បំពាន​ច្បាប់​ផង​នោះ​។ ធី​ល័​រ​សិន និយាយ​បែបនេះ​៖ «​ខ្ញុំ​គិតថា យើង​ទាំងពីរ​មាន​ភាគ​ខុសប្លែក​គ្នាច្រើន​លើ​របៀបរបប​ធ្វើ​ការងារ​។ ខ្ញុំ​ត្រូវ​និយាយ​ទៅកាន់​លោក ត្រាំ ថា លោក ប្រធានាធិបតី ខ្ញុំ​យល់​ពីអ្វី​ដែល​លោក​ចង់​ធ្វើ ប៉ុន្តែ​លោក​មិនអាច​ធ្វើ​វា​តាមរបៀប​ដែល​លោក​ចង់​បានទេ ដ្បិតថា វា​បំពាន​ច្បាប់ និង​សន្ធិសញ្ញា​អន្តរជាតិ​»​។ 
 
​លោក​បន្ត​ដូច្នេះ​៖«​លោក ត្រាំ គាត់​ចាប់ផ្តើម​ធុន​ទ្រាន់​។ ខ្ញុំ​គិតថា គាត់​ចាប់ផ្តើម​ធុញ​នឹង​ខ្ញុំ​ដែល​តែងតែ​ប្រាប់​គាត់​ពីអ្វី​ដែល​គាត់​មិនអាច​ធ្វើបាន និង​បន្ត​ប្រាប់​គាត់​ពីអ្វី​ដែល​គាត់​ធ្វើបាន​ជាប្រចាំ​បែបនេះ​»​។ 
 
​លោក ធី​ល័​រ​សិន ដែលជា​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង Exxon បាន​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ ២០១៧ ក្រោយពេល​លោក ត្រាំ ស្បថ​ចូលកាន់​តំណែង​។ លោក​ត្រូវបាន​លោក ត្រាំ បណ្តេញ​ចេញពី​តំណែង​នៅក្នុង​ខែមីនា ឆ្នាំ ២០១៨ ដោយសារ​មាន​ភាព​រកាំរកូស​ជាមួយ​ចៅហ្វាយនាយ​ខ្លួន​នេះ​។ រឿង​ដែល​ធ្ងន់ធ្ងរ​ជាងគេ ពេល​កំពុង​កាន់តំណែង លោក ធី​ល័​រ​សិន ថែមទាំង​ធ្លាប់​ហៅ​លោក ត្រាំ ជា​មនុស្ស​ឆ្កួត​ថែមទៀត​។​
 
​ត្រឡប់មកវិញ បន្ទាប់ពី​បានឃើញ​បទសម្ភាសន៍ លោក ត្រាំ ខឹងឆេវ ហើយ​ចេញមុខ​ឆ្លើយតប​ទៅវិញ​ទាំង​កំហឹង​ដែរ​តាមរយៈ​សារ twitter របស់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី ៧ ខែធ្នូ​។ លោក ត្រាំ បាន​វាយប្រហារ​ចំៗ​ថា លោក ធី​ល័​រ​សិន ជា​មនុស្ស​ឆ្កួត​ដែល​មិនមាន​សមត្ថភាព​ខួរក្បាល​គ្រប់គ្រាន់​ដើម្បី​ធ្វើជា​ប្រមុខ​ការទូត​អាមេរិក​ឡើយ​។ 
 
«​ធី​ល័​រ​សិន​ជា​មនុស្ស​ឆ្កួត ហើយ​ខ្ញុំ​មិនបាន​បណ្តេញ​គាត់​ចេញ​ឲ្យ​បាន​លឿន​ជាង​នេះ​សោះ​។ គាត់​ជាម​នុស្ស​ខ្ជិលច្រអូស​រក​គ្មាន​។ ឥឡូវនេះ​ស្ថានការណ៍​ខុសប្លែក​ពីមុន​ទាំងស្រុង ហើយ​យើង​មាន​ស្មារតី​ធ្វើការ​ងារ​ល្អ​ណាស់​នៅ​ក្រសួងការបរទេស​»​។ លោក ត្រាំ សរសេរ​បែបនេះ​ពេល​ត្រឡប់​មកពី​សន្និសីទ​មួយ​ស្តីពី​បញ្ហា​ឧក្រិដ្ឋកម្ម​នៅ​ទីក្រុង​កាន់​សាស​។ 
 
​ខណៈ​តិះដៀល​អតីតរដ្ឋមន្ត្រី​ខ្លួន លោក ត្រាំ បាន​ព្យាយាម​កោតសរសើរ​រដ្ឋមន្ត្រីការបរទេស​ដែល​កំពុងស្ថិត​ក្នុង​តំណែង​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ថា​ធ្វើ​ការងារ​បានល្អ​ប្រសើរ​ណាស់​។ លោក ប៉ុ​ម​ប៉េ​អូ តាមពិត​ទៅជា​អតីត​សមាជិកសភា និង​ជា​អតីត​ប្រធាន​ស្ថាប័ន​ចារកម្ម​មជ្ឈិម (CIA)​ដែរ​។  
 
​តាមពិតទៅ មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​លោក ត្រាំ ទិតៀន​អតីតមន្ត្រី​របស់ខ្លួន​ពាសវាល​ពាសកាល​ដូចគ្នា​។ កាលពី​ថ្មីៗ​នេះ លោក ត្រាំ បាន​ថ្លែង​រិះគន់​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​លោក Jeff Session ដែល​ទើបត្រូវ​បណ្តេញ​ពី​តំណែង​កាលពី​ខែ​មុន​។ លោក ត្រាំ និយាយថា លោក Session គ្មាន​សមត្ថភាព​ធ្វើការ​ងារ​ទេ​ដ្បិតថា​លោក​មិន​ព្រម​បញ្ឈប់​ការស៊ើបអង្កេត​ករណី​លូកលាន់​ចូលក្នុង​ការឃោសនាបោះឆ្នោត​ឆ្នាំ ២០១៦ ពី​សំណាក់​រុស្ស៊ី​ដែរ​។ 
 

Tag:
 រិច ធី​ល័​រ​សិន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com