ជាតិ
ក្រសួងទេសចរណ៍ រំពឹងទទួលបានភ្ញៀវទេសចរណ៍៩ម៉ឺននាក់ នៅក្នុងពិធីបុណ្យសមុទ្រ រូបភាពពីក្រសួងទេសចរណ៍
× ក្រសួងទេសចរណ៍ រំពឹងទុកថាក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច៩ម៉ឺននាក់។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថា ភាគីកម្ពុជា និងភាគីថៃបានសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងសងខាង ក្នុងការទៅមកទស្សនាកម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាត រយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិយាយថា៖«ប្រជាពលរដ្ឋដែលទៅទស្សនាពិធីបុណ្យសមុទ្រហើយមានបំណងចង់ទៅលេងកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយប្រសិនបើមានកូនចៅក្មេងៗទៅជាមួយ ត្រូវដាក់រូបថតរបស់ពួកគេទៅជាមួយផង ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម»។
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត សម្រាប់ត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសបុណ្យសមុទ្រផងដែរ ដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយឃុនឆាង តំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បាននិយាយថា ក្រុមការងារបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមទាំងតំបន់រមណីយដ្ឋាន និងកន្លែងកម្សាន្តក្នុងខេត្តសម្រាប់ពិធីបុណ្យសមុទ្ររួចរាល់ហើយ។
«ឆ្នេរស្អាត ពលរដ្ឋរមណីយ» ជាប្រធានបទត្រូវបានលើកឡើងក្នុងពិធីបុណ្យសមុទ្រលើកទី៧ដែលនឹងប្រព្រឹត្តនៅក្នុងខេត្តកោះកុង នាថ្ងៃទី១៤-១៥-១៦ ខែធ្នូខាងមុខនេះ៕
Tag:
ក្រសួងទេសចរណ៍
បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com