លោក ហង់ សា​រ៉ា វ័យ​៧០​ឆ្នាំ លក់​ជ្រក់ស្ពៃ​ដោយ​គ្មាន​ប្រើ​ជាតិគីមី ព្រោះ​ចង់​មានកេរ្តិ៍ឈ្មោះ​ល្អ
ជាតិ
លោក ហង់ សា​រ៉ា វ័យ​៧០​ឆ្នាំ លក់​ជ្រក់ស្ពៃ​ដោយ​គ្មាន​ប្រើ​ជាតិគីមី ព្រោះ​ចង់​មានកេរ្តិ៍ឈ្មោះ​ល្អ
15, Dec 2018 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ លោក ហង់ សា​រ៉ា ជា​អ្នកធ្វើ​ស្ពៃជ្រក់ ឆៃថាវ និង​ធ្វើ​សណ្តែកបណ្តុះ​ធម្មជាតិ​លក់  នៅ​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល​ជាង​១០ មកហើយ​។ មិន​ថា​ស្ពៃជ្រក់ និង​សណ្តែកបណ្តុះ​ធម្មជាតិ ឬអ្វី​ផ្សេងៗ ដែល​បុរស​វ័យ​៧០​ឆ្នាំ​រូបនេះ​ធ្វើ​យកទៅលក់ គឺមាន​តម្លៃ​ខ្ពស់ជាង​អ្នកលក់​ផ្សេងៗ​នៅលើ​ទីផ្សារ​។ ប៉ុន្តែ​អតិថិជន មិនដែល​សាញ​នឹង​តម្លៃ​ជ្រក់ និង​សណ្ដែកបណ្ដុះ​របស់​លោកតា​វ័យ​៧០​ឆ្នាំ​នេះឡើយ ដោយសារ​ពួកគេ​ជឿជាក់​លើ​គុណភាព​ទំនិញ​។​

 
​ស្ពៃជ្រក់​ដែល​លោក ហេង សា​រ៉ា បានធ្វើ​លក់ មានតម្លៃ​១២,០០០​រៀល និង​សណ្តែកបណ្តុះ​មានតម្លៃ​៥០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ មូលហេតុ​ដែល​លោក លក់​ថ្លៃ​ជាងគេ​នេះ ដោយសារតែ​លោក​មិនបាន​ប្រើ​សារធាតុ​គីមី​ឡើយ​លើ​ការផលិត​ជ្រក់​នេះ ពោលគឺ​លោក​ធ្វើ​អ្វី​ទៅតាម​ចាស់ៗ​ពី​ដើម​ប៉ុណ្ណោះ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ បុរស​ចំណាស់​រូបនេះ បាន​និយាយថា ៖«​ទំនិញ​របស់ខ្ញុំ​លក់​ថ្លៃ​ជាងគេ​ក៏ពិតមែន ប៉ុន្តែ​អ្នកទិញ​រកតែ​របស់ខ្ញុំ​ទេ ដោយសារតែ​គេ​ដឹង​ពី​គុណភាព​ថា​ល្អ និង​មាន​សុវត្ថិភាព​ក្នុងការ​បរិភោគ​។ ខ្ញុំ​រកតែ​កម្លាំង​ធ្វើ​លក់​ឲ្យ​ពួកគេ​សឹង​នឹង​បាន​ផង​»​។​
 
​លោកតា​វ័យ​៧០​ឆ្នាំ​រូបនេះ បាន​និយាយថា រាល់​ស្ពៃ ឆៃថាវ និង​អ្វី​ផ្សេងៗ ដែល​លោក​ទិញ​យកមក​ធ្វើ​ជ្រក់​នេះ គឺ​លោក​និង​ភរិយា ត្រូវ​ដឹង​ពី​គុណភាព​បន្លែ​នីមួយៗ​សិន ទោះបី​មានតម្លៃ​ខ្ពស់​ក៏ដោយ​។ បើតាម​លោកតា សា​រ៉ា មូលហេតុ​ដែល​លោក​ធ្វើបែបនេះ ដោយសារតែ​លោក ចង់​មានកេរ្តិ៍ឈ្មោះ​ល្អ ពី​ការលក់ដូរ​របរ​តូចតាច​នេះ​។ 
 
«​លុយ​នរណា​មិន​ចង់បាន​នោះ ប៉ុន្តែ​ដាច់ខាត​ខ្ញុំ​ធ្វើ​មិន​ដាក់​សារធាតុ​គីមី​ដូច​គេ​ឡើង ព្រោះ​ខ្ញុំ​គិតពី​បញ្ហា​សុខភាព ជា​ចម្បង​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏​ចង់​មាន​កេ្ត​រ៍​ឈ្មោះ​ល្អ តាមរយៈ​អ្នកទិញ​របស់ខ្ញុំ​ហូប​។ ហើយ​តម្លៃ​នៃ​ការលក់​របស់ខ្ញុំ គឺ​វា​បាន​ឆ្លើយតប​ទៅនឹង​អ្នកទិញ​មែន ដោយមាន​គាំទ្រ​ច្រើន និង​សាញ​ពី​តម្លៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង់ សា​រ៉ា ដែល​បាន​បន្ថែមថា ក្នុង​មួយ​រដូវ​កាល​តាម​ប្រភេទ​បន្លែ​នីមួយៗ លោក​អាច​ទទួល​ប្រាក់ចំណេញ​បាន​ប្រមូល​៣​ទៅ​៤​ដង និង​អាច​ទទួលបាន​ប្រាក់ ពី​៤០​ម៉ឺ​ល​រៀល​ទៅ​៦០​ម៉ឺន​រៀល​។​
 
​ក្រៅពី​ចេះ​ធ្វើ​ជ្រក់​បន្លែ​គ្រប់​ប្រភេទ និង​ចេះ​បណ្តុះ​សណ្តែក​តាម​វិធីសាស្ត្រ​ធម្មជាតិ​ហើយ អតីត​ស្មៀន​ទាហាន​រូបនេះ នៅ​ចេះ​ធ្វើ​ត្រប៉ែ​បាយ ត្រប៉ែ​ពោត​ជាដើម​។ ប៉ុន្តែរ​បបរ​ទាំងនេះ គឺ​មិនមែនជា​មុខរបរ​ប្រចាំថ្ងៃ​ឡើយ ពោលគឺ​លោក​ធ្វើ​វា តែ​នៅពេល​ទំនេរ​ប៉ុណ្ណោះ​៕
 

Tag:
 ​ស្ពៃជ្រក់​
  ហង់ សា​រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com