ជាតិ
សេដ្ឋកិច្ច
បក្ស​ប្រជាជន ប្រជុំ​បី​ថ្ងៃ ពី​វិធី​ធ្វើ​ឲ្យ​កម្ពុជា មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០
17, Dec 2018 , 11:19 pm        
រូបភាព
សន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៦។ រូបពីគណបក្សប្រជាជនកម្ពុជា
សន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៦។ រូបពីគណបក្សប្រជាជនកម្ពុជា
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នឹងធ្វើ​សន្និបាត​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃ​២០ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ពិភាក្សា​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​ប្រាក់ចំណូល​របស់​ប្រជាជន​។



សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្សកាន់អំណាច បានប្រកាស​ពី​កិច្ច​ប្រជុំនេះ ក្នុងឱកាស​ចូលរួម​ធ្វើជា​អធិបតី​នៃ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វា​រី​អគ្គិសនី​សេសា​ន​២ នៅ​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​។ មេដឹកនាំ​រូបនេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើពេល​បី​ថ្ងៃ ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​ទាំងឡាយ ដែល​ខ្លួន​ត្រូវធ្វើ​ចំពោះមុខ​ការជឿទុកចិត្ត​របស់​ប្រជាជន​ ធ្វើ​យ៉ាងម៉េច​នាំ​ប្រទេស​របស់​យើង ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ឲ្យ​ទៅជា​ប្រទេស មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០»​។   
 
រាល់​មន្ត្រីរាជការ ដែលជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ត្រូវសុំ​ច្បាប់​សម្រាក​ក្នុងអំឡុង​៣​ថ្ងៃនេះ​។ ប្រធាន​គណបក្សកាន់អំណាច លើកឡើង​បែបនេះ​ថា​៖«​សង្ឃឹមថា មន្ត្រីរាជការ​ទាំងអស់ បាន​សុំច្បាប់​រួចរាល់​អស់ហើយ ដើម្បី​ចូលធ្វើ​ការងារ​បក្ស​»​។ 

លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​ម្នាក់​របស់​គណបក្សកាន់អំណាច បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​បន្ថែមថា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល មាន​ប្រមាណ​៥០០​ទៅ​៦០០​នាក់ រួមទាំង​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ផ្សេងទៀត នឹងត្រូវ​ចូលរួម​ក​ក្នុង​កិច្ចប្រជុំ​នេះ​។ លោក បន្តថា បញ្ហា​ប្រាក់ចំណូល​របស់​ប្រជាជន គឺជា​ប្រធានបទ​ស្នូល​នៃ​កិច្ចប្រជុំ​។ 
អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន មានម​ហិ​ច្ឆតា​និង​បាន​ប្តេជ្ញា​ថា ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។ យើង​សង្ឃឹមថា យើង​នឹង​អាច​សម្រេចបាន​»​។​
 
​លោក ឈឹម ផល​វរុណ បន្តថា ក្រៅពី​ប្រធាន​ស្នូល​នេះ កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​កណ្តាល នឹង​បូកសរុប​កិច្ចការងារ​គណបក្ស​ក​ន្ល​ង​មក និង​លើកឡើង​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ ជាពិសេស​កំណត់​គោលនយោបាយ ទៅមុខទៀត​។ 
 
​សូមបញ្ជាក់ថា សន្និបាត​របស់​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា តែង​ធ្វើឡើង​២​ដង ក្នុង​១​ឆ្នាំ​៕ 

Tag:
 ​ហ៊ុន សែន​
  CPP
  ឈឹម ផល​រុណ​
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com