ជាតិ
២៥ខេត្ត/រាជធានី
សេដាក ប្រមូលកសិករឆ្នើមជាង ១០០នាក់ ចែករំលែកបទពិសោធដាំដុះ និងភាពជោគជ័យ ក្នុងសិក្ខាសាលា
18, Dec 2018 , 3:59 pm        
រូបភាព
ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា (អង្គការសេដាក) បានរៀបចំសិក្ខាសាលាធំមួយ ស្ដីពី «ពង្រឹងភាពជាអ្នកដឹកនាំរបស់កសិករក្នុងការអភិវឌ្ឍសហគមន៍»។ សិក្ខាសាលានេះ មានកសិករជោគជ័យចូលរួមជាង ១០០នាក់ ដែលមកពីខេត្តចំនួន ១៣។ សិក្ខាសាលានេះ ប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ធ្នូនេះ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។


 
សិក្ខាសាលា «ពង្រឹងភាពជាអ្នកដឹកនាំរបស់កសិករក្នុងការអភិវឌ្ឍសហគមន៍» នេះ មានគោលបំណងបង្កើនចំណេះដឹងដល់មេដឹកនាំកសិករលើស្ដង់ដារកសិកម្មសរីរាង្គសេដាក, ការដឹកនាំសហគមន៍ប្រកបដោយចរីភាព, ការរៀបចំផែនការបង្កើតសហព័ន្ធសមាគមកសិករផលិតកសិផល និងធ្វើបច្ចុប្បន្នភាពទិន្នន័យភាពរីកចម្រើន និងចែករំលែកបទពិសោធរបស់សមាគមនៅតាមខេត្តនីមួយៗ។ 



លោកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាក បានលើកឡើងថា សិក្ខាសាលានេះ នឹងរៀបចំក្រុមកសិករផលិតនៅតាមខេត្ត ជាពិសេសជំរុញការសន្សំប្រាក់របស់កសិករ។ នាយិកាអង្គការសេដាករូបនេះ សង្ឃឹមថា កសិករទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីៗពីកសិករដទៃនៅតាមបណ្ដាខេត្តនានា ពីបច្ចេកទេសក្នុងការដាំដុះ រួមទាំងលទ្ធផលជោគជ័យផ្សេងៗ។ 
  


តាមរយៈសិក្ខាសាលានេះផងដែរ លោក ដុំ ដន កសិករឆ្នើមដែលដាំដំណាំស្រូវសរីរាង្គនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  រំពឹងថានឹងទទួលបានបទពិសោធន៍ថ្មីៗទៅចែកចាយដល់សមាជិកជាកសិករសរីរាង្គនៅតំបន់ដទៃ។ កសិករឆ្នើមមកពីខេត្តកំពង់ស្ពឺរូបនេះ បន្តថា ក្នុងសិក្ខាសាលានេះ កសិករម្នាក់សុទ្ធតែមានបទពិសោធពិសេសៗរៀងៗខ្លួនដែលទាក់ទងនឹងការដាំដុះ និងចិញ្ចឹមសត្វផ្សេងៗ។
  


នាយិកាអង្គការសេដាក លោកស្រី តុង ចាន់ធាង​ ក៏បានជំរុញដល់កសិករទាំងអស់ ឲ្យបង្កើតកសិដ្ឋានផ្សាភ្ជាប់នឹងទេសចរណ៍ដែលអាចបង្កើនប្រាក់ចំណេញបន្ថែម។ សម្រាប់កសិករឆ្នើមដែលចូលរួមសិក្ខាសាលានេះ មកពីតាមបណ្ដាខេត្តមួយចំនួនរួមមាន ខេត្តកំពត, តាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កោះកុង, មណ្ឌលគិរី, រតនគិរី, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង និងខេត្តក្រចេះ។ 



សូមបញ្ជាក់ថា អង្គការសេដាក បង្កើតឡើងនៅឆ្នាំ ១៩៩៧ ដើម្បីកសាងសង្គមកម្ពុជាមួយដែលធ្វើឲ្យគ្រួសារកសិករមានជីវភាពធូរធារ។ បច្ចុប្បន្ន សេដាក កំពុងធ្វើការជាមួយក្រុមកសិករផលិតកសិផលសរីរាង្គប្រមាណ ៣ពាន់គ្រួសារ និងសមាគមកសិករជាង ២០០ក្រុម៕









Tag:
 សេដាក
  កសិករ
  កសិកម្ម
  សិក្ខាសាលា
© រក្សាសិទ្ធិដោយ thmeythmey.com